ពីនេះ ពីនោះ
អន្តរជាតិ
ក្រៀល​មួយ​ក្បាល​ហើរ​បុក​យន្តហោះ​ពេល​ចុះចត​នៅ​អាកាសយានដ្ឋាន Montpellier
17, Mar 2017 , 9:10 am        
រូបភាព
ដោយ: ធីតា
បារាំង​៖ ឧប្បត្តិហេតុ​កម្រ​មួយ​បាន​កើតឡើង​នៅ​អាកាសយានដ្ឋាន Montpellier កាលពី​រសៀល​ថ្ងៃ​អង្គារ​កន្លងមក ដោយ​សត្វ​ក្រៀល​ក្រហម​មួយ​ក្បាល បាន​ហើរ​បំ​បុក​យន្តហោះ Air France ដែល​ធ្វើដំណើរ​ពី​ទីក្រុង​ប៉ារីស​។ ករណីនេះ​បានកើត​ឡើង​នៅពេល​យន្តហោះ​កំពុង​ចុះចត​។​



​លោក Sylvain Jambon នាយក​ផ្នែក​ទំនាក់ទំនង​នៃ​អាកាសយានដ្ឋាន Montpellier បាន​បញ្ជាក់ថា នេះ​ជា​ករណី​ដ៏​សែន​កម្រ​បំផុត​នៅ​អាកាសយានដ្ឋាន​។ បើតាម​ការផ្សាយ​របស់​សារព័ត៌​មានបារាំង Midi Libre ឧប្បត្តិហេតុ​បានកើត​ឡើង​នៅ​ម៉ោង​២០​និង​៣០​នាទី​យប់ នៅពេលដែល​យន្តហោះ​ចុះចត​ក្នុង​ដំណើរ​ពី​ទីក្រុង​ប៉ារីស ពោលគឺ​សត្វ​ក្រៀល​ពណ៌​ក្រហម​បាន​ហើរ​ទៅបុក​យន្តហោះ​ដែល​កំពុង​ទម្លាក់​កង់​ដើម្បី​ចុះចត​។​

​ករណីនេះ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​រហូត​ដល់​ភ្នាក់ងារ​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ភ្លាម ជាពិសេស​ស្ថានភាព​យន្តហោះ Air France ដែល​រង​ការប៉ះទង្គិច​។ អ្នកដំណើរ​មួយចំនួន​ក៏មាន​ការស្រឡាំងកាំង​ផងដែរ ប៉ុន្តែ​វា​មិនមែនជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះឡើយ​។​

​លោក Sylvain Jambon បាន​លើកឡើងថា អាកាសយានដ្ឋាន​របស់​លោក មាន​វិធានការ​ពិសេស​ដើម្បី​បញ្ជៀ​ស​កុំ​ឲ្យ​បក្សី​ចូលទៅក្នុង​តំបន់​ចុះចត ជាពិសេស​ស្រះ​ទឹក​នៅក្នុង​អាកាសយានដ្ឋាន​។ លោក​បាន​និយាយ​ដដែលៗ​ថា នេះ​ជា​ករណី​ដ៏​កម្រ​បំផុត ដោយ​ជាធម្មតា​នៅ​ស្ថានីយ​ចុះចត​តែងតែមាន​សំឡេង​រថយន្ត​ដែល​អាច​បង្អើល​មិន​ឲ្យ​សត្វ​ហោះហើរ​ក្បែរ​នោះ​។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន បាន​និយាយ​ចំអក​ថា ករណីនេះ មិនមែន​ក្រៀល​បុក​យន្តហោះ​នោះឡើយ ប៉ុន្តែ​យន្តហោះ​ទេ​ដែល​បុក​ក្រៀល​។ ទោះបីជា​យ៉ាងណា​ក៏ ពួកគេ​យល់ឃើញ ក្រៀល​ជា​អ្នក​ខុស​ដោយសារតែ​វា​ហោះហើរ​នៅ​តំបន់​ចុះចត​។ កាសែត Midi Libre មិនបាន​បញ្ជាក់​ពី​ស្ថានភាព​របស់​សត្វ​ក្រៀល​នោះឡើយ​៕



Tag:
 ​ប្លែកៗ​
© រក្សាសិទ្ធិដោយ thmeythmey.com