សង្គមជាតិ
ស្ករត្នោត​បន្ទាយស្រី​៖ ភ្ញៀវទេសចរ​មិនដែល​មើលរំលង​
12, Mar 2017 , 3:18 pm        
រូបភាព
សៀមរាប​៖ ស្ករត្នោត​ស្រុក​បន្ទាយស្រី មានឈ្មោះ​ថា​ជា​ស្ករ​ដែល​ឆ្ងាញ់​ប្រចាំខេត្ត​សៀមរាប​។ ដោយសារ​ជា​តំបន់​ទេសចរណ៍​ស្រាប់  ដូច្នោះ​ហើយ​មាន​អ្នកដំណើរ ពិសេស​ភ្ញៀវទេសចរ​ជាច្រើន​ដែល​ត្រឡប់​មកពី​ទស្សនា​ប្រាសាទបន្ទាយស្រី​នោះ  តែង​ចុះ​ជាវ ស្ករត្នោត ដែល​អ្នកស្រុក​ចម្អិន​នៅតាម​រោង​លក់​របស់​ពួកគេ​។​

 
​ដើម្បី​ទាក់ទាញ អ្នកលក់​ស្ករត្នោត​តែង​រៀបចំ​ខ្ទះ​ចម្អិន​ស្ករ នៅតាម​រោង​លក់​របស់​ពួកគេ​។ ធ្វើ​ដូច្នោះ ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​បានដឹង​ពី​របៀប​ការធ្វើ​ស្ករត្នោត ដែលជា​ប្រពៃណី​មួយ​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ​។​
 
​បើតាម​អ្នកលក់​ស្ករ​មួយរូប លោកស្រី តិ បាន​ពន្យល់ថា ចូលមក​ដល់​ខែ មីនា​នេះ ទឹកត្នោត​ចាប់ផ្តើម​ស្បើយ​ទៅវិញ​ហើយ​។ ខែ​ដែល​សម្បូរ​ទឹកត្នោត​ច្រើន គឺ​ក្នុងអំឡុង​ខែធ្នូ និង​ខែមករា​។ សម្រាប់​លោកស្រី តិ ដែលមាន​ដើមត្នោត​តែ​២​ដើម គឺ​ក្នុង​មួយថ្ងៃ គាត់​អាច​ផលិត​ស្ករត្នោត​បាន​ត្រឹម​៣​គីឡូក្រាម​។ លោកស្រី​បន្តថា មុខរបរ​នេះ​ជា​អាជីព​ប្រចាំ​គ្រួសារ​របស់​អ្នកស្រុក​បន្ទាយស្រី ហើយ​ដែល​អាច​និយាយបានថា ជា​មុខរបរ​ដែល​ពិបាក​ផងដែរ​។​
 
​សម្រាប់​ស្ករត្នោត​ក្នុង​មួយ​គីឡូ​មានតម្លៃ​ពី ៤​ពាន់​រៀល​ទៅ​៥​ពាន់​រៀល​។  ភ្ញៀវទេសចរ​អាច​ទិញ​ជា​ស្ករផែន ស្ករ​ជ្រាយ ឫ​ស្ករត្នោត​ដែល​គេ​កិន​ល្អិតៗ​ដូច​ម្សៅ ងាយស្រួល​ក្នុងការ​ឆុង​ជាមួយ​កាហ្វេ ឫ​តែ​ជាដើម​។​ល​៕ 
 
​ខាងក្រោម​នេះ​ជា​រូបភាព​ខ្លះៗ ដែល​គេ​ផលិត​ស្ករ ការដាក់​លក់ ក៏ដូចជា​ផ្លែ​ត្នោត ដែលមាន​រសជាតិ​ឆ្ញា​ញ់​។ សូម​អញ្ជើញ ទស្សនា​
 





























Tag:
 ​ស្ករត្នោត​
  បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com