កីឡាជាតិ
ជាតិ
បៀវត្សរ៍ប្រចាំឆ្នាំ៖ គ្រូជម្រើសជាតិបានជាង១៤ម៉ឺនដុល្លារ គ្រូ U15 បាន១២ម៉ឺនដុល្លារអាមេរិក លោក Leonardo Vitorino (ឆ្វេង) គ្រូបង្វឹកថ្មី និងលោក Lee Tae Hoon ដែលទៅដឹកនាំយុវជន U15។ រូបថត ហ្វេសប៊ុក FFC
× សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញផ្សាយរបាយការណ៍ចំណាយឆ្នាំ២០១៦ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧ នាមហាសន្និបាតនៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា។ ប្រាក់បៀវត្សរ៍គ្រូបង្វឹកក្រុមជម្រើសចាស់ និងថ្មី ក៏មាននៅក្នុងរបាយការណ៍ផងដែរ។
គ្រូបង្វឹកកូរ៉េខាងត្បូង លោក Lee Tae Hoon បានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន៦ម៉ឺនដុល្លារអាមេរិកកាលពីឆ្នាំ២០១៦ ខណៈកាលពីឆ្នាំ២០១៥ លោកទទួលបានចំនួន ៤៨ ១០០ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ FFC។
លោក Lee វ័យ៥៥ឆ្នាំ បានដឹកនាំក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ក៏ដូចជាឈុត U-23 ចំនួន២លើក គឺចន្លោះពីខែសីហា ឆ្នាំ២០១០ ដល់ខែឧសភា ឆ្នាំ២០១២ និងពីខែកញ្ញា ឆ្នាំ២០១៣ ដល់ខែមីនា ឆ្នាំ២០១៧ ។ ទោះបីជាកម្ពុជាមិនទទួលបានពានរង្វាន់ណាមួយពីព្រឹត្តិការណ៍លំដាប់អន្តរជាតិក៏ដោយ ប៉ុន្តែលោក Lee បានសាងកំណត់ត្រាវិជ្ជមានជាច្រើនក្នុងវិស័យបាល់ទាត់កម្ពុជា។
កាលពីដើមខែមីនា កន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញវត្តមានគ្រូបង្វឹកប្រេស៊ីល លោក Leonardo Vitorino អាយុ៤៤ឆ្នាំ ដែលត្រូវជំនួសតំណែងលោក Lee ក្នុងការដឹកនាំក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា។ តាមគម្រោងចំណាយឆ្នាំ២០១៧របស់សហព័ន្ធ លោក Leonardo ត្រូវទទួលបានបៀវត្សរ៍ប្រចាំឆ្នាំចំនួន ១៤៤ ០០០ដុល្លារអាមេរិក។
បន្ថែមពីលើនេះ FFC ក៏រ៉ាប់រងចំណាយលើការជួលផ្ទះរបស់គ្រូជម្រើសជាតិផងដែរ ដោយមានចំនួន ២៤០០០ដុល្លារអាមេរិកក្នុង១ឆ្នាំ។ សម្រាប់បៀវត្សរ៍គ្រូជំនួយជម្រើសជាតិ FFC ត្រូវចំណាយអស់ ១០ ៨០០ដុល្លារអាមេរិក។ លោក Leonardo មានជំនួយការប្រេស៊ីល២នាក់ ខ្មែរ៣នាក់ និងគ្រូពេទ្យ២នាក់ ប៉ុន្តែមិនមានការអះអាងថា ការចំណាយនេះផ្តោតលើគ្រូជំនួយទាំងអស់ ឬត្រឹមតែជំនួយការជនជាតិប្រេស៊ីលនោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Lee Tae Hoon ក៏មិនចាកចេញពីពិភពបាល់ទាត់នៅកម្ពុជានោះដែរ ដោយលោកត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៥ឆ្នាំ។ បើតាមផែនការចំណាយរបស់ FFC គ្រូជម្រើសជាតិអាយុក្រោម១៥ឆ្នាំ បានបៀវត្សរ៍ប្រចាំឆ្នាំចំនួន ១២០ ០០០ដុល្លារអាមេរិក៕
Tag:
បាល់ទាត់
FFC
ជម្រើសជាតិ
Lee Tae Hoon
Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com