ជាតិ
សេដ្ឋកិច្ច
ម្រេច​កំពត រំពឹងថា​ប្រមូល​ផល​បាន​១០០​តោន​នៅ​ឆ្នាំនេះ​
18, Mar 2017 , 7:39 pm        
រូបភាព
​សមាគម​ម្រេច​កំពត រំពឹងទុក​ថា ដំណាំ​ម្រេច​នឹង​ផ្តល់​ទិន្នផល​ក្នុង​រង្វង់​១០០​តោន ច្រើនជាង​ឆ្នាំ​២០១៦ ដែល​ម្រេច​ហុច​ផល បាន​ប្រមាណ​៨០​តោន​។ ការកើនឡើង​នេះ ត្រូវបាន​លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត បញ្ជាក់ថា​ដោយសារតែ​អាកាសធាតុ​អំណោយផល និង​ការពង្រីក​ផ្ទៃដី​ដាំ​ដុះ​របស់​ប្រជាកសិករ​។​



​ចាប់ពី​ចុងខែ​មករា រហូតដល់​ចុងខែ​ឧសភា គឺជា​រដូវ​ប្រមូល​ផល​ម្រេច​។ នៅ​ឆ្នាំ​២០១៧​នេះ សមាគម​ម្រេច​កំពត រំពឹងទុក​ថា ដំណាំ​ម្រេច​នឹង​ផ្តល់​ទិន្នផល​ក្នុង​រង្វង់​១០០​តោន​។ ផល​រំពឹងទុក​នេះ គឺ​ខ្ពស់ជាង​ឆ្នាំ​២០១៦ ដែល​ម្រេច​ហុច​ផល បាន​ប្រមាណ​៨០​តោន​។ លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​។

​ការកើនឡើង​នេះ ត្រូវបាន​លោក ងួន ឡាយ ប្រាប់ថា ដោយសារតែ​អាកាសធាតុ​អំណោយផល និង​ការពង្រីក​ផ្ទៃដី​ដាំ​ដុះ​។ បើតាម​ប្រធាន​សមាគម​ម្រេច​កំពត  បច្ចុប្បន្ន​ផ្ទៃដី​ដាំ​ដុះ​ម្រេច​នៅក្នុង​ខេត្តកំពត មាន​ចំនួន​២១០ ហិកតា ក្នុងនោះ​ផ្ទៃដី​ប្រមាណ ១០០​ហិកតា កំពុងផ្តល់​ផល​ដល់​ប្រជាកសិករ​។

​ស្រប​ពេលដែល​មានការ​រំពឹងថា​ម្រេច ផល​ទិន្នផល​ច្រើនជាង​ឆ្នាំមុន តម្លៃ​ម្រេច​កំពត​ដែល​ទទួលបាន​ការចុះបញ្ជី ផលិតផល​សម្គាល់​ភូមិសាស្ត្រ​របស់​សភាព​អឺរ៉ុប​កាលពីពេល​កន្លង​ទៅនោះ នៅ​រក្សា​ដដែល ដូច​ឆ្នាំ​២០១៦​ដែរ មិន​ពើបប្រទះ នឹង​បញ្ហា​ធ្លាក់​ថ្លៃ​ដូច​ដំណាំ​ម្រេច​នៅ​បណ្តា​ខេត្ត​ផ្សេង​នោះទេ​។

​បើតាម​លោក ងួន ឡាយ  ម្រេចខ្មៅ មានតម្លៃ​១៥​ដុល្លារ ក្នុង​មួយ​គីឡូក្រាម ម្រេច​ក្រហម​មានតម្លៃ ២៥​ដុល្លារ និង​ម្រេចស តម្លៃ​២៨​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។ តែ​នាំ​ចេញទៅ​សហភាព​អឺរ៉ុប ម្រេច​កំពត ក៏មាន​ទីផ្សារ​ផងដែរ នៅ​សហរដ្ឋអាមេរិក ចិន និង​ប្រទេស​កូរ៉េ​ជាដើម​។ នេះ​ជាការ​បន្ថែម​របស់​ប្រធាន​សមាគម​ម្រេច​កំពត​។​

​ដ្បិត​មិន​ប្រឈម​នឹង​បញ្ហា​តម្លៃ ប៉ុន្តែ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​របស់​កម្ពុ​ជាមួយ​នេះ កំពុង​ជួប​បញ្ហា​បន្លំ​ម៉ាក​សញ្ញា​នៅក្នុង​ទីផ្សារ​។ សមាគម​ម្រេច​កំពត គ្រោង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​ដល់​អាជីវករ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត នៅ​ក្រុងភ្នំពេញ​នា​ខែមេសា​ខាងមុខនេះ ដើម្បី​បញ្ឈប់​ការ​ក្លែងបន្លំ​ម៉ាក​សញ្ញា​នេះ ឲ្យ​បាន​ឆាប់​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក ងួន ឡាយ បញ្ជាក់ថា ការ​ក្លែងបន្លំ​បាន​ថយចុះ​ជា​បណ្តើរៗ បន្ទាប់ពី​សមាគម​បាន​ផ្សព្វផ្សាយ​ដល់​អាជីវករ ជាច្រើនលើក ច្រើនសារ​មកហើយ​នោះ​។

«​ម្រេច​កំពត ឬ Poivre de Kampot» ជា​ផលិតផល​ដំបូង​របស់​កម្ពុជា ដែល​ត្រូវបាន​ចុះឈ្មោះ​នៅក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប ជា​សូចនាករ​ភូមិសាស្ត្រ​ការពារ​(PGI) កាលពី​ខែកុម្ភៈ ឆ្នាំ ២០១៦ ។ ការទទួលស្គាល់​បែបនេះ មិន​ត្រឹមតែ​ធានា​នូវ​កេរ្តិ៍ឈ្មោះ និង​គុណភាព​«​ម្រេច​កំពត​»​ទេ ប៉ុន្តែ​«​ម្រេច​កំពត​»​នឹង​ទទួលបាន​ការការពារ​កម្រិត​ខ្ពស់បំផុត​នៅលើ​ទីផ្សារ​អឺរ៉ុប  ជាពិសេស​ប្រឆាំង​ទៅនឹង​ការ​ក្លែងបន្លំ ដែល​អាច​នឹង​បណ្ដាលឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​«​ម្រេច​កំពត​»៕


Tag:
 ម្រេច​កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com