ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច សុខ អាន ឥស្សរជន​កំពូល​ដែល​ដឹកនាំ​ទីស្តីការគណៈរដ្ឋមន្ត្រី​ជាង​២០​ឆ្នាំ​
16, Mar 2017 , 11:58 am        
រូបភាព
​សម្តេច សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៥ មីនា​នេះ ដោយ​រោគាពាធ នៅ​មន្ទី​ពេទ្យ​ក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ជន្មាយុ​៦៦​ឆ្នាំ​។ មរណភាព​របស់​ឥស្សរជន​ជាន់ខ្ពស់​រូបនេះ កើតឡើង​២​ថ្ងៃ ក្រោយ​ដែល​គាត់​ទទួលបាន​គោរមងារ​ជា «​សម្តេច​វិបុល​បញ្ញា​» ពី​ព្រះមហាក្សត្រ​។



​សម្តេច សុខ អាន ដែលជា​មន្ត្រីជាន់ខ្ពស់រ​បស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ដន្លង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កើត​នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​១៩៥០ នៅ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ​។ សម្តេច បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកស្រី ថេ​ង អាយ​អា​ន្នី ដោយមាន​កូន​៥​នាក់ ក្នុងនោះ មាន​លោកស្រី សុខ សូ​ម៉ា លោក សុខ ពុទ្ធិ​វុ​ធ (​កូនប្រសារ​សម្តេច ហ៊ុន សែន និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​) លោក សុខ សូ​កាន (​តំណាងរាស្ត្រ​មណ្ឌល​តាកែវ​) លោក សុខ សូកេន (​អនុប្រធាននាយកដ្ឋាន​គណៈកម្មាធិការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​) និង​លោក សុខ សង្វារ (​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​)​។​



​យោងតាម​ប្រវត្តិរូប​សង្ខេប​ដែល​ផ្សាយ​នៅលើ​គេហទំព័រ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី  សម្តេច សុខ អាន បានចាប់ផ្តើម​មុខងារ​ជា​សាស្ត្រាចារ្យ​នៃ​ក្រសួងអប់រំជាតិ នៅ​ខេត្តតាកែវ ចន្លោះ​ពី​ឆ្នាំ​១៩៦៨​ដល់​ឆ្នាំ​១៩៦៩ ហើយ​ក្លាយជា​នាយក​អនុវិទ្យាល័យ​ព្រះបាទ​ជាន់ជុំ ខេត្តតាកែវ ពី​ឆ្នាំ​១៩៦៩​ដល់​ឆ្នាំ​១៩៧០ មុនពេល​សម្តេច​ធ្វើជា​សាស្ត្រាចារ្យ​ទុតិយភូមិ​នៅ​ខេត្តសៀមរាប​ពី​ឆ្នាំ​១៩៧១​ដល់​ឆ្នាំ​១៩៧២ ។​

​ពី​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​១៩៨៣ សម្តេច សុខ អាន មាន​តួនាទី​ជា​ប្រធាន​មន្ទីរ​នៃ​ក្រសួងការបរទេស និង​ជា​លេខា​ផ្ទាល់​របស់​សម្តេច ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​។ នៅ​ឆ្នាំ​១៩៨២-៨៣ សម្តេច​មាន​តួនាទី​ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​សន្ដិភាព​ជាតិ​កម្ពុជា មុននឹង​ក្លាយ ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង ពេញ​សមត្ថភាព​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា ពី​ឆ្នាំ​១៩៨៣​ដល់​ឆ្នាំ​១៩៨៨ ។ ពី​ឆ្នាំ​១៩៨៨ ដល់​ឆ្នាំ​១៩៩១ ជា​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​យូណេស្កូ​កម្ពុជា​។



​នៅ​ឆ្នាំ​១៩៩១-៩៣   សម្តេច​ជា អគ្គលេខាធិការ ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ (SNC) តំណាង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ខុទ្ទកាល័យ​កណ្ដាល​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស គណបក្ស​ប្រជាជន អនុរដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​។

​ចាប់ពី​ឆ្នាំ​១៩៩៣​មក សម្តេច​កាន់កាប់​តំណែង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​ចន្លោះ​ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៨ ជា​សហរដ្ឋមន្ត្រី ជាមួយ​លោក វេ​ង សេរី​វុ​ឌ្ឍ ពី​ខាង​កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​ចាប់ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០១៧ សម្តេច សុខ អាន ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោម​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​តែម្នាក់ឯង ដោយ​ឡើង​ឋានៈ​ជា​ទេសរដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៩៨ និង​បន្ត​ឡើងជា​ឧបនាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០០៤​។​



​ចាប់តាំងពី​ការបោះឆ្នោត​អណ​ត្តិ​ទី​១​នៅ​ឆ្នាំ​១៩៩៣ សម្តេច សុខ អាន ជា​សមាជិក​រដ្ឋសភា​មណ្ឌល​ខេត្តតាកែវ ដែលជា​ទីកន្លែង​កំណើត​របស់ខ្លួន​។​
 
​ទាក់ទង​នឹង​កម្រិតវប្បធម៌ នៅ​ឆ្នាំ​១៩៦៧ សម្តេច​បាន​សញ្ញាបត្រ​មធ្យមសិក្សា​ប​ត្រ​ភាគ​ទី​២​មកពី​ប្រទេស​បារាំង​។ នៅ​ឆ្នាំ​១៩៧២ សម្តេច សុខ អាន ទទួលបាន​បរិញ្ញាបត្រ​ភូមិវិទ្យា ប្រវត្តិវិទ្យា និង​សង្គមវិទ្យា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សញ្ញាបត្រ​ផ្នែក​គរុវិជ្ជា​ជាន់ខ្ពស់​ពី​សាលា​គរុវិជ្ជា​ជាន់ខ្ពស់​ក្នុង​រាជធានី​ភ្នំពេញ​។ ពី​ឆ្នាំ​១៩៧៣​ដល់​ឆ្នាំ​១៩៧៥ សម្តេច​រៀន​នៅ​សាលា​ជាតិ​រដ្ឋបាល​ជាន់ខ្ពស់​ផ្នែក​ការទូត​។



​ជាមួយគ្នានេះ សម្តេច សុខ អាន ទទួលបាន​បណ្ឌិត​កិត្តិយស ជាច្រើន​ផងដែរ ក្នុងនោះ​នៅ​ឆ្នាំ​១៩៩៦ សម្តេច បាន​បណ្ឌិត​កិត្តិយស​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ Wesleyan College រដ្ឋ Iowa សហរដ្ឋអាមេរិក បណ្ឌិតសភា​ចា​រ្យ​រុស្ស៊ី​ផ្នែក​វិទ្យាសាស្ត្រ (​ឆ្នាំ​២០០២) បណ្ឌិត​កិត្តិយស​ផ្នែក​រដ្ឋបាល​សាធារណៈ​ពី​សាកលវិទ្យាល័យ Jeonu University របស់​កូរ៉េខាងត្បូង (​ឆ្នាំ​២០០៥) បណ្ឌិត​កិត្តិយស​ផ្នែក​អប់រំ​ពី​សាកលវិទ្យាល័យ​ជាតិ​ហ្វីលីពីន (​ឆ្នាំ​២០០៨) បណ្ឌិត​កិត្តិយស​ផ្នែក​នយោបាយ​ការទូត​ពី​សាកលវិទ្យាល័យ​។

​ក្រៅពី​ដឹកនាំ​ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច សុខ អាន មាន​តួនាទី​ជា​ប្រធាន​របស់​ស្ថាប័នរដ្ឋ​ជាច្រើន​ទៀត ក្នុងនោះ​មានដូចជា អាជ្ញាធរ​ជាតិ​អប្សរា ក្រុមប្រឹក្សា​កំណែទម្រង់រដ្ឋបាល អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ក្រុមប្រឹក្សាភិបាល​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ក្រុមការងារ​ពិសេស​ដើម្បី​កាត់ទោស​ខ្មែរក្រហម  គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ នៃ​កម្ពុជា ក្រុមប្រឹក្សាភិបាល​សាលា​ភូមិន្ទ​រដ្ឋបាល កាយ​រឹទ្ធ​ជាតិ​កម្ពុជា ជាដើម​។​



​ក្រៅពី​ភាសា​កំណើត សម្តេច សុខ អាន ចេះ​ភាសា​បារាំង អង់គ្លេស និង​វៀតណាម​។ នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១០ សម្តេច ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា​សមាជិក​ពេញសិទ្ធិ​នៃ​រាជបណ្ឌិតសភា​កម្ពុជា មាន​គោរមងារ​ជា «​បណ្ឌិតសភា​ចា​រ្យ​»​។ នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ ឥស្សរជន​កំពូល​រូបនេះ ទទួលបាន​គោរមងារ​ជា «​សម្តេច​វិបុល​បញ្ញា សុខ អាន​»៕


Tag:
 សុខ អាន​
  ទីស្តីការគណៈរដ្ឋមន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com