កីឡាអន្តរជាតិ
អន្តរជាតិ
យុវជន​ម្នាក់​សម្លាប់​មិត្តភក្តិ​ដែល​ឌឺដង​ក្រោយ PSG ចាញ់ Barcelona ៦-១
16, Mar 2017 , 7:59 am        
រូបភាព
ដោយ: ធីតា
​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ៦-១ របស់ Barcelona លើ PSG ក្នុងការ​ប្រកួត​ជើង​ទី​ពីរ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ Champions League នាំ​ឲ្យ​កើតមាន​រឿង​ជា​បន្តបន្ទាប់​ទាំង​ក្នុង និង​ក្រៅ​ទីលាន​។ នៅ​ក្រុង Libreville ប្រទេស​ហ្គា​បុ​ង បុរស​ម្នាក់​បានសម្លាប់​មិត្តភក្តិ​របស់ខ្លួន ដែល​គ្រាន់តែ​និយាយ​ចំអក​ទាក់ទង​នឹង​បរាជ័យ​របស់ PSG​។​



​អ្នកគាំទ្រ​ម្នាក់​របស់​ក្លិប​បារាំង Paris Saint Germain ឈ្មោះ Danny Angounou បាន​កាំបិត​ចាក់​សម្លាប់​មិត្តភក្តិ​របស់ខ្លួន ឈ្មោះ John Guenole Koibitsue ដែលជា​អ្នកគាំទ្រ​ក្លិប Barcelona​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Gaboneco.com ដោយ​បញ្ជាក់​ហេតុផល​ថា ជនល្មើស​អន់ចិត្ត​នឹង​ការ​សើចចំអក​ទាក់ទង​នឹង​បរាជ័យ​របស់ PSG​។​

​រឿងរ៉ាវ​សោកនាដកម្ម​បានកើត​ឡើង បន្ទាប់ពី​ការប្រកួត​រវាង Barcelona និង PSG នៅលើ​ទឹកដី Camp Nou​។ Danny Angounou ដែលមាន​រហស្សនាម​ថា «Two Colo» និង John Guenole ដែលមាន​រហស្សនាម​ថា «Meteo» បាន​ផឹកស៊ី និង​មើល​បាល់ទាត់​ជុំគ្នា​ជាមួយ​មិត្តភក្តិ​ដទៃទៀត​។

​បើតាម​ការអះអាង​រប​ស់ Danny មិត្តភក្តិ​របស់ខ្លួន​និយាយ​ឌឺដង​ឥតឈប់ឈរ ក្រោយ PSG បាន​ហាលអាវ​ពី Champions League ពីព្រោះថា ក្លិប​បារាំង​បាន​នាំមុខ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ដល់​ទៅ ៤-០ ទៅហើយ​នៅ​ជើង​ទីមួយ ប៉ុន្តែ​ភាព​ភ្ញាក់ផ្អើល​បានកើត​ឡើង​នៅក្នុង​កីឡាបាល់ទាត់ ដោយ​២​នាទីចុងក្រោយ បូក​នឹង​នាទី​បន្ថែម Neymar បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ និង Sergi Roberto បន្ថែម​១​គ្រាប់ ដែល​នាំ​ឲ្យ Barcelona ឈ្នះ ៦-១ នៅ​ទឹកដី Camp Nou​។ សរុប​ទាំងពីរ​ជើង Barcelona ឈ្នះ ៦-៥ ។​

Gaboneco.com បាន​ដកស្រង់​សម្តី​សាក្សី​ជាច្រើន​ថា បុរស​ទាំងពីរ​បាន​ឈ្លោះ​គ្នា​យ៉ាងខ្លាំង​នៅ​កន្លែង​ផឹកស៊ី ប៉ុន្តែ​មិត្តភក្តិ​នៅ​ទីនោះ នាំគ្នា​ឃាត់​។ Danny មាន​កំហឹង​យ៉ាងខ្លាំង ដោយ​គេ​បាន​យក​កាំបិត​តាម​ចាក់​សម្លាប់ John ដល់ផ្ទះ​។​

Danny បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ទង្វើ​របស់ខ្លួន ដោយបាន​អះអាងថា រូបគេ​ដំបូង​ឡើយ គ្រាន់តែ​ចង់​ព្រមាន​មិត្តភក្តិ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​បានធ្វើ​ជ្រុលដៃ​រហូតដល់ John ស្លាប់​។ ទាក់ទង​នឹង​ការ​ហាលអាវ​របស់ PSG ផងដែរ មន្ត្រី​ថ្នាក់ក្រុង​ម្នាក់​របស់​បារាំង ធ្លាប់បាន​សន្យា​ហូប​សត្វ​កណ្តុរ បើ​ក្លិប​បារាំង​សំណព្វ​របស់ខ្លួន​ហាលអាវ ប៉ុន្តែ​មកដល់ពេលនេះ លោក​មិនទាន់បាន​ធ្វើតាម​ការសន្យា​នោះឡើយ​៕


Tag:
 PSG
  Barcelona
  Champions League
  ហ្កា​បុ​ង
© រក្សាសិទ្ធិដោយ thmeythmey.com