ខ្មែរ​ក្រហម
ជាតិ
តុលាការ​ខ្មែរក្រហម​បង្ហាញ​គម្រោង​សំណង​រាប់លាន​ដុល្លារ​សម្រាប់​ជនរងគ្រោះ
18, Mar 2017 , 3:59 pm        
រូបភាព
ដោយ:
​អង្គភាព​ជនរងគ្រោះ​នៃ​សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការសហប្រជាជាតិ បានរៀបចំ​គម្រោងការ​សម្រាប់​ផ្តល់​សំណង​ដល់​ជនរងគ្រោះ​ក្នុង​សំណុំរឿង​០០២ វគ្គ ២ នៅមុន​ពេលដែល​ជនជាប់ចោទ​ដែលជា​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ពីរ​នាក់​ត្រូវ​ផ្តន្ទាទោស​។ ទោះជា​តុលាការ បានដាក់​គម្រោង​ការដូ​ច្នេះ​មែន តែ​ជនរងគ្រោះ​ខ្លះ​នៅតែ​ចង់បាន​សំណង​ផ្ទាល់ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​។​



​សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ​.​ស​.​ប​. បានប្រកាស​ឲ្យ​ដឹង​ពី​គម្រោងការ​ផ្តល់​សំណង​ដល់​ជនរងគ្រោះ​ដោយសារ​របប​ខ្មែរក្រហម ប្រសិនបើ​ជនជាប់ចោទ​ពីរ​នាក់ ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់ ដែល​កំពុង​រស់រានមានជីវិត​ត្រូវបាន​កាត់ទោស​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​ពីបទ​ពាក់ព័ន្ធ​នឹង​ការកាប់សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧​សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី បាន​ផ្តោតទៅលើ​សំណង​ផ្លូវចិត្ត​និង សំណង​សមូហភាព​សម្រាប់​សំណុំរឿង​០០២ វគ្គ​២ គឺ​មិនមែន​សំណង​ដល់​បុគ្គល ជា​ជនរងគ្រោះ​ទេ​។ គម្រោងការ​ទាំងនោះ​មាន​ការជួយ​ព្យាបាល ផ្សះផ្សារ​ផ្លូវចិត្ត ទាក់ទង​នឹង​ការអប់រំ ការផ្សព្វផ្សាយ ការអភិរក្ស​ទីតាំង​ឧក្រិដ្ឋកម្ម ពិធីបុណ្យ​ជា​សាធារណៈ ដាក់ឈ្មោះ​សារៈមន្ទីរ មជ្ឈមណ្ឌល​សាធារណៈ​ដើម្បី​រំឭក​ការចងចាំ​។ ហើយ​ថវិកា​នៃ​គម្រោង​ចំនួន​២៣​ទាំងនេះ គឺ​នឹងត្រូវ​ផ្តល់ ឬ​ចូលរួម​ពី​អង្គការក្រៅរដ្ឋាភិបាល​ជាច្រើន និង​រដ្ឋាភិបាល​កម្ពុជា​ផ្ទាល់​ដែល​អង្គភាព​ជនរងគ្រោះ និង​ភាគី​នានា​ក្នុង​តុលាការ​បាន​ពិភាក្សា​ជាមួយ​ដើម​បណ្តឹងរដ្ឋប្បវេណី សមាគម​ជនរងគ្រោះ ដៃគូ​អនុវត្តន៍​គម្រោង ម្ចាស់ជំនួយ ស្ថាប័នរដ្ឋ និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​

​បើតាម​ការអះអាង​រប​ស់លោក​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ឲ្យ ដឹងថា គម្រោង​នេះ​ត្រូវការ​ថវិកា​ជាច្រើន​លាន​ដុល្លារ ដែល​សាលាក្តី​កំពុង​ទទូច​ដល់ ម្ចាស់ជំនួយ​នានា​ឲ្យ​ជួយ​គាំទ្រ​។​

«​ហើយ​នៅក្នុង​គម្រោង​ទាំងអស់នេះ​គឺ​ថវិកា​ដែល​គ្រោង​នឹង​ចំណាយ​គឺ មាន​ជាង​៦ លាន​ដុល្លារ​អាមេរិក ហើយ​រហូតមក​ដល់ពេលនេះ​តាម​អ្វីដែល​ខ្ញុំ​ទទួលបាន​ព័ត៌មាន គឺ​អង្គភាព​ការពារ​ជនរងគ្រោះ​និង​សហ​មេធាវី​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី ហើយនឹង ភាគី​ពាក់ព័ន្ធ​នានា​ដែលជា​ដៃគូ​នៃ​ការអនុវត្តន៍​គម្រោង​ហ្នឹង​គឺ​រក​ថវិកា​ជាង​ពាក់កណ្តាល ហើយ​។ អញ្ចឹង​នៅ​រយៈ​ពេលនេះ​ជាការ​អំពាវនាវ​បន្ថែមទៀត​ដើម្បី​គៀងគោ​ថវិកា​ដើម្បី គាំទ្រ​ទៅលើ​គម្រោង​ទាំង​២៣​ន‍េះ​»​។​

​លោក នេត្រ ភក្ត្រា​បាន​ពន្យល់ថា គម្រោង​នេះ​ត្រូវបង្កើត​និង​ស្វែងរក​ថវិកា​ឲ្យ​បាន​មុន ពេល​សវនាការ​សំណុំរឿង​០០២ វគ្គ ២ ដែល​ត្រូវ​ចាប់ផ្តើម​កាត់ទោស​នៅ​ថ្ងៃទី​៥ ខែ មិថុនា​ខាងមុខ ដោយ​ផ្តោតទៅលើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​ទៅលើ​ការសួរដេញដោល​លើ​ភស្តុតាង​ក្នុង​សំណុំរឿង​០០២ វគ្គ​០២ ហើយ​សាលក្រម​នឹងត្រូវ​ប្រកាស​នៅ​ដើមឆ្នាំ ២០១៨​។​

​លោក ស៊ុំ រិទ្ធី ជនរងគ្រោះ​ដើមបណ្តឹង​រដ្ឋប្បវេណី​ម្នាក់ បាន​ថ្លែងប្រាប់ VOA ថា លោក ចង់ឃើញ​ការផ្តល់​សំណង​បុគ្គល​ដល់​ជនរងគ្រោះ​ដែល​ជាដើម​បណ្តឹងរដ្ឋប្បវេណី​។​

«​វា​ពិបាក​ទទួលយក​ព្រោះ​និយាយ​ទៅ​វា​អត់​បាន​ផលប្រយោជន៍​អី​ដល់​ជនរងគ្រោះ ផ្ទាល់ខ្លួន​ម្នាក់ៗ ជាង​៣៨០០ នាក់​ហ្នឹង ព្រោះ​ការតស៊ូ​មតិ​របស់​អ្នក​ទាំង​អស់ហ្នឹង គឺ​ពួក គេ​មាន​ចេញ​ថវិកា​ខ្លួនឯង​មួយចំនួន​ដែរ មិនមែន​ថា​អត់​មាន​ចេញ​ទ‍េ​»​។​

​លោក ស៊ុំ រិទ្ធី ជា​ជនរងគ្រោះ​ម្នាក់​ដែល​រង​ទា​រុ​ណ្ម​កម្ម​និង​នៅរស់​ជីវិត​ក្នុង​គុក​មួយ​នៃ ខេត្តសៀមរាប​ពីរ​បប​ខ្មែរក្រហម អះអាងថា​ទោះ​ជាមាន​ការដាក់ទោសទណ្ឌ​មេដឹកនាំ​ជាន់ខ្ពស់​មួយជីវិត ឬ ១០០ ជីវិត​ក៏​លោក​មិនអាច​ស្ងប់ចិត្ត​ដែរ​ដោយសារ​អ្នក​ដែល​កាប់សម្លាប់​ពលរដ្ឋ​ខ្មែរ​ផ្ទាល់ៗ​ជាច្រើន​កំពុង​នៅ​រស់រានមានជីវិត បន្ត​វប្បធម៌​រួច​ទោសទណ្ឌ តែ​មេដឹកនាំ​ពីរ​នាក់​ដែលជា​អ្នកគ្រប់គ្រង​របប​ខ្មែរក្រហម​ត្រូវ​កាត់ទោស​។ លោក​ថា លោក​បាន​តស៊ូ​មតិ​ច្រើន​ក្នុង​រឿង​ប្តឹងផ្តល់​នេះ តែ​នៅ​ទីបំផុត​សំណុំរឿង​លោក​ត្រូវ តុលាការ មិន​ចាត់ការ​ដោយសារតែ​មិន​ស្ថិតក្នុង​យុត្តាធិការ​របស់​តុលាការ ឬ ក្រោម​អ្វី មួយ​ដែល​តុលាការ​បាន​បង្រួម​ទំហំ​ទីតាំង​ឧក្រិដ្ឋកម្ម​នោះ​។​

​ក៏ប៉ុន្តែ បើតាម​ការអះអាង​រប​ស់លោក​ស្រីនូ​ស៊ីន សា​កា​រា​ទី (Nushin Sarkarati) អ្នកច្បាប់​នៃ​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌ និង​ការទទួលខុសត្រូវ (Center for Justice and Accountability (CJA) ដែល​បាន​ជួយ​ដល់​ជនរងគ្រោះ​រាប់សិប​នាក់​ពី​សហរដ្ឋអាមេរិក ដើម្បី​ដាក់ពាក្យ​ប្តឹង​ក្នុង​សាលាក្តី បាន​ថ្លែងថា ដំណើរការ​រៀបចំ​សំណង​គឺ​ដើម្បី​ធានាថា​សំណង​នានា​ដែល​បាន​ស្នើឡើង គឺ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជនរងគ្រោះ ដែល​រួច​ជីវិត ការឈឺចាប់​របស់​សហ​គម​ន៍​ដែល​កើតឡើង​ពី​ឧក្រិដ្ឋកម្ម​នានា​ដែល​បាន​លើក​មក​កាត់ទោស​ក្នុង​តុលាការ​ខ្មែរក្រហម​។​

«​ដោយសារតែ​ឧក្រិដ្ឋកម្ម​ដែល​បាន​បើកសវនាការ​នៅមុខ​តុលាការ​ខ្មែរក្រហម​ជា ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ភាគច្រើន​នោះ សំណង​សមូហភាព មិនមែន​សំណង​បុគ្គល គឺជា​សំណង​ប្រសើរ​ដើម្បី​ដោះស្រាយ​តម្រូវការ​របស់​សហគម​ន៍ អ្នក​រស់រានមានជីវិត​។ មាន​ចំនួន​អ្នកដាក់ពាក្យ​ប្តឹង​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ជិត​៤​ពាន់ នាក់ ដែល​ចូលរួម​ក្នុងការ​កាត់ទោស ហើយ​មាន​ជនរងគ្រោះ​ច្រើន​ជាងនេះទៀត ដែល​ប៉ះពាល់​សព្វថ្ងៃនេះ​។ សំណង​សមូហភាព​អាចជា​ដំណោះស្រាយ​ល្អប្រសើរ ក្នុងការ​បង្កើត​កម្មវិធី​និង​គម្រោង​ដើម្បី​ដោះស្រាយ​តម្រូវការ​ដ៏​ធ្ងន់ធ្ងរ​កំពុង​កើតឡើង​ក្នុង​សហគមន៍​អ្នក​រស់រានមានជីវិត​ដ៏​ធំធេង ហើយក៏​អាច​នឹង​ជួយ​ដល់​ការផ្សះផ្សារ និង​ការអភិវឌ្ឍន៍​ក្នុងប្រទេស​កម្ពុ​ជ‍ា​ដែរ​»​។​

​សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​ម្នាក់ គឺ​លោក ភី​ធ័​រ ម៉ា​ខ្វៃ​អ័​រ (Peter Maguire) ដែលជា អ្នកនិពន្ធ​សៀវភៅ «​ប្រឈមមុខ​នឹង​ការស្លាប់​នៅ​កម្ពុជា (Facing Death in Cambodia)» បាន​ថ្លែងថា ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយសារ​របប​ខ្មែរក្រហម​មាន​ច្រើន សម​នឹង​ទទួលបាន​សំណង តែ​ថវិកា​៦​លាន​ដុល្លារ​មិនអាច​ផ្តល់​បាន​ច្រើន​ទេ ដែល លោក​ថា អ​.​ស​.​ប​.​ត្រូវ​ផ្តល់​លុយ​ដែល​បានមកពី​ការ​រៃអង្គាស​ទៅជូន​មជ្ឈមណ្ឌល ឯកសារ​កម្ពុជា​ដើម្បី​ចាត់ចែង​វិញ​ល្អ​ជាង​។​

«​ខ្ញុំ​គិតថា​វា​ជាការ​ប្រសើរ​ជាង​ដែល​ទុក​រឿងនេះ​ជូន​ដល់​អង្គការ​ដ៏​ល្បីល្បាញ​ដូចជា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ធ្វើ​កិច្ចការ​ហើយ​អ​.​ស​.​ប​.​ចាក​ចេញពី​កម្ពុជា ដោយ​ហៅ តុលាការ​នេះ​ថា ធ្វើបាន​ជោគជ័យ ហើយ​ចាកចេញ​ជា​រៀងរហូត​ដោយ​មិនបាច់​រងគ្រោះ​ដោយ​ការប្រមាថ​ពី​កណ្តាប់ដៃ​លោក​ហ៊ុន សែ​ន‍​»​។​

​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​កំពុង​បន្ត​ការជំនុំជម្រះ​ទោស​មេដឹកនាំ​ខ្មែរក្រហម ពីរ​នាក់​ក្នុង​សំណុំរឿង​០០២ វគ្គ ២​លើ​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត​នោះ បាន​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ពីរ​នាក់​គឺ នួន ជា បងធំ​ទី​២ និង ខៀវ សំផន ប្រមុខរដ្ឋ ឲ្យ​ជាប់គុក​មួយជីវិត​ក្នុង​សំណុំរឿង ០០២ វគ្គ ១ ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​សម្លាប់​អ្នក​សាធារណរដ្ឋ​។ សាលាក្តី​ដដែល​នេះ​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ ២៧០​លាន​ដុល្លារ​ដើម្បី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​បីនាក់​តាំងពី​ឆ្នាំ ២០០៦​មក ក្រោយ​រយៈពេល​ជាង​៣០​ឆ្នាំ​នៃ​ការកាប់សម្លាប់​រង្គាល​ព​ល​រដ្ឋ​ខ្មែរ​ជាង ១​លាន ៧​សែន​នាក់ ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com