កីឡាជាតិ
ជាតិ
ទ័ព ស្វាគមន៍ ប៉ូលិស មុនណាហ្គាវើលប៉ះខេមបូឌានថាយហ្គឺរ និងអគ្គិសនីកម្ពុជាជួបវេស្ទើន
× ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ បានឈានដល់សប្ដាហ៍ទី៥ ដោយនៅថ្ងៃអាទិត្យទី១៩ ខែមីនា នេះ មានការប្រកួតចំនួន៣គូ។ ក្នុងនោះក្រុមក្រសួងការពារជាតិ(ទ័ព)ស្វាគមន៍ក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) មុនណាហ្គាវើលតទល់ជាមួយខេមបូឌានថាយហ្គឺរនៅពហុកីឡដ្ឋានជាតិ និងក្រុមអគ្គិសនីកម្ពុជាទទួលវេស្ទើនភ្នំពេញនៅកីឡដ្ឋានខេត្តស្វាយរៀង។
ក្រុមឈរលេខរៀងទី៣ក្រសួងការពារជាតិ បើកទ្វារកីឡដ្ឋានកងយោធពលខេមរភូមិន្ទស្វាគមន៍ក្រុមអគ្គស្នងការនគរបាល់ជាតិ នាវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែមីនា នេះ ក្នុងសប្តាហ៍ទី៥នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧។
ទាំងក្រុមទ័ព និងប៉ូលិសសុទ្ធតែត្រូវការឈ្នះដូចគ្នា ដើម្បីរក្សាកំណត់ត្រាមិនដែលចាញ់ ព្រោះ៤ប្រកួតកន្លងមក ទ័ពឈ្នះ២ ស្មើ២ រីឯប៉ូលិសឈ្នះ១ស្មើ៣។ ប៉ុន្តែទ័ពត្រូវការឈ្នះប៉ូលិសដាច់ខាត ដើម្បីបាន៣ពិន្ទុសម្រាប់ប្រជែងលេខទី២ ដូច្នេះការជួបគ្នារបស់ក្រុមទាំងពីរជាជំនួបមួយដ៏តានតឹង និងស្វិតស្វាញបំផុត។
ចំណែកក្រុមឈរលេខរៀងទី៤ ណាហ្គាវើល នឹងបើកទ្វារពហុកីឡដ្ឋានជាតិ ដើម្បីស្វាគមន៍ក្រុមខេមបូឌានថាយហ្គឺរ នាវេលាម៉ោង៦ល្ងាចនេះ។ ណាហ្គវើលមាន៧ពិន្ទុក្រោយ៤ប្រកួតឈ្នះ២ ស្មើ១ និងចាញ់១ រីឯ ខេមបូឌានថាយហ្គឺរ មាន៥ពិន្ទុក្រោយឈ្នះ១ ស្មើ២ និងចាញ់១។
ដោយឡែក ក្រុមអគ្គិសនីកម្ពុជានឹងប្រើកីឡដ្ឋានខេត្តស្វាយរៀង ដើម្បីស្វាគមន៍ក្រុមវេស្ទើនភ្នំពេញ នាវេលាម៉ោង៦ល្ងាចនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com