ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលគ្រោងថវិកា២លានដុល្លារ សង់មជ្ឈមណ្ឌលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី រូបភាពពីហ្វេសប៊ុកលោក ប៉ា សុជាតិវង្ស
× រដ្ឋាភិបាល កំពុងសាងសង់អគារមជ្ឈមណ្ឌលទទួលថែទាំ និងព្យាបាល ជនវិបល្លាសស្មារតី (ជនវិកលចរិក) នៅក្នុងភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សាលារាជធានីភ្នំពេញ គ្រោងបញ្ជូនជនវិបល្លាសស្មារតីប្រមាណ១៨០នាក់ ដែលកំពុងរស់នៅមណ្ឌលព្រៃស្ពឺ ឲ្យទៅព្យាបាលនៅមជ្ឈមណ្ឌលនេះដែរ ខណៈក្រសួងសង្គមកិច្ច បញ្ជាក់ថា ក្រសួងនឹងទទួលព្យាបាលជនវិបល្លាសស្មារតី តាមលទ្ធភាពដែលមជ្ឈមណ្ឌលនេះអាចផ្ទុកបាន។
អគារមជ្ឈមណ្ឌលទទួលថែទាំ អគារមជ្ឈមណ្ឌលទទួលថែទាំ និងព្យាបាល ជនវិបល្លាសស្មារតី (ជនវិកលចរិក) បានចាប់ផ្តើមសាងសង់ហើយ នៅថ្ងៃទី១១ ខែមីនា។ អគារមជ្ឈមណ្ឌលនេះ ស្ថិតនៅភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សាលារាជធានីភ្នំពេញ គ្រោងបញ្ជូនជនវិបល្លាសស្មារតីប្រមាណ១៨០នាក់ ដែលកំពុងរស់នៅមណ្ឌលព្រៃស្ពឺ ឲ្យទៅព្យាបាលនៅមជ្ឈមណ្ឌលនេះដែរ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានភ្នំពេញ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថាដូច្នេះថា៖យើងគ្រោងស្នើសុំបញ្ជូនជនវិល្លាសស្មារតី ប្រមាណ១៨០នាក់ ដែលកំពុងរស់នៅឡូកឡំជាមួយអ្នកសុំទាន ជនអនាថា នៅក្នុងមណ្ឌលព្រៃស្ពឺ ឲ្យទៅព្យាលបាលនៅមជ្ឈមណ្ឌលនេះដែរ នៅពេលវាបើកដំណើរការ»។
មណ្ឌលព្រៃស្ពឺ ជាកន្លែងបណ្តុះបណ្តាល និងអប់រំដល់អ្នកគ្មានផ្ទះសម្បែង អ្នកសុំទាន អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកបម្រើសេវាកម្សាន្ត ដែលត្រូវបាននគរបាល ចាប់ប្រមូលបញ្ជូនទៅរស់នៅមណ្ឌលនេះ។ មណ្ឌលព្រៃស្ពឺនេះ ធ្លាប់រងការរិះគន់ ពីការប្រើអំពើហិង្សា និងការរំលោភបំពានសិទ្ធិ និងផ្លូវភេទជាដើម ដល់អ្នកដែលរស់នៅក្នុងមណ្ឌលនេះ។
បើតាមការប៉ានស្មានរបស់ លោក ម៉េត មាសភក្តី មជ្ឈមណ្ឌលនេះអាចទទួលមនុស្សឲ្យស្នាក់នៅ ព្យាបាលបានប្រមាណ៣០០នាក់ និងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា។
លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា រដ្ឋាភិបាលបានគ្រោងទឹកប្រាក់ចំនួន ៨ពាន់លានរៀល ស្មើនឹង២លានដុល្លារអាមេរិកលើការសាងសង់ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០១៩ ។
ក្រសួងសង្គមកិច្ច មិនទាន់កំណត់ថាតើ ជនវិបល្លាសស្មារតីប៉ុន្មាននាក់ នឹងទទួលឲ្យស្នាក់នៅ ព្យាបាលនៅក្នុងមជ្ឈមណ្ឌលនេះនោះទេ។ លោក លោក ឯម ច័ន្ទមករា បញ្ជាក់ដូច្នេះថា៖ «យើងមិនមានការកំណត់ចំនួនទេ គឺក្រោយពេលដែលមជ្ឈមណ្ឌលបើកដំណើរការ យើងបើកទទួល។ ប៉ុន្តែអគារនេះមាន១០បន្ទប់ ដាក់មនុស្សបានប៉ុន្មាននាក់ យើងទទួលប៉ុណ្ណឹង»។
យ៉ាងណាក៏ដោយ ក្រសួងសង្គមកិច្ច មិនទាន់មានតួលេខនៃជនវិល្លាសស្មារតីនៅឡើយ ខណៈអ្នកនាំពាក្យ អះអាងថា ក្រសួងបាន និងកំពុងសិក្សាស្រាវជ្រាវ ដើម្បីប្រមូលទិន្នន័យនេះ និងរំពឹងថា នឹងមានតួលេខជាក់លាក់មួយ ក្រោយមជ្ឈមណ្ឌលនេះសាងសង់រួចរាល់៕
© រក្សាសិទ្ធិដោយ thmeythmey.com