ជាតិ
បទវិភាគ
សង្គមជាតិ
ដំណោះស្រាយ​នៃ​ការកកស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​…
12, Mar 2017 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
លិ​ខិ​មិត្ត​អ្នកអាន ណា​ង សំណេរ អ្នក​ភ្នំពេញ 

​ខ្ញុំ​ជា​អ្នកទីក្រុង​តាំងពី​ក្រោយ​ការដួលរលំ​នៃ​របប​ប៉ុលពត​។ ខ្ញុំ​និយាយថា ខ្ញុំ​ជា​អ្នកទីក្រុង​នេះ មិនមែន​មានន័យថា ខ្ញុំ​អួត​ប្រាប់​គេឯង​ថា ខ្ញុំ​ជា​អ្នកទីក្រុង​នោះទេ​។ តែ​អ្វីដែល​ខ្ញុំ​ចង់​និយាយ​នៅពេលនេះ គឺ​ទាក់ទង​ទៅនឹង​ការសង្កេត​របស់ខ្ញុំ​ចំពោះ​ស្ថានភាព​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​តាំងពី​ខ្ញុំ​មករ​ស់​ទីក្រុង​ភ្នំពេញ​តាំងពី​ឆ្នាំ​១៩៨០​ដោយ​ប្រៀបធៀប​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​នាពេល​បច្ចុប្បន្ននេះ​។

 
​មិនចាំបាច់​និយាយ​បក​ក្រោយ​រហូតដល់​ឆ្នាំ​១៩៨០​ឡើយ​។ គ្រាន់តែ​គិត​ត្រឹម​ឆ្នាំ​២០០០​មក ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​ក៏​មិនទាន់​ស្មុគស្មាញ​ខ្លាំង​ណាស់ណា​ប៉ុន្មាន​ឡើយ​។ លំបាក ហើយ​ស្មុគស្មាញ និង​វេទនា​ដោះស្រាយ​នោះ គឺ​វា​ទើប​កើតឡើង​ប្រហែលជា​៤ ឬ​៥​ឆ្នាំ​ចុង​ក្រោយនេះ​ទេ​។ 
 
​ការកកស្ទះ​ចរាចរណ៍​នាពេល​បច្ចុប្បន្ននេះ បណ្តាលមកពី​កត្តា​មួយចំនួន ក្នុងនោះ មាន​៖ កំណើន​ពលរដ្ឋ​នៅក្នុង​ទីក្រុង​ភ្នំពេញ​, កំណើន​យានជំនិះ​, ការបើកបរ​មិន​គោរព​ច្បាប់​, ផ្លូវលំ​មួយចំនួន​នៅ​ទីក្រុង​ត្រូវ​បន្ត​ខ្ទប់​ដោយ​សំណង់​ខុសច្បាប់​, ផ្លូវលំ​មួយចំនួន​នៅមាន​គ្រលុក​, ការចត​រថយន្ត​ពេញ​គែម​ផ្លូវ​។​ល​។ 
 
​តើ​ម៉ោង​ណា​ជា​ម៉ោង​ដែល​ស្ទះចរាចរណ៍​ខ្លាំង​បំផុត​? 
 
​តាម​ការសង្កេត​របស់​ខ្ញុំ ម៉ោង​ដែល​កកស្ទះ​ខ្លាំងជាងគេ​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ គឺ​ម៉ោង​៧​ព្រឹក ម៉ោងជាង​១១ ថ្ងៃត្រង់ និង​ក្នុង​រង្វង់​ម៉ោង ៥​ល្ងាច​។ មូលហេតុ គឺ​ដោយសារ អ្នករាជការ​, អ្នកធ្វើការ​ក្រុមហ៊ុន​, អ្នករកស៊ី​ចេញពី​ផ្សារ និង កូនសិស្ស​-​និ​សិ​ត្ស​ចេញពី​សាលា​។ ចំណែក​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​វិញ ពេលព្រឹក និង​ពេល​ថ្ងៃ មិនសូវ​កកស្ទះ​ទេ​។ រីឯ​ពេល​ល្ងាច​នៅ​ស្ទះ​ដដែល តែ​ចាប់ពី​ម៉ោង​៦​ល្ងាច​តទៅ ពីព្រោះ វា​ជា​ពេលវេលា​ដែល​អ្នកក្រុង​ភ្នំពេញ​ចេញពីផ្ទះ​ដើម្បី​ធ្វើដំណើរ​ក​ម្តា​ន្ត​។ 
 
​តើ​អ្វី​ទៅជា​ផល​លំបាក​នៃ​ការកកស្ទះ​ចរាចរណ៍​? 
 
​តួលេខ​មួយចំនួន​ប៉ាន់​ស្មានថា កម្ពុជា​ត្រូវ​ចំណាយលុយ​អស់​ច្រើន​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដោយសារតែ​ការចំណាយ​លើ​ថ្លៃ​សាំង​។ នេះ គេ​នៅ​មិនទាន់​គិតពី​ការ​ខាត​ពេលវេលា​ផង ហើយ​ពេលវេលា បើ​គិត​ជា​ប្រាក់​វិញ ក៏​មិនតិច​ដែរ​។ អ្នកខ្លះ​ស្ថិតនៅលើ​ដងផ្លូវ​ពី​៤​ទៅ​ម៉ោង​ក្នុង​មួយថ្ងៃ​ដោយសារ​កកស្ទះ​ច​រារ​ចរណ៍ រីឯ ម៉ោង​ធ្វើការ​មានតែ​៨​ម៉ោង​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​។ ការកកស្ទះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា និង​ប្រាក់កាស​ប៉ុណ្ណោះ​ទេ​។ តែ​ក​ការកកស្ទះ​នេះ បើតាម​ខ្ញុំ​ធ្លាប់​លឺ​អ្នកជំនាញ​និយាយ គឺ​វា​បង្ក​ឲ្យ​កើត​ជំងឺផ្លូវចិត្ត​ថែមទៀត​ផង​។ 
 
​តើ​អ្វី​ទៅជា​ដំណោះស្រាយ​? 
 
​ខ្ញុំ​ពុំមាន​គំនិត​ច្រើន​ទេ ក្នុងការ​ដោះស្រាយ​រឿងនេះ​។ កន្លងមក រដ្ឋាភិបាល​បានដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​, ពង្រីក​ផ្លូវ​ក្រវ៉ាត់​ក្រុង​, សាងសង់​ស្ពាន​អាកាស​, ជួសជុល​ផ្លូវ​ក្នុង​ក្រុង​, និង​ចុង​ក្រោយនេះ រដ្ឋាភិបាល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​កប៉ាល់ទឹក​ដើម្បី​រំដោះ​ចរាចរណ៍​បន្ថែម​ទៀតផង​។ បើទោះបី​មាន​នយោបាយ​ខាងលើនេះ ក៏ដោយ ក៏​ស្ថានភាព​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​មិនទាន់​ធូរស្រាល​នៅឡើយ ទេ​។ បើតាម​យោបល់​ខ្ញុំ បន្ថែម​ពីលើ​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​, រដ្ឋាភិបាល គួរ​ចាប់ផ្តើម​បណ្តុះ​គំនិត​ឲ្យ​មនុស្ស​នាំគ្នា​ជិះ​កង់ ជិះ​ម៉ូតូ​ជំនួស​ឲ្យ​ការ​ជិះ​ឡានធំៗ​តែម្នាក់ឯង​។ ស្របពេល​ជាមួយគ្នា រដ្ឋាភិបាល​ត្រូវតែ​បង្កើន​សេវា​រថយន្តក្រុង​បន្ថែមទៀត​។ មធ្យោបាយ​មួយទៀត​ដែល​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ដែរនោះ  គឺ​ពិន័យ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ដែល​បង្ក​ការកកស្ទះ​ចរាចរណ៍​។ ម្យ៉ាងទៀត អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​ហាមឃាត់​ការចត​រថយន្ត​នៅតាម​គែម​ផ្លូវ​។ នៅក្នុង​ប្រទេស​មួយចំនួន អ្នកបើកបរ​មិនអាច​ចត​រថយន្ត​នៅលើ​គែម​ផ្លូវ​មួយថ្ងៃ​ពេញ​បានទេ​។ បើ​ចត​ត្រូវតែ​បង់លុយ​។ 
 
​លើសពីនេះទៅទៀត ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ខ្លាំងពេក  នៅក្នុង​ប្រទេស​ខ្លះ គេ​បង្កើត​ច្បាប់​ហាមឃាត់​ពលរដ្ឋ​កុំ​ឲ្យ​ប្រើប្រាស់​រថយន្ត​មួយថ្ងៃ​ក្នុង​មួយ​សប្តាហ៍​សម្រាប់​មនុស្ស​មា្ន​ក់​ដែលមាន​រថយន្ត​។ តើ​គេ​អាចធ្វើ​បាន​ឬទេ​នៅ​កម្ពុជា​? តើ​គេ​អាច​ជំរុញ​ការ​ជិះ​កង់ និង​ម៉ូតូ​បាន​ឬទេ​? នេះ គឺជា​សំណួរ​ដែល​អ្នក​ទាំងអស់​គ្នា​ត្រូវ​ពិចារណា ពោលគឺ​មិនត្រូវ​ទុក​ឲ្យ​ខ្ញុំ​គិតតែ​ម្នាក់​នោះទេ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com