ជាតិ
បទវិភាគ
លិខិតមិត្តអ្នកអាន ៖ មីក្រូហិរញ្ញវត្ថុ​អាច​បញ្ឈប់​កម្ចីខ្នាតតូច ដោយសារ​ពិ​តាន​អត្រា​ការប្រាក់​១៨​ភាគរយ​
17, Mar 2017 , 12:14 pm         15637
រូបភាព
ដោយ: ថ្មីៗ
​បើតាម​ការវិភាគ​រប​ស់​អ្នកជំនាញ ​លើ​ការកំណត់​ពិ​តាន​ការប្រាក់​១៨​ភាគរយ​ក្នុង​មួយឆ្នាំ ពិតជា​អាច​ជះឥ​ទ្ឋិ​ពល​អវិជ្ជមាន​ដល់​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នេះ ក្នុង​រយៈពេល​យ៉ាងយូរ ១២​ខែ​ខាងមុខ​។ ផលប៉ះពាល់​នេះ មិន​ត្រឹម​តែមាន​ចំពោះ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​តូចៗ​ទេ គឺ​បូក​រួមទាំង​ស្ថាប័ន​ធំៗ​ ក៏ដូចជា​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើរ (MDI) ដែរ​។ ការប្រាក់​១,៥​ភាគរយ​ក្នុង​មួយខែ ឬ​១៨ ភាគរយ ​ក្នុង​មួយឆ្នាំ អាច​ហៅ​បាន​ថា​ ជា​អត្រា​ការប្រាក់​ពិបាក​រស់​ សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​នាពេល​បច្ចុប្បន្ន​។​


​ជាក់ស្តែង​បើ​យើង​ពិនិត្យមើល​កត្តា​ពាក់ព័ន្ធ​ ថ្លៃដើម​របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ(MFI)វា​កើតឡើង​ពី​ធាតុ​ផ្សំ​សំខាន់​ចំនួន​២​គឺ​៖

​ទី​១៖ ថ្លៃ​ដើមទុន (Cost of Capital) ដែលជា​ប្រាក់​សម្រាប់ឲ្យ​អតិថិជន​ខ្ចី​ នៅក្នុ្ង​ង MFI ប្រមាណ ៩០​ភាគរយ គឺ​បានមកពី​ការខ្ចី​បុល​គេ​បន្ត​ពី​ក្រៅប្រទេស ធនាគារពាណិជ្ជ​ក្នុងស្រុក ឬ​ការ​កៀងគរ​ប្រាក់​សន្សំ​ពី​អតិថិជន ចំពោះ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​បានទទួល​អាជ្ញាប័ណ្ណ​សន្សំ​។ មិន​ថា​ប្រភព​សាច់ប្រាក់​នោះបាន​មកពីណា​ទេ MFI ទាំងនោះ ​ត្រូវ​ចំណាយ​ការប្រាក់ ​ចន្លោះ​ពី ៧,៥​ភាគរយ ទៅ​៩,៥​ភាគរយ រួចទៅហើយ​។​

​ទី​២៖ ថ្លៃ​ចំណាយ​ប្រតិបត្តិការ​។ គ្រប់​ស្ថាប័ន MFI ទាំងអស់​ មាន​ខ្ទង់ចំណាយ​ប្រតិបត្តិការ​ខ្ពស់​ព្រោះថា Microfinance មានន័យថា​ ការធ្វើ​ឥណទាន​ដែលមាន​ទំហំ​តូច រយៈពេល​ខ្លី​។ ជាក់ស្តែង​តួលេខ​នៅ បំណាច់ ឆ្នាំ​២០១៦ ទំហំ​ប្រាក់កម្ចី​មធ្យម​របស់​អិ​តិ​ថិ​ជន​ម្នា​ក់ មាន​ត្រឹមតែ ១,៥០០​ដុល្លារ​ប៉ុណ្ណោះ​។ ដោយ​ផ្អែកលើ ទំហំ​ឥណទាន​នេះ មានន័យថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ត្រូវ​ចំណាយ​លើ​ប្រតិបត្តិការ​ច្រើន​។ ដូច្នេះហើយ ការចំណាយ​ប្រតិបត្តិការ​របស់ MFI មាន​យ៉ាងហោចណាស់​ ​ចន្លោះ​ពី ៧​ភាគរយ ទៅ ៨​ភាគរយ ។​

​បើ​បូកសរុប​លើ​ប្រភព​ថ្លៃដើម​ទាំង២នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អាចមាន​ថ្លៃដើម​ ចន្លោះ​ពី ១៤,៥​ភាគរយ ទៅ ១៧​ភាគរយ រួចហើយ នេះ​ដោយ​មិនទាន់​គិត​បញ្ចូល​នូវ​ការខាតបង់​ លើ​កម្ចី​ដែល​អតិថិជន​មិន​សង​ផង​ទេ​។ អត្រា​អតិបរមា ១៨ភាគរយ គឺ​ពិតជា​អត្រា​ដែល​មើលទៅ​ល្អប្រសើរ សម្រាប់​អតិថិជន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ប្រសិនបើ​គាត់​ពិតជា​អាច​បន្ត​ទទួលបាន (Access) សេវា​នេះ​ពី​គ្រប់ MFI នាពេល​បច្ចុប្បន្ន​។ ក៏ប៉ុន្តែ ប្រសិនបើ​ឈរ​មក​ខាង​អ្នកវិនិយោគ ក៏ដូចជា​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​វិញ ពិត​ជាមាន​ភាពលំបាក ក្នុងការ​ធ្វើទៅបាន បើ​ផ្អែកលើ​ទឡ្ហីករណ៍​ខាងលើ​។​

​​ដូច្នេះ​ជម្រើស​តែមួយគត់ របស់​អ្នកវិនិយោគ​គឺ ដកឃ្លា​ពី​ការវិនិយោគ​លើ​វិស័យនេះ តាមរយៈ​រូបភាព បិទ​អាជីវកម្ម នៅ​ទ្រឹង​មិន​បញ្ចេញ​ឥណទាន​ថ្មី ចាំមើល​ចរន្ត​នៃ​ការប្រែប្រួល ឬមួយ ប្តូរ  ​យុ​ទ្ឋ​សាស្ត្រ មក​ផ្តល់​ឥណទាន​ដែលមាន​ទំហំ​មធ្យម ដូចជា​ចាប់ពី​ ៣ពាន់ដុល្លារ​ឡើងវិញ ​ព្រោះ​ចំណាយ​ប្រតិបត្តិការ​តិច​។​

​ការប្តូរ​យុ​ទ្ឋ​សាស្ត្រ​នេះ​ ជា​ជម្រើស​មួយ​ល្អ ហើយ​ស្ថាប័ន​ភាគច្រើន ​អាចមាន​ល​ទ្ឋ​ភាព​ធ្វើបាន​។ ប៉ុន្តែ​បញ្ហា​នឹង​កើតឡើង ប្រសិនបើ​គ្រប់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ឬ​គ្រឹះស្ថាន​ភាគច្រើន បោះបង់​ចោល​អតិថិជន​ខ្នាតតូច​របស់ខ្លួន​ ដែល​ពួកគាត់​ភាគច្រើន​លើសលប់​នៅ​ទីជនបទ​។ បើតាម​តួលេខ​នៅ​ឆ្នាំ ២០១៦ អតិថិជន​ប្រមាណ​ជា ៧០​ភាគរយ នៃ​អតិថិជន​សរុប ២ លាន​នាក់ គឺ​បាន​ខ្ចី​ឥណទាន​ទំហំ​មិន​លើសពី ៣ពាន់ ដុល្លារ​អាមេរិក ​ក្នុងនោះ​មាន​ប្រហែល ៤០ភាគរយ ទំហំ​កម្ចី​តិចជាង ១ ពាន់ ដុល្លារ​អាមេរិក​។ នេះមានន័យថា អតិថិជន​ប្រហែល ១,៥ លាននាក់ ក្នុង​វិស័យ​ទាំងមូល ​នឹងរង​ផលប៉ះពាល់ ប្រសិនបើគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​បន្ត​ឲ្យ​ខ្ចី​ នៅពេល​ពួកគាត់​សង​ផ្តាច់​មក​គ្រឹះស្ថាន​វិញ នៅ​រយៈពេល​មិនយូរ​ជាង ១២ ខែ​ខាងមុខ (​ឥណទាន​ខ្នាតតូច​ភាគច្រើន មិន​លើសពី ១ ឆ្នាំ​) ។ ឬ​អាច​និយាយ​ម្យ៉ាងទៀត អតិថិជន មីក្រូហិរញ្ញវត្ថុ មិនតិចជាង ១០ ម៉ឺន​នាក់ ក្នុង​មួយខែ នឹងមិន​ទទួលបាន​សេវា​ឥណទាន​ខ្នាតតូច (​ទំហំ​កម្ចី​តិចជាង​ ៣ពាន់ ដុល្លារ​អាមេរិក​) ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​កំពុង​ប្រតិបត្តិការ​សព្វថ្ងៃ។  ដូច្នេះ​ជម្រើស​តែមួយគត់​របស់​ពួកគាត់ គឺ​ស្វែងរក​ឥណទាន​ពី​ឯកជន​ក្រៅផ្លូវការ ដែល​មិន​ស្ថិតនៅក្រោម​អាណាព្យាបាល​របស់​ធនាគា​រ​ជាតិ នៃកម្ពុជា ហើយ​ដែល​គេ​ដឹង​ជាទូទៅ​ថា​ពួក​ឯកជន​ទាំងនោះ យកការប្រាក់​ថ្លៃ​លើសលប់។​

​ការលើកឡើង​របស់​អ្នកជំនាញ​ខាងលើនេះ គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ផលប៉ះពាល់ ពី​គោលនយោបាយ​ថ្មី​នេះ ដោយ​មិនទាន់​រាប់បញ្ចូល ​នូវ​ផលប៉ះពាល់​លើ​ប្រព័ន្ធ​ម៉ាក្រូសេដ្ឋកិច្ច  លំនឹង និង សុខមាលភាព វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល ទំនុកចិត្ត​របស់​វិនិយោគិន ជាពិសេស ផលប៉ះពាល់​ដោយផ្ទាល់​ ទៅដល់​អតិថិជន ដែល​កំពុង​ប្រើប្រាស់ និង​មាន​តម្រូវការ​ឥណទាន​ខ្នាតតូច ។​

​មួយផ្នែក​វិញទៀត​ គេ​មើលឃើញថា​អត្រា​ការប្រាក់ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​ ស្ថិតនៅក្នុង​រង្វង់​ពី ២៦​ភាគរយ ទៅ ៣០​ភាគរយ រួចហើយ ដែល​នេះ​ជា​អត្រា​មួយ​សមរម្យ បើ​ប្រៀបធៀប​នឹងបណ្តា​ប្រទេស​ក្នុង​តំបន់ ដូចជា Philippines នឹង Laos ជាដើម​។ ដោយឡែក ចំពោះ ពិ​តានអត្រាការប្រាក់​នេះ ក៏ត្រូវ​បាន​គេ​ប្រើ​ដែរ​ ចំពោះប្រទេស​នៅ អាស៊ី​ ដែលឈានមុខ​គេ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ​ដូចជា ឥណ្ឌា និង​បង់​ក្លា​ដែ​ស ប៉ុន្តែ​អ្វីដែល​គេ កំណត់​គឺ​ក្នុង​រង្វង់ ២៦ភាគរយ ទៅ ២៧ភាគរយ នៅឡើយ​។

​តាម​អ្នកជំនាញ​យល់ឃើញថា រដ្ឋាភិបាល ​ក៏ដូចជា​ធនាគារជាតិ គួរតែ​ពិនិត្យឡើងវិញ ធ្វើយ៉ាងណា កុំឲ្យហានិភ័យ ឬ​ផល​លំបាក​អាច​កើតមានឡើង​បាន ក៏ដូចជា​ដើម្បី​បន្ត​និរន្ត​ភាព​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​ ដែល​កំពុង​ទទួលបាន​នូវ​ការចាប់អារម្មណ៍ ក៏ដូចជា​បានកា​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។ អ្វីដែល​សំខាន់ ​ដែល​រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​ពាក់​ព័​ន្ឋ​គួរ​ពិនិត្យ​នោះ​ គឺគ្រប់គ្រងឲ្យបាន​នូវ​ការផ្តល់​ឥណទាន​ក្រៅផ្លូវការ ដែលមាន​ការប្រាក់​ខ្ពស់​ហួសហេតុ និង​គ្មាន​ក្រមសីលធម៌ វិជ្ជាជីវៈ ដែល​អាច​បង្ក​ឲ្យមាន​បញ្ហា​បំណុល​វ័ណ្ឌក ហើយ​ឈានទៅ​ការបាត់បង់ ផ្ទះសម្បែង ដីធ្លី របស់​ប្រជាពលរដ្ឋ​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...1516next