កីឡាជាតិ
ជាតិ
AFC Cup៖ បឹងកេត​ស្វាគមន៍ Magwe របស់​មី​យ៉ាន់​ម៉ា​នៅ​ម៉ោង​៦​ល្ងាច​នេះ
14, Mar 2017 , 2:33 pm        
រូបភាព

​បឹងកេត ប្រើប្រាស់​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដើម្បី​ស្វាគមន៍​ក្រុម​មី​យ៉ាន់​ម៉ា Magwe នា​វេលា​ម៉ោង​៦​ល្ងាច​នេះ សម្រាប់​ការប្រកួត​ក្នុង​ពូ​ល F នៃ​ពានរង្វាន់ AFC Cup ឆ្នាំ​២០១៧ ខណៈ​ពីរ​ប្រកួត​កន្លងមក បឹងកេត​មិនទាន់​រកបាន​ពិន្ទុ​ក្នុង​ដៃ​ឡើយ ស្រប​ពេលដែល Magwe មាន​១​ពិន្ទុ​។​



​មុន​ជំនួប​រវាង​ក្រុម​បឹងកេត និង​ក្រុម Magwe របស់​មី​យ៉ាន់​ម៉ា​ក្នុង​ពានរង្វាន់ AFC Cup 2017 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ល្ងាច​នេះ គ្រូបង្វឹក​ក្រុម​បឹងកេត​អង្គ​រលោក John Mcglynn បាន​សរសើរ​ខ្សែប្រយុទ្ធ Magwe ថា​ជា​កីឡាករ​ល្អ និង​មាន​ល្បឿន​លឿន​ថែមទៀត​។ តែ​យ៉ាងណាក៏ដោយ​គ្រូបង្វឹក​រូបនេះ មានជំនឿថា​នឹង​រក​ខ្សែការពារ​រឹងមាំ​ដើម្បី​ជា​រនាំង​ទប់ទល់​ផងដែរ​។​

​លោកគ្រូ​បង្វឹក​សញ្ជាតិ​អូស្ត្រាលី​រូបនេះ បាន​លើកឡើងថា​៖«​ជាការ​ពិត​ដែល​ខ្ញុំ​បាន​សង្កេតមើល​ការលេង​ប្រកួត​មុនៗ​របស់ Magwe នេះ ហើយ​យើង​ឃើញថា​ខ្សែការពារ​របស់​ពួកគេ​ដូចជា​រនាំង​ដ៏​រឹងមាំ​មួយ​ដែល​យើង​ត្រូវ​ពិចារណា​ថា​ត្រូវធ្វើ​យ៉ាងម៉េច​។ មួយវិញទៀត​ដូចជា កីឡាករ Sylla Sekou ខ្សែប្រយុទ្ធ Magwe គឺជា​កីឡាករ​ម្នាក់​ដែល​ល្អ និង​មាន​ល្បឿនលឿន​ថែមទៀត ដែល​យើង​កំពុងតែ​រក​កុងតឺន័រ (​ខ្សែការពារ​) ដើម្បី​ទប់​គាត់​ផងដែរ​»​។​

​ពីរ​ប្រកួត​កន្លងមក បឹងកេត មិនទាន់​រកបាន​ពិន្ទុ​នៅឡើយ​ទេ ដោយ​ចាញ់​ក្រុម Johor Darul Ta’zim​របស់​ម៉ាឡេស៊ី ៣-០ នៅ​ថ្ងៃ​បើកឆាក និង​ចាញ់​ក្រុម Global FC របស់​ហ្វីលីពីន ២-០ ក្នុង​ជើង​ទី​២​នៅ​ទឹកដី​របស់ខ្លួន​។ រីឯ​ក្រុម Magwe វិញ ពួកគេ​បាន​ចាញ់ Global FC ១-០ នៅ​ថ្ងៃ​បើកឆាក មុននឹង​ស្មើ ១-១ ជាមួយ Johor Darul Ta’zim៕


Tag:
 បាល់ទាត់​
  បឹងកេត​
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com