ពីនេះ ពីនោះ
«​សម្តេច​» ត្រូវមាន​គុណសម្បត្តិ​១៧​ចំណុច
18, Mar 2017 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ម៉ា​ស្សី​វ៉ែល​(Niccolo Machiavelli) គឺជា​ទស្សនវិទូ​ជនជាតិ​អ៊ីតាលី​ក្នុង​សតវត្ស​ទី​១៦​។ លោក​មាន​ភាព​ល្បី​ល្បាយ​បំផុត គឺ​ដោយសារ​និពន្ធ​សៀវភៅ​ដែលមាន​ចំណងជើង​ថា​«​សម្តេច (The Prince)» ដែល​បាន​សរសេរ​នៅ​ឆ្នាំ​១៥១៣ និង​ត្រូវបាន​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​ឆ្នាំ​១៥៣២ ពោល គឺ​ក្រោយ​គាត់​ទទួលមរណភាព​បាន​៥​ឆ្នាំ​។ គាត់​បាន​អះអាងថា «​សម្តេច​» ត្រូវមាន​គុណសម្បត្តិ​ចំនួន​១៧​ចំណុច​។    

 


១)  មាន​វិធី​ពីរ​យ៉ាង​ក្នុងការ​វាយ​គ្នា គឺ​ទីមួយ វាយ​តាមផ្លូវ​ច្បាប់  និង​ទី​ពីរ វាយ​តាមផ្លូវ​អាវុធ

២) ដើម្បី​រក្សា​រដ្ឋ​ឲ្យ​មាន​សណ្តាប់ធ្នាប់ មនុស្ស​ត្រូវ​បង្ខំចិត្ត​ជារឿយៗ ធ្វើ​ផ្ទុយ​ពី​ជំនឿ ផ្ទុយ​ពី​សប្បុរសធម៌ ហើយ​ផ្ទុយ​ពីសា​សនា​។ 

៣) កុំ​ចាកចោល​ពីអ្វី​ដែល​ល្អ បើ​អាច​ធ្វើទៅកើត​។ ប៉ុន្តែ បើ​កាលៈទេសៈ​បង្ខំ ត្រូវ​អាច​ប្រព្រឹត្ត​អំពើ​អបលក្ខណ៍​។​

៤) ឲ្យ​តម្លៃ​លើ​កម្លាំង​អាវុធ ឬ​កងទ័ព និង​ការ​ឲ្យ​តម្លៃ​ទៅលើ​ឧបាយកល​បោក​បញ្ឆោត​។ នយោបាយ​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ​។

៥) អភិបាល និង​ការថែរក្សា​រាជាណាចក្រ ដែល​ស្ថិតក្នុង​អាណាព្យាបាល​បន្តវេន ហើយ​ដែល​ប្រជារាស្ត្រ​ធ្លាប់​ស្គាល់ មាន​ភាពងាយស្រួល​ជាង​អភិបាល និង​ថែរក្សា​រាជាណាចក្រ​ថ្មីស្រឡាង​ច្រើនណាស់​។ 

៦) មនុស្ស​ត្រូវការ​កា​រប​បោស​អង្អែល ឬក៏​ត្រូវតែ​បំបាត់ចោល​។ មនុស្ស​នឹង​សង​សឹង​វិញ បើកាលណា​ត្រូវគេ​ធ្វើ​ឲ្យ​មាន​ទុក្ខវេទនា​បន្តិចបន្តួច តែបើ​គេ​ធ្វើ​ឲ្យ​មានទុក្ខ​វេទនា​ដល់ក មនុស្ស​ពុំ​អាច​សង​សឹង​បានឡើយ​។

៧) សម្តេច​ដែល​អាច​ឈរ​ខ្លួន​បាន គឺជា​អ្នក​ដែលមាន​មនុស្ស​ច្រើន ឬ​ធនធាន​ច្រើន បង្កើត​ទ័ព​បាន​ធំ​គ្រប់គ្រាន់​។

៨) សម្តេច​គ្មាន​គោលដៅ ឬ​គំនិត​អ្វី​ផ្សេង ក្រៅពី​សង្គ្រាម និង​របៀប​រៀបចំ​សង្គ្រាម​។​

៩) កាលណា​សម្តេច​ណា ដែល​គិតតែ​ពី​រឿង​រស់ក្នុង​ភាពសប្បាយ​រុងរឿង ជាង​គិតពី​អាវុធ សម្តេច​នោះ​នឹង​បាត់បង់​នគរ​មិន​ខាន​។

១០) គេ​ពុំ​អាច​រំពឹង​ឲ្យ​បាន​សមសួន​ថា អ្នក​ដែលមាន​អាវុធ​អាច​ស្ម័គ្រចិត្ត​ស្តាប់បង្គាប់​អ្នក​ដែល​គ្មាន​អាវុធ​នោះបានទេ​។ 

១១) សម្តេច​ត្រូវធ្វើ​ឲ្យ​គេ​មើល​មក​ឃើញថា មាន​មេត្តាធម៌ ហើយ​មិន​ឃោរឃៅ​។ ប៉ុន្តែ សម្តេច​ត្រូវ​ប្រយ័ត្ន​កុំ​ប្រើ​មេត្តាធម៌​នេះ​ខុស​របៀប​។ 

១២) សម្តេច​មិនត្រូវ​បារម្ភ​ពី​គេ​ចោទថា មានចិត្ត​ឃោរឃៅ​នោះទេ បើ​អំពើ​ឃោរឃៅ​ជា​មធ្យោបាយ​សម្រាប់​រក្សា​សេចក្តី​សាមគ្គី និង​ភក្តីភាព ព្រោះថា ភាពអនាធិបតេយ្យ​បំផ្លាញ​សហគមន៍​ទាំងមូល ហើយ​បើ​សម្តេច​ធ្វើឃាត​វិញ​នោះ គឺ​ប៉ះពាល់​តែ​បុគ្គល​ខ្លះ​ប៉ុណ្ណោះ​។   

១៣) សម្តេច​ត្រូវធ្វើ​ឲ្យ​គេ​ខ្លាច ព្រោះ សម្តេច​នឹងមាន​សន្តិសុខ ជាជាង​ឲ្យ​គេ​ស្រឡាញ់​។ ទុកជា​គេ​មិន​ស្រឡាញ់ ក៏​នៅតែ​គេ​មិន​ហ៊ាន​ស្អប់​ដែរ ព្រោះថា សេចក្តី​ខ្លាច និង​ភាព​មិនមាន​ក្តី​ស្អប់ អាច​ដើរ​ជាមួយគ្នា​បាន​។   

១៤) ត្រូវ​ចេះ​លាក់ពុត​យ៉ាង​ប្រសប់ គឺ​ត្រូវ​ចេះ​ធ្វើ​ពើ និង​ត្រូវមាន​ចិត្តវៀចវេរ​។ អ្នក​ដែល​ដើរ​បោកប្រាស់​គេ តែងតែ​រកឃើញ​អ្នក​ដែល​ឲ្យ​គេ​បោកប្រាស់​ជានិច្ច​។  

១៥) ជាការ​ល្អ​ណាស់ បើ​គ្រាន់តែ​ធ្វើ​ជាមាន​ករុណា​ធម៌ ភក្តីភាព មនុស្សធម៌ ក្តី​សុច្ចរិត​ទៀត​ត្រង់ លុះ​តាម​គន្លង​សាសនា​។ ហើយ​ជាការ​ល្អ​ដែរ​ប្រសិនបើ​មានគុណ​សម្បត្តិ​ទាំងនេះ​មែន​ផង​។   

១៦) មនុស្ស​ជាស​ត្រូវ​និង​សម្តេច​ពីដំបូង បើ​ទាំងនេះ​ចង់​រក្សាទុក​ឋានន្តរសក្តិ​របស់គេ សម្តេច​អាច​បញ្ចុះបញ្ចូល​គេ​បាន​យ៉ាង​ងាយស្រួល​យកមក​ធ្វើការ​ជាមួយ​។ ហើយ​អ្នក​ទាំងនេះ មាន​ភារៈ​បម្រើ​សម្តេច​ដោយ​ភក្តីភាព​កាន់តែខ្លាំង ដើម្បី​បង្ហាញថា អ្វីដែល​គេ​ធ្វើ​ល្អ​នឹង​បំបាត់​នូវ​គំនិត​សង្ស័យថា គេ​ជាម​នុស្ស​ខូច​ពីដំបូង​នោះ​។ សម្តេច​នឹង​បានទទួល​ភក្តីភាព​ច្រើន​ពី​អ្នក​ទាំងនេះ​ជាង​អ្នក​ដែល​បាន​បម្រើ​សម្តេច​កន្លងមក​ទៅទៀត​។

១៧) បន្ទាយ​ថ្ម​ដែល​ល្អ​បំផុត គឺ​សេចក្តីស្រឡាញ់​របស់​ប្រជារាស្ត្រ ព្រោះថា​ទោះជា​សម្តេច​មាន​បន្ទាយ​រឹងមាំ​ក៏ដោយ ក៏​បន្ទាយ​នោះ​មិនអាច​ការពារ​សម្តេច​បា​ន​ឡើយ បើសិន​មាន​អ្នក​ស្អប់​ច្រើន​នាក់​នោះ​៕ 
 
​ប្រភព​៖«​វិទ្យាសាស្ត្រ​នយោបាយ​» រៀបរៀង​ដោយ​សាស្ត្រាចារ្យ នួន សុ​ធិ​មន្ត  


Tag:
 ​ម៉ា​ហ្សឺ​វ៉ែល​
© រក្សាសិទ្ធិដោយ thmeythmey.com