កីឡាអន្តរជាតិ
អន្តរជាតិ
Michael Essien អតីត​ខ្សែបម្រើ​ក្លិប Chelsea ទៅលេង​ឲ្យ​ក្លិប​ឥណ្ឌូនេស៊ី Persib Bandung
15, Mar 2017 , 3:35 pm        
រូបភាព
​អតីត​ខ្សែបម្រើ​ក្រុម​តោ​ខៀវ Chelsea កីឡាករ Michael Essien បាន​ចុះ​កិច្ចព្រមព្រៀង​ទៅលេង​ឲ្យ​ក្រុម​នៅ​លី​ក​កំពូល​ឥណ្ឌូនេស៊ី Persib Bandung ដោយ​ចុះកិច្ចសន្យា​រយៈពេល​មួយឆ្នាំ​។​



​ក្លិប​កំពូល​នៃ​ក្របខណ្ឌ Liga 1 របស់​ឥណ្ឌូណេស៊ី Persib Bandung បាន​ចុះហត្ថលេខា​នាំយក​កីឡាករ Michael Essien អតីត​ខ្សែបម្រើ​ឆ្នើម​របស់ Chelsea និង Real Madrid មកជួយ​ក្រុម​ក្នុង​កិច្ចសន្យា​រយៈពេល​មួយឆ្នាំ​។​



​ក្រោយ​ចុះ​កិច្ចព្រមព្រៀង​នេះ Essien បាន​ប្រាប់​គេហទំព័រ​របស់​ក្លិប Persib Bandung ថា​៖«​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​ធ្វើជា​ស្ពាន​ចម្លង​ដើម្បី​នាំ​កីឡាករ​ល្បីៗ​លើ​ពិភពលោក​ឲ្យ​ផ្លាស់​ទៅលេង​នៅ​ឥណ្ឌូនេស៊ី​ដែរ​។ ហើយ​ខ្ញុំ​សង្ឃឹមថា​នេះ​គឺជា​ការចាប់ផ្តើម​ល្អ​សម្រាប់​កីឡាបាល់ទាត់​ឥណ្ឌូនេស៊ី និង​ក្លិប​Persib ផងដែរ​។ សូម​អរគុណ ដែល​នាំ​ខ្ញុំ​មក​ទីនេះ ហើយ​ខ្ញុំ​ពិតជា​រំភើប​និង​ចង់​ផ្តល់​អ្វីដែល​ខ្ញុំ​មាន​ដល់​អ្នក​ទាំងអស់គ្នា​»​។​



​ខ្សែបម្រើ​សញ្ជាតិ​ហ្គា​ណា​វ័យ​៣៤​ឆ្នាំ ធ្លាប់​បង្ហាញខ្លួន​ឲ្យ​តោ​ខៀវ ២៥០​ប្រកួត ជួយ​ក្លិប​នេះ​ឈ្នះ​ពាន Premier League ២​ដង និង​ឈ្នះ​ពាន​កំពូល​របស់​អឺរ៉ុប Champions League ១​ដង មុនពេល​ផ្លាស់​ទៅលេង​ឲ្យ Real Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាលពី​រដូវ​កាល ២០១២-២០១៣​។ នៅ​ឆ្នាំ​២០១៤ Essien បាន​ផ្លាស់​ទៅលេង​ឲ្យ AC Milan នៅ​អ៊ីតាលី និង​ក្លិប​ចុងក្រោយ​បំផុត​គឺ Panathinaikos របស់​ក្រិ​ក​៕





Tag:
 បាល់ទាត់​
  ឥណ្ឌូនេស៊ី​
  Michael Essien
  Persib Bandung
© រក្សាសិទ្ធិដោយ thmeythmey.com