បទយកការណ៍ / បទសម្ភាសន៍
ប្រធាន​ក្រុម​អាហារូបករណ៍​អូស្ត្រាលី ប្រាប់​ពីរ​បៀ​បយក​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត ក្នុងឆ្នាំនេះ​
18, Mar 2017 , 5:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ និស្សិត​កម្ពុជា​អាច​ស្នើសុំ​អាហារូបករណ៍​អូស្ត្រាលី (Australia Awards Scholarship) បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត និង​ថ្នាក់បណ្ឌិត នៅតាម សាកលវិទ្យាល័យ​ប្រមាណ ៤០​គ្រីះ​ស្ថាន​អប់រំ ក្នុងប្រទេស​អូស្ត្រាលី​។ ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​សិក្សា និង​បម្រើ​ការងារ​តាម​គ្រឹះស្ថានសាធារណៈ និង​ឯកជន រួមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលមាន​បំណង​បន្ត​ការសិក្សា​អាច​ស្នើសុំ​អាហារូបករណ៍​លើ​ជំនាញ​សិក្សា​ក្រោយ​ថ្នាក់​បរិញ្ញាបត្រ លើកលែង​ជំនាញ​សិក្សា​ផ្នែក​គ្រប់គ្រង​ទូទៅ ដូចជា គ្រប់គ្រង​ពាណិជ្ជកម្ម ជាដើម ក្នុង​ឆ្នាំ ២០១៧​នេះ​។​



​សូម​អាន​បទ​សម្ភាស​រវាង​លោក រឿន ភា​រុន អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក John Walsh ប្រធាន​ក្រុម​កម្មវិធី​អាហារូបករណ៍​រដ្ឋាភិបាល​អូស្ត្រាលី​ប្រចាំ​កម្ពុជា (Team Leader Cambodia) ខាងក្រោម​៖

​លោក រឿន ភា​រុន​៖ ជម្រាបសួរ លោក John Walsh! អរគុណ​លោក ដែល​បានផ្តល់​បទសម្ភាសដ​ល់សារព័ត៌មាន​ថ្មីៗ​។ ជា​រៀងរាល់ឆ្នាំ រដ្ឋាភិបាល​អូស្ត្រាលី​បានផ្តល់​អាហារូបករណ៍​ដល់​ពល​រដ្ឋកម្ពុជា ទៅ​បន្ត​ការសិក្សា​ក្រោយ​ថ្នាក់​បរិញ្ញាបត្រ​នៅ​អូស្ត្រាលី​។ ហេតុអ្វី​បានជា​រដ្ឋាភិបាល​អូស្ត្រាលី​ផ្តល់​អាហារូបករណ៍​ដល់​ពល​រដ្ឋ​កម្ពុជា​?

​លោក John Walsh៖ ជម្រាបសួរ​! រដ្ឋាភិបាល​អូស្ត្រាលី​បានផ្តល់​អាហារូបករណ៍​ដល់​ពល​រដ្ឋ​កម្ពុជា​រយៈពេល​២២​ឆ្នាំ​មកហើយ​។ ពួកគេ​បានផ្តល់​អាហារូបករណ៍​សរុបជាង ៧០០​កន្លែង ដល់​និស្សិត​កម្ពុជា បន្ត​ការសិក្សា​ថ្នាក់​ក្រោយ​បរិញ្ញាបត្រ នៅតាម​សាកលវិទ្យាល័យ​អូស្ត្រាលី គិតចាប់តាំងពី​ឆ្នាំ ១៩៩៤ មកទល់​បច្ចុប្បន្ន​។ រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី បាន​ជួយ​ចូលរួម​គាំទ្រ​ប្រជាជន និង​រដ្ឋាភិបាល​កម្ពុជា អស់កាល​ដ៏​យូរលង់​។ ហេតុនេះ អូស្ត្រាលី​មាន​គោលដៅ​កសាង​ធនធានមនុស្ស និង​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន​ប្រទេស​ទាំងពីរ​។ ជាពិសេស ផ្តល់​អាហារូបករណ៍​ដល់​ពល​រដ្ឋ​កម្ពុជា ឲ្យ​ទៅ​បន្ត​ការសិក្សា​ជំនាញ​ថ្មីៗ​នានា ដូចជា​បច្ចេកវិទ្យា​នៅ​អូស្ត្រាលី ហើយ​ពួកគេ​ត្រូវ​ត្រឡប់មក​កម្ពុជា​វិញ ដើម្បី​បម្រើការក្នុង​អាជីព​ដែល​ឆ្លើយតបនឹង​ការអភិវឌ្ឍ​ប្រទេស​។

លោក រឿន ភា​រុន​៖ តើ​បេក្ខជន​ត្រូវបំពេញ​លក្ខខណ្ឌ​អាហារូបករណ៍​អ្វីខ្លះ ដើម្បី​ប្រកួតប្រជែង​យក​អាហារូបករណ៍​?

​លោក John Walsh៖ លក្ខខណ្ឌ​អាហារូបករណ៍ រួមមាន សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ ឬ​បរិញ្ញាបត្រ​ជាន់ខ្ពស់  លិខិតបញ្ជាក់​បទពិសោធ​ន៍​ការងារ​យ៉ាងតិច​បំផុត​រយៈពេល​២​ឆ្នាំ ប្រវត្តិរូប​សង្ខេប ពិន្ទុ​ភាសា​អង់គ្លេស IELTS ចាប់ពី ៥.៥​ឡើងទៅ ឬ TOEFL ព្រឹត្តិបត្រ​ពិន្ទុ អត្តសញ្ញាណ​បណ្ណ ឬ​លិខិតឆ្លងដែន លិខិត​អំណះអំណាង​ផ្ទាល់ខ្លួន (Motivation letter) និង​លិខិត​អំណះអំណាង​សាស្ត្រាចារ្យ ឬ​ប្រធាន​ស្ថាប័ន (Reference letter)​ជាដើម​។ ចំពោះ​ពិន្ទុ​ភាសា​អង់គ្លេស ពួកគេ​អាច​ផ្តល់​ឲ្យ​យើង នៅពេល​ពួកគេ​ជាប់​វគ្គ​បំពេញ​ទម្រង់​ស្នើសុំ​​​អាហា​​​រូប​​​​​​ករ​ណ៍ និង​វគ្គ​សម្ភាសន៍​ផ្ទាល់មាត់​ចុងក្រោយ​។​

​លោក រឿន ភា​រុន​៖ ត្រង់ចំណុច​នេះ បេក្ខជន​មួយចំនួន ឆ្ងល់​ពី​ការសរសេរ​លិខិត​អំណះអំណាង​ផ្ទាល់ខ្លួន (Motivation letter)​និង​លិខិត​អំណះអំណាង​សាស្ត្រាចារ្យ ឬ​ប្រធាន​ស្ថាប័ន (Reference letter) តើ​ពួកគេ​ត្រូវ​សរសេរ​យ៉ាងដូចម្តេច ដើម្បី​ឲ្យ​គណៈកម្មការ​ផ្តល់​ពិន្ទុ​ល្អ​ដល់​ពួកគេ​?

​លោក John Walsh៖ បេក្ខជន​ត្រូវបំពេញ​ឯកសារ និង​ដាក់​ស្នើ​ឯកសារ​អាហារូបករណ៍​ពាក់ព័ន្ធ​នានា តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online) មុនពេល​ថ្ងៃ​ទៅ​៣០ ខែមេសា ឆ្នាំ​២០១៧​នេះ​។ នៅពេល​ពួកគេ​ចូល​បំពេញ​ទម្រង់​អាហា​រូប​ករណ៍​តាម​គេហទំព័រ Australia Awards Scholarship នោះ គណៈកម្មាធិការ​វាយតម្លៃ នឹង​ពិនិត្យមើល​សមត្ថភាព​បេក្ខជន​មួយចំនួន ពាក់ព័ន្ធ​នឹង​ការសិក្សា រួមមាន​ការប្តេជ្ញាចិត្ត​សិក្សា​ស្រាវជ្រាវ​ច្បាស់លាស់​ហើយ ជំនាញ​ដែល​ពួកគេ​សិក្សា ឆ្លើយតប​នឹង​តម្រូវការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន និង​ជាពិសេស​គឺ​ពួកគេ​មាន​ភាពជា​ដឹកនាំ​ពិតប្រាកដ​។ ប្រាកដ​ណាស់ ពួកគេ​ត្រូវបំពេញ​សំណួរ​ទាំងនេះ លើ​ប្រព័ន្ធ​អន​ឡាញ ដោយ​ពួកគេ​ត្រូវផ្តោត​សំខាន់ សរសេរ​ពី​ការពិត ទាំង​ជីវិត​សិក្សា និង​ការងារ រួមទាំង​ផែនការ​អនាគត​របស់​ពួកគេ​។ នៅពេល​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ តើ​ពួកគេ​អាចជួយ​ឲ្យ​មានការ​ផ្លាស់ប្តូរ​អ្វីខ្លះ​? ហេតុនេះ យើង​លើកទឹកចិត្ត​ពួកគេ ឲ្យ​សរសេរ​ផែនការ​ដោយ​ខ្លួនគេ​ផ្ទាល់​។ ពួកគេ​ត្រូវ​ឆ្លើយ​សំណួរ​ប្រមាណ ៨​សំណួរ និង​សរសេរ​អក្សរ​ពី ៣០០ ទៅ​៤០០​អក្សរ ក្នុង​លិខិត​ដែលមាន​លើ​ទម្រង់​ស្នើ​ទាំងនេះ​។​



​លោក រឿន ភា​រុន​៖ តើ​ពួកគេ​អាចដាក់​ពាក្យ​ស្នើ​សិក្សា​លើ​ជំនាញ​អ្វីខ្លះ​? តើ​រដ្ឋាភិបាល​អូស្ត្រាលី ផ្តល់​អាហារូបករណ៍​ដល់ក​ម្ពុ​ជា​ចំនួន​ប៉ុន្មាន ក្នុងឆ្នាំនេះ​? តើ​អូស្ត្រាលី នឹង​បង្កើន​អាហារូបករណ៍​នេះ​នៅ​ឆ្នាំក្រោយ​ទៀត​ឬទេ​?

​លោក John Walsh៖ សម្រាប់​ជំនាញ​សិក្សា​ឆ្នាំនេះ ពួកគេ​អាច​ជ្រើសរើស​ជំនាញ​សិក្សា​នានា លើកលែងតែ​ជំនាញ​គ្រប់គ្រង​ទូទៅ ដូចជា​ថ្នាក់អនុបណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្ម​។ យើង​ផ្តល់​អាហារូបករណ៍ ដល់​បេក្ខជន​ខ្មែរ​ចំនួន ៥០​កន្លែង ឲ្យ​បន្ត​ការសិក្សា​នៅតាម​សាកលវិទ្យាល័យ​ប្រមាណ ៤០​សាកលវិទ្យាល័យ នៅ​អូស្ត្រាលី​ក្នុង​ឆ្នាំ​២០១៧​នេះ​។ សាកលវិទ្យាល័យ​ទាំងនោះ ស្ថិតក្នុង​តំបន់ New South Wales, Victoria, Queenland, South Australia, Western Australia និង Australian Capital Territory ជាដើម​។ ពួកគេ​អាច​ស្វែងរក​ព័ត៌មាន​ទាក់ទង នឹង​ឈ្មោះ​សាកលវិទ្យាល័យ​ទាំងនេះ​បន្ថែម តាមរយៈ​គេហទំព័រ Australia Awards Scholarship​។ សាកលវិទ្យាល័យ​ទាំងនេះ សុទ្ធតែ​ផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព ដែល​ជួយ​និស្សិត​ឲ្យ​មាន​សមត្ថភាព និង​គំនិត​ច្នៃប្រឌិត​ក្នុងការ​ស្រាវជ្រាវ​ជ្រៅជ្រះ​។

​លោក រឿន ភា​រុន​៖ តើ​ពួកគេ​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​អ្វី​បន្ថែម​ទេ មុនពេល​ពួកគេ​ចាក​ចេញទៅ​អូស្ត្រាលី ដើម្បី​បន្ត​ការសិក្សា​?

​លោក John Walsh៖ ពួកគេ នឹង​ទទួលបាន​ការបណ្តុះបណ្តាល​បំប៉ន​ភាសា​អង់គ្លេស​បន្ថែមទៀត ប្រសិនបើ​ពួកគេ​មាន​កម្រិត​ពិន្ទុ​ភាសា​អង់គ្លេស​ក្រោម ៦.៥ ពិន្ទុ​។ ការ​បំប៉ន​នេះ មាន​រយៈពេល​ពី ៦​ខែ ដល់​១២​ខែ ផ្អែក​តាម​សមត្ថភាព​ភាសា​អង់គ្លេសរបស់​សិស្ស​និស្សិត​។ យើង​ចង់​ឲ្យ​មាន​សមត្ថភាព ភាសា​ខ្ពស់ ព្រោះ​ពួកគេ​ត្រូវ​សិក្សា​ស្រាវជ្រាវ និង​សរសេរ​និក្ខេបបទ​បញ្ចប់​ការសិក្សា​ជា​ភាសា​អង់គ្លេស​។​

​លោក រឿន ភា​រុន​៖ តើ​លោក​សង្កេតឃើញថា និស្សិត​កម្ពុជា​មាន​សម​ត្ថ​ភាព​សិក្សា​យ៉ាងណាដែរ ធៀប​នឹង និស្សិត​ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក​ទាំងមូល​? បច្ចុប្បន្ន តើ​ពួកគេ​ធ្វើការ​នៅ​កន្លែង ក្រោយ​បញ្ចប់ ការសិក្សា​នៅ​អូស្ត្រាលី​?

លោក John Walsh៖ ខ្ញុំ​បានទទួល​មតិ​ពី​អតីត​និស្សិត​អូស្ត្រាលី​ថា ពួកគេ​បាន​ប្រកួតប្រជែង​សិក្សា​ខ្ពស់ ហើយ​ពួកគេ​ពិតជា​ទទួល​ពិន្ទុ​ខ្ពស់ជាង ៩០​ភាគរយ នៅ​អូស្ត្រាលី ធៀប​នឹង​បេក្ខជន​មកពី​ប្រទេស​ក្នុង​តំបន់ អាស៊ី និង​អាស៊ាន ជាដើម​។ តាម​របាយការណ៍​សាលា ពួកគេ​មានការ​តាំងចិត្ត​សិក្សា​ខ្ពស់ ហើយ​ពួក​មាន​កម្រិត​ភាសា​អង់គ្លេស​ល្អប្រសើរ​ជាងគេ ក្នុង​តំបន់​អាស៊ាន​។ បច្ចុប្បន្ននេះ ពួកគេ​កំពុងធ្វើការ​ជា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល វិស័យ​ឯកជន និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្រោយពី​ពួកគេ​បញ្ចប់​ការសិក្សា​នៅ​អូស្ត្រាលី​។


លោក រឿន ភា​រុន​៖ ជា​ចុង​ក្រោយនេះ តើ​រដ្ឋាភិបាល​អូ​ស្ត្រា​ល​ផ្តល់​អ្វីខ្លះ​ដល់​ជ័យលាភី​? តើ​អូស្ត្រាលី​គ្រោង​នឹង​បង្កើន​ចំនួន​អាហារូបករណ៍​ដល់ក​ម្ពុ​ជា នៅ​ឆ្នាំក្រោយៗ​ដែរ​ទេ​?

​លោក John Walsh៖
យើង​ផ្តល់​អាហារូបករណ៍​សិក្សា ម្ហូបអាហារ និង​សម្ភារ​សិក្សា​នានា ដល់​ជ័យលាភី​។​ពួកគេ​មិនត្រូវ​ធ្វើការ​ងារ​អ្វី​នៅ​ទីនោះ នៅពេល​ពួកគេ​សិក្សា​នៅ​ទីនោះ​។ បច្ចុប្បន្ននេះ យើង​ផ្តល់​អាហារូបករណ៍​ចំនួន ៥០​កន្លែង​។ យើង​បានកំណត់​ចំនួន​អាហារូបករណ៍​នេះ ដោយ​ផ្អែកលើ​ការ​ចរាចរ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី​។​

​លោក រឿន ភា​រុន​៖
សូម​អរគុណ​លោក John Walsh ដែល​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ថ្មីៗ​។​

​លោក John Walsh៖ អរគុណ​សម្រាប់​ការសម្ភាសន៍​នេះ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ចូលទៅ​កាន់​គេហទំព័រ​អាហារូបករណ៍​អូស្ត្រាលី (Australia Awards Cambodia) គឺ www.australiaawardscambodia.org និង​សារ​អេឡិចត្រូនិក [email protected] ឬ​ទូរ​សព្ទ​លេខ ០២៣ ២២២ ០៦២ ៕


Tag:
 John Walsh
  អាហារូបករណ៍​
  អូស្ត្រាលី​
  Australia Awards Scholarship
© រក្សាសិទ្ធិដោយ thmeythmey.com