កីឡាជាតិ
ជាតិ
បៀវត្សរ៍​ប្រចាំឆ្នាំ​៖ គ្រូ​ជម្រើសជាតិ​បាន​ជាង​១៤​ម៉ឺន​ដុល្លារ គ្រូ U15 បាន​១២​ម៉ឺន​ដុល្លារ​អាមេរិក
15, Mar 2017 , 11:17 am         47042
រូបភាព
លោក Leonardo Vitorino (ឆ្វេង) គ្រូបង្វឹក​ថ្មី និង​លោក Lee Tae Hoon ដែល​ទៅ​ដឹកនាំយុវជន U15។ រូបថត ហ្វេសប៊ុក FFC
លោក Leonardo Vitorino (ឆ្វេង) គ្រូបង្វឹក​ថ្មី និង​លោក Lee Tae Hoon ដែល​ទៅ​ដឹកនាំយុវជន U15។ រូបថត ហ្វេសប៊ុក FFC
ដោយ: រួបរួម
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានចេញ​ផ្សាយ​របាយការណ៍​ចំណាយ​ឆ្នាំ​២០១៦ និង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០១៧ នា​មហាសន្និបាត​នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែមីនា​។ ប្រាក់បៀវត្សរ៍​គ្រូបង្វឹក​ក្រុម​ជម្រើស​ចាស់ និង​ថ្មី ក៏មាន​នៅក្នុង​របាយការណ៍​ផងដែរ​។​


​គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoon បាន​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ចំនួន​៦​ម៉ឺន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​២០១៦ ខណៈ​កាលពី​ឆ្នាំ​២០១៥ លោក​ទទួលបាន​ចំនួន ៤៨ ១០០​ដុល្លារ​អាមេរិក​។ នេះ​បើតាម​របាយការណ៍​រប​ស់ FFC​។

​លោក Lee វ័យ​៥៥​ឆ្នាំ បាន​ដឹកនាំ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក៏ដូចជា​ឈុត U-23 ចំនួន​២​លើក គឺ​ចន្លោះ​ពី​ខែសីហា ឆ្នាំ​២០១០ ដល់​ខែឧសភា ឆ្នាំ​២០១២ និង​ពី​ខែកញ្ញា ឆ្នាំ​២០១៣ ដល់​ខែមីនា ឆ្នាំ​២០១៧ ។ ទោះបីជា​កម្ពុជា​មិន​ទទួលបាន​ពានរង្វាន់​ណាមួយ​ពី​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ​ក៏ដោយ ប៉ុន្តែ​លោក Lee បាន​សាង​កំណត់ត្រា​វិជ្ជមាន​ជាច្រើន​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា​។​

​កាលពីដើម​ខែមីនា កន្លងទៅនេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​វត្តមាន​គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Leonardo Vitorino អាយុ​៤៤​ឆ្នាំ ដែល​ត្រូវ​ជំនួស​តំណែង​លោក Lee ក្នុងការ​ដឹកនាំ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​។ តាម​គម្រោង​ចំណាយ​ឆ្នាំ​២០១៧​របស់​សហព័ន្ធ លោក Leonardo ត្រូវ​ទទួលបាន​បៀវត្សរ៍​ប្រចាំឆ្នាំ​ចំនួន ១៤៤ ០០០​ដុល្លារ​អាមេរិក​។

​បន្ថែម​ពីលើ​នេះ FFC ក៏​រ៉ាប់រង​ចំណាយ​លើ​ការជួល​ផ្ទះ​របស់​គ្រូ​ជម្រើសជាតិ​ផងដែរ ដោយមាន​ចំនួន ២៤០០០​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​។ សម្រាប់​បៀវត្សរ៍​គ្រូ​ជំនួយ​ជម្រើសជាតិ FFC ត្រូវ​ចំណាយ​អស់ ១០ ៨០០​ដុល្លារ​អាមេរិក​។  លោក Leonardo មាន​ជំនួយការ​ប្រេ​ស៊ី​ល​២​នាក់ ខ្មែរ​៣​នាក់ និង​គ្រូពេទ្យ​២​នាក់ ប៉ុន្តែ​មិនមាន​ការ​អះអាងថា ការចំណាយ​នេះ​ផ្តោតលើ​គ្រូ​ជំនួយ​ទាំងអស់ ឬ​ត្រឹមតែ​ជំនួយការ​ជនជាតិ​ប្រេ​ស៊ី​ល​នោះឡើយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក Lee Tae Hoon ក៏​មិន​ចាក​ចេញពី​ពិភព​បាល់ទាត់​នៅ​កម្ពុជា​នោះដែរ ដោយ​លោក​ត្រូវបានតែងតាំង​ជា​គ្រូ​បង្គោល​ថ្មី​របស់​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៥​ឆ្នាំ​។ បើតាម​ផែនការ​ចំណាយ​របស់ FFC គ្រូ​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ បាន​បៀវត្សរ៍​ប្រចាំឆ្នាំ​ចំនួន ១២០ ០០០​ដុល្លារ​អាមេរិក​៕

Tag:
 បាល់ទាត់​
  FFC
  ជម្រើសជាតិ​
  Lee Tae Hoon
  Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1819next