ជាតិ
សេដ្ឋកិច្ច
ម្រេចកំពត រំពឹងថាប្រមូលផលបាន១០០តោននៅឆ្នាំនេះ
× សមាគមម្រេចកំពត រំពឹងទុកថា ដំណាំម្រេចនឹងផ្តល់ទិន្នផលក្នុងរង្វង់១០០តោន ច្រើនជាងឆ្នាំ២០១៦ ដែលម្រេចហុចផល បានប្រមាណ៨០តោន។ ការកើនឡើងនេះ ត្រូវបានលោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បញ្ជាក់ថាដោយសារតែអាកាសធាតុអំណោយផល និងការពង្រីកផ្ទៃដីដាំដុះរបស់ប្រជាកសិករ។
ចាប់ពីចុងខែមករា រហូតដល់ចុងខែឧសភា គឺជារដូវប្រមូលផលម្រេច។ នៅឆ្នាំ២០១៧នេះ សមាគមម្រេចកំពត រំពឹងទុកថា ដំណាំម្រេចនឹងផ្តល់ទិន្នផលក្នុងរង្វង់១០០តោន។ ផលរំពឹងទុកនេះ គឺខ្ពស់ជាងឆ្នាំ២០១៦ ដែលម្រេចហុចផល បានប្រមាណ៨០តោន។ លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
ការកើនឡើងនេះ ត្រូវបានលោក ងួន ឡាយ ប្រាប់ថា ដោយសារតែអាកាសធាតុអំណោយផល និងការពង្រីកផ្ទៃដីដាំដុះ។ បើតាមប្រធានសមាគមម្រេចកំពត បច្ចុប្បន្នផ្ទៃដីដាំដុះម្រេចនៅក្នុងខេត្តកំពត មានចំនួន២១០ ហិកតា ក្នុងនោះផ្ទៃដីប្រមាណ ១០០ហិកតា កំពុងផ្តល់ផលដល់ប្រជាកសិករ។
ស្របពេលដែលមានការរំពឹងថាម្រេច ផលទិន្នផលច្រើនជាងឆ្នាំមុន តម្លៃម្រេចកំពតដែលទទួលបានការចុះបញ្ជី ផលិតផលសម្គាល់ភូមិសាស្ត្ររបស់សភាពអឺរ៉ុបកាលពីពេលកន្លងទៅនោះ នៅរក្សាដដែល ដូចឆ្នាំ២០១៦ដែរ មិនពើបប្រទះ នឹងបញ្ហាធ្លាក់ថ្លៃដូចដំណាំម្រេចនៅបណ្តាខេត្តផ្សេងនោះទេ។
បើតាមលោក ងួន ឡាយ ម្រេចខ្មៅ មានតម្លៃ១៥ដុល្លារ ក្នុងមួយគីឡូក្រាម ម្រេចក្រហមមានតម្លៃ ២៥ដុល្លារ និងម្រេចស តម្លៃ២៨ដុល្លារក្នុងមួយគីឡូក្រាម។ តែនាំចេញទៅសហភាពអឺរ៉ុប ម្រេចកំពត ក៏មានទីផ្សារផងដែរ នៅសហរដ្ឋអាមេរិក ចិន និងប្រទេសកូរ៉េជាដើម។ នេះជាការបន្ថែមរបស់ប្រធានសមាគមម្រេចកំពត។
ដ្បិតមិនប្រឈមនឹងបញ្ហាតម្លៃ ប៉ុន្តែផលិតផលសម្គាល់ភូមិសាស្ត្ររបស់កម្ពុជាមួយនេះ កំពុងជួបបញ្ហាបន្លំម៉ាកសញ្ញានៅក្នុងទីផ្សារ។ សមាគមម្រេចកំពត គ្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីបញ្ហានេះដល់អាជីវករ និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅក្រុងភ្នំពេញនាខែមេសាខាងមុខនេះ ដើម្បីបញ្ឈប់ការក្លែងបន្លំម៉ាកសញ្ញានេះ ឲ្យបានឆាប់។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ងួន ឡាយ បញ្ជាក់ថា ការក្លែងបន្លំបានថយចុះជាបណ្តើរៗ បន្ទាប់ពីសមាគមបានផ្សព្វផ្សាយដល់អាជីវករ ជាច្រើនលើក ច្រើនសារមកហើយនោះ។
«ម្រេចកំពត ឬ Poivre de Kampot» ជាផលិតផលដំបូងរបស់កម្ពុជា ដែលត្រូវបានចុះឈ្មោះនៅក្នុងទីផ្សារសហភាពអឺរ៉ុប ជាសូចនាករភូមិសាស្ត្រការពារ(PGI) កាលពីខែកុម្ភៈ ឆ្នាំ ២០១៦ ។ ការទទួលស្គាល់បែបនេះ មិនត្រឹមតែធានានូវកេរ្តិ៍ឈ្មោះ និងគុណភាព«ម្រេចកំពត»ទេ ប៉ុន្តែ«ម្រេចកំពត»នឹងទទួលបានការការពារកម្រិតខ្ពស់បំផុតនៅលើទីផ្សារអឺរ៉ុប ជាពិសេសប្រឆាំងទៅនឹងការក្លែងបន្លំ ដែលអាចនឹងបណ្ដាលឱ្យខូចកេរ្តិ៍ឈ្មោះរបស់«ម្រេចកំពត»៕
© រក្សាសិទ្ធិដោយ thmeythmey.com