ជាតិ
​​​ន​យោ​បាយ​ជាតិ​
តើ​ពលរដ្ឋ​សម្រេចចិត្ត​បែបណា ចំពោះ​«​មេឃុំ​បម្រើ​បក្ស​» និង​«​មេឃុំ​ពូកែ​សន្យា​»?
16, Mar 2017 , 8:59 pm        
រូបភាព

​ភ្នំពេញ​៖ មុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់ មកដល់​នៅ​ថ្ងៃទី​៤ មិថុនា ខាងមុខនេះ អ្នកនយោបាយ និង​ក្រុម​សកម្មជន​នយោបាយ បាន​បញ្ចេញ​សារ​នយោបាយ​វាយប្រហារ​គ្នា​ទៅវិញទៅមក ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​សម្រាប់​កៅអី​ឃុំ​-​សង្កាត់​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​សារ​នយោបាយ​ទាំងនេះ ភាគច្រើន​ចាក់​ចង្កេះ​មេឃុំ​-​សង្កាត់ កុំ​និយាយ​ហើយ​មិន​អនុវត្ត ឬ អនុវត្ត​និង​បម្រើ​ពលរដ្ឋ​ច្រើនតែ​មុន​ការបោះឆ្នោត​នោះទេ​។ ពលរដ្ឋ​រំពឹងថា សន្លឹកឆ្នោត​របស់​ពួកគេ នឹង​អាច​ជ្រើសរើស​មេឃុំ ឬ​ចៅសង្កាត់​មួយរូប ដែល​គិតគូរ​ពី​បញ្ហា​ពួកគាត់​ពិតប្រាកដ​។ តើ​ពលរដ្ឋ​នឹង​ជ្រើសរើស​មួយណា​រវាង​«​មេឃុំ​បម្រើ​បក្ស​» និង​«​មេឃុំ​ពូកែ​សន្យា​» សម្រាប់​ដឹកនាំ​មូលដ្ឋាន​របស់​ពួកគេ​?

«​សង្គ្រាម​សារ​នយោបាយ​ដូរ​មេឃុំ​» កំពុង​រីកសាយ​ភាយ​យ៉ាងខ្លាំង នៅតាម​បណ្ដា​រាជធានី​-​ខេត្ត ក្រុង ស្រុក ភូមិ សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ ក្នុង​អាណត្តិ​ទី​៤​នេះ​។ សារ​នយោបាយ​ទាំងនោះ ក៏​ជាការ​ពញ្ញាក់​ស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​មានការ​សម្រេចចិត្ត​ត្រឹមត្រូវ មុននឹង​គូស​លើ​សន្លឹកឆ្នោត ដើម្បី​ជ្រើសរើស​មេឃុំ​-​សង្កាត់ ដឹកនាំ​មូលដ្ឋាន​របស់​ពួកគេ​ផងដែរ​។ ជាពិសេស​វា​ក៏​ជា​សញ្ញា​មួយ ដែល​ចាក់​ចំ​កន្លែង​រសើប​របស់​មេ​ឃុំ​-​សង្កាត់ ទាំងអស់ ឲ្យ​មានការ​ភ្ញាក់ខ្លួន​ថា តើ​ពួកគេ​ត្រូវធ្វើ​អ្វីខ្លះ នៅពេលដែល​ពួកគេ​ជាប់ឆ្នោត ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ឲ្យ​បានល្អ តាម​ការសន្យា​ខ្លួន​នោះ​។​

​ជាក់ស្ដែង​ដូចជា​ពាក្យស្លោក​ថា «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»​។ ពាក្យស្លោក​នេះ​ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ បង្កើតឡើង​នៅក្នុង​គោលនយោបាយ​ចំនួន​៥​ចំណុច​របស់ខ្លួន ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​។ គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា សារ​នយោបាយ​នេះ គឺមាន​អត្ថន័យ​ល្អ ដែល​អាច​លើកទឹកចិត្ត​មេឃុំ ឬ​ចៅសង្កាត់ មកពី​គ្រប់​គណបក្ស ឲ្យ​ខិតខំ​បំពេញការងារ​ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​។

​គណបក្ស​ប្រជាជន​កម្ពុជា មើលឃើញ​អវិជ្ជមាន​ចំពោះ​សារ​នយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ​។ គណបក្ស​ប្រជាជន​ចាត់ទុក​ពាក្យស្លោក​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ ដល់​មេឃុំ ឬ​ចៅសង្កាត់ រួមទាំង​មន្ត្រី​នៅតាម​មូលដ្ឋាន ដែល​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ​អស់​រយៈពេល​ជាច្រើន​ទសវត្ស​កន្លងមក​។ មេឃុំ និង​ចៅសង្កាត់ កូតា​គណបក្ស​ប្រជាជន​មួយចំនួន បានចេញ​សេចក្ដីថ្លែងការណ៍​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ឈប់​ការប្រើ​សារ​នយោបាយ​នេះ ដែលមាន​ចេតនា​ចង់​ឲ្យ​ពលរដ្ឋ​មិន​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់​ពួកគេ​កន្លងមក​។​

​បន្ថែម​ពីនេះ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សារ​នយោបាយ​ជា​បន្តបន្ទាប់​ថា «​កុំ​យក​មេឃុំ​ប្រូ មក​ដូរ​មេឃុំ​ពិត​», «​មេឃុំ​ប្រូ​ពូកែ​សន្យា មេឃុំ​ទេវតា​ពូកែ​ធ្វើការ​» ,«​បដិសេធន៍​មេឃុំ​ថា ថែរក្សា​មេឃុំ​ធ្វើ​»,«​មេឃុំ​ស្រមោល​អ្នក​ថា មេឃុំ​ទេវតា​អ្នកធ្វើ​» និង​«​មេឃុំ​ខ្យល់​ចេះតែ​ខាង​ថា មេឃុំ​៧​មករា​ចេះ​ខាង​ធ្វើ​» ជាដើម​។ ពាក្យស្លោក​ទាំងនេះ​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បង្កើតឡើង​ក្នុង​គោលបំណង​ការពារ​គោលនយោបាយ​បក្ស និង​ក្រុម​អាជ្ញាធរ​ដឹកនាំ​មូលដ្ឋាន​របស់​គណបក្ស​។ ហើយ​ទំនងជា​ចង់​ឆ្លើយឆ្លង​ចំអក​មក​សារ​នយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​វិញ​។​

​ចំពោះ​សារ​នយោបាយ​ចំអក​គ្នា​ទៅវិញទៅមក​របស់​គណ​បក្សនយោបាយ​នេះ ក៏​មិនទាន់​អាច​វាយតម្លៃថា ជាការ​ញុះញង់ និង​ប្រមាថ​ខុសច្បាប់​នោះដែរ​។ គណកម្មាធិការ​រៀបចំ​ការបោះឆ្នោត នឹង​ត្រួត​ពិនិត្យមើល​លើ​សារ​នយោបាយ​ខាងលើនេះ នៅពេល​ការឃោសនាបោះឆ្នោត​ឃុំ​-​សង្កាត់ មកដល់​ខាងមុខនេះ​។​

​នៅសល់​មិន​ដល់​៣​ខែ​ទៀត​នោះទេ ការបោះឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​០៤ មិថុនា​ខាងមុខនេះ សម្រាប់​កៅអី​មេឃុំ និង​ចៅសង្កាត់ ចំនួន​១៦៤៦ ។ ពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ភាគច្រើន​កំពុង​តាមដាន និង​ពិចារណា​លើ​សកម្មភាព​ដឹកនាំ​មូលដ្ឋាន របស់​មេឃុំ និង​ចៅសង្កាត់ ថា​តើ​ពួកគាត់​មាន​សមត្ថភាព​ដឹកនាំ​បែបណា​? តើ​ពួកគាត់​អាចធ្វើ​អ្វីខ្លះ​សម្រាប់​បម្រើ​តម្រូវការ​ពលរដ្ឋ​?

​ចំណែក​មេឃុំ ឬ​ចៅសង្កាត់ ដែល​ពុករលួយ និង​កៀបសង្កត់​ពលរដ្ឋ​នោះ ក៏​ពលរដ្ឋ​មិនត្រូវ​ដែរ​។ ពលរដ្ឋ​ត្រូវការ​មេឃុំ ឬ​ចៅសង្កាត់​ណា ដែល​ចេះ​ដោះស្រាយ​តាំងពី​បញ្ហា​សំរាម ចោរកម្ម ទឹក​លិច​ផ្លូវ និង​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​នៅក្នុង​មូលដ្ឋាន​របស់​ពួកគេ​។ ទាំងនេះ​ជាការ​លើកឡើង​របស់​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​។

​សរុប​មកវិញ ការវាយតម្លៃ​លើ​បុគ្គល​ណា​ម្នា​ក់បាន វា​អាស្រ័យ​មើល​ទៅលើ​សមត្ថភាព​រប​ស់​បុគ្គល​ម្នាក់​នោះ ព្រោះ​យើង​មិនអាច​វាយតម្លៃ​មនុស្ស​ម្នាក់ តែ​សំបក​ក្រៅ​បាន​នោះទេ​។ ដូច្នេះ​តើ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ខាងមុខនេះ ពលរដ្ឋ​នឹង​សម្រេចចិត្ត​បែបណា ចំពោះ​«​មេឃុំ​បម្រើ​បក្ស​» និង​«​មេឃុំ​ពូកែ​សន្យា​» សម្រាប់​ដឹកនាំ​មូលដ្ឋាន​របស់​ពួកគេ​?


Tag:
 មេឃុំ​
 ​ សង្កាត់​
  ​បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com