ជាតិ
នយោបាយជាតិ
អាមេរិក ,ជប៉ុន និងថៃ ចូលរួមរំលែកទុក្ខចំពោះមរណភាពសម្ដេច សុខ អាន
× រដ្ឋាភិបាល និងស្ថានទូតបរទេសប្រចាំប្រទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រំលែកដល់រដ្ឋាភិបាល និងគ្រួសារសពសម្ដេច សុខ អាន។ ប្រទេសជាមិត្តទាំងនេះ ចាត់ទុកមរណភាពសម្ដេច សុខ អាន គឺជាការបាត់បង់ធនធានមនុស្សដ៏ល្អមួយរូប សម្រាប់ប្រទេសកម្ពុជា។
ស្ថានទូតអាមេរិក បានចូមរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពសម្ដេច សុខ អាន ។ ស្ថានទូតអាមេរិក ចាត់ទុកមរណភាពសម្ដេច សុខ អាន គឺជាការបាត់បង់ធនធានសំខាន់ម្នាក់ ក្នុងកិច្ចសហការរវាងប្រទេសទាំងពីរ។
ស្ថានទូតអាមេរិក បានសរសេរលើហ្វេសប៊ុកជាភាសាអង់គ្លេសដែលមានន័យថា៖«សម្ដេច សុខ អាន គឺជាដៃគូរយូអង្វែងរបស់ស្ថានទូតអាមេរិកនៃការងារវប្បធម៌ តាមរយៈតួនាទីជាប្រធានអាជ្ញាធរអប្សរា។ បន្ថែមពីនេះសម្ដេច សុខ អាន ក៏បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការបង្កើតតុលាការខ្មែរក្រហម ព្រោះសម្ដេច សុខ អាន ជាប្រធានក្រុមការងារតុលាការកាត់ក្តីខ្មែរក្រហម»។
ទន្ទឹមនឹងនេះដែរ ភារៈធារីស្តីទីនៃស្ថានទូតជប៉ុន បានបង្ហាញអារម្មណ៍រន្ធត់ចិត្ត នៅពេលទទួលដំណឹងដ៏ក្រៀមក្រំបំផុតអំពីមរណភាពរបស់សម្តេច សុខ អាន ដែរ។ ភារៈធារីស្តីទីនៃស្ថានទូតជប៉ុន បានសម្ដែងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពសម្ដេច សុខ អាន ។ ស្ថានទូតបានសរសេរលើហ្វេសប៊ុកខ្លួនដូច្នេះថា៖«ក្នុងតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចសុខ អាន បានដើរតួនាទីដ៏សំខាន់ក្នុងការកសាងប្រទេសកម្ពុជាឡើងវិញ និងដំណើរការប្រព្រឹត្តទៅនៃអង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា ព្រមទាំងការអភិរក្សប្រាង្គប្រាសាទអង្គរ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សម្តេច បានផ្លាស់ប្តូរទំនាក់ទំនងជាមួយថ្នាក់ដឹកនាំនៃប្រទេសជប៉ុនយ៉ាងល្អប្រសើរ ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន ហើយសម្តេចក៏បានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ»។
រដ្ឋាភិបាលថៃ បានចេញសេចក្ដីថ្លែងការណ៍រំលែកទុក្ខមករដ្ឋាភិបាលកម្ពុជា ដែលបាត់បង់សម្ដេច សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមការផ្សាយចុះរបស់បាងកកប៉ុស្តិ៍។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក Don Pramudwinai បានឲ្យដឹងថា រដ្ឋាភិបាលថៃនឹងបញ្ជូនអ្នកតំណាងមកចូលរួមពិធីបុណ្យសពសម្ដេច សុខ អាន ។
Tag:
សុខ អាន
ថៃ
អាមេរិក
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com