អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មិន​ចាប់ដៃ​អធិកា​រប​តី មឺ​ហ្កែ​ល ហើយ ត្រាំ​ទារ​ឲ្យ​អាល្លឺម៉ង់​បង់ថ្លៃ​ការពារ​បន្ថែម​ដើម្បី​សន្តិសុខ​ទៀត​
19, Mar 2017 , 10:55 pm        
រូបភាព
ដោយ: ថ្មីៗ
​មួយថ្ងៃ​បន្ទាប់ពី​ជួបពិភាក្សា​ជាមួយ​អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា មឺ​ហ្កែ​ល (Angela Merkel) តែ​បដិសេធ​ចាប់ដៃ​ហើយ លោក ដូ​ណា​ល់ ត្រាំ បន្ត​រិះគន់​អាល្លឺម៉ង់​រឿង​ជំពាក់​លុយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ថែម​ទៀតផង​។ លោក ត្រាំ បាន​ទារ​ឲ្យ​អាល្លឺម៉ង់​បង់លុយ​ឲ្យ​អាមេរិក​បន្ថែម បើសិន​ចង់​ជ្រក​ក្រោម​ឆ័​ត្រ​សន្តិសុខ​អាមេរិក​។​



​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​អាល្លឺម៉ង់​ខ្លាំង​ដោយ​ចោទថា រដ្ឋ​ជា​មេដឹកនាំ​អឺរ៉ុប​មួយ​នេះ​ជំពាក់​លុយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ច្រើនណាស់ ហើយ​លោក​ក៏​ទារ​ឲ្យ​រដ្ឋ​ជា​សម្ព័ន្ធមិត្ត​អាមេរិក​មួយ​នេះ​បង់ថ្លៃ​ការពារ​បន្ថែម​ឲ្យ​អាមេរិក​ទៀត​ដើម្បី​បាន​សុខ​។ 
 
​លោក ដូ​ណា​ល់ ត្រាំ  រិះគន់​អាល្លឺម៉ង់​ត្រឹម​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេលដែល អធិការបតី​អាល្លឺម៉ង់​លោកស្រី អែន​ជេ​ឡា មឺ​ហ្កែ​ល បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​និង​បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​ពី​បញ្ហា​ជាច្រើន​ជាពិសេស​សន្តិសុខ​និង​ការចំណាយ​ការពារជាតិ​ផងដែរ​។ ហើយ​រឿង​ដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​នៅ​ប្រធានាធិបតី ដូ​ណា​ល់  បដិសេធ​ចាប់ដៃ​ជាមួយ​អធិការបតី​អាល្លឺម៉ង់ ក្នុងពេលដែល​អ្នក​ទាំង​ពីរ​ជួបគ្នា​នៅ​ការិយាល័យ​ពងក្រពើរ (Oval Office)​។ 
 
​លោក ដូ​ណា​ល់ ត្រាំ បាន​សរសរ​បង្ហោះ​តាម​គណនី Twitter ផ្លូវការ​របស់ខ្លួន​ថា ៖«​អាល្លឺម៉ង់​ជំពាក់​លុយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ច្រើនណាស់ ហើយ​អាមេរិក​ត្រូវតែ​ទទួលបាន​បង់​វិភាគទាន​សម្រាប់​ការផ្តល់​ឲ្យ​អាល្លឺម៉ង់​នូវ​ការការពារ​សន្តិសុខ​ដ៏​ល្អ​នោះ​»​។​
 
​ប៉ុន្តែ​លោក​បាន​សរសេរ​បង្ហោះ​បន្ថែមថា ៖«​ខ្ញុំ​មាន​ជំនួប​ពិភាក្សា​មួយ​ដ៏​អស្ចារ្យ​ជាមួយ​អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា មឺ​ហ្កែ​ល ទៅជា​អ្នក​បានលឺ​ព័ត៌មាន​មិនល្អ​ពី​ព័ត៌មាន​ក្លែងក្លាយ​ក្តី​»​។
​ថ្វីបើ​លោក ត្រាំ ប្រាប់ថា​លោក​មាន​កិច្ចពិភាក្សា​ដ៏​ល្អ​ជាមួយ​អធិការបតី​អាល្លឺម៉ង់​ក៏ដោយ កាលពី​ថ្ងៃ​សុក្រ​នៅពេលដែល​មេដឹកនាំ​ទាំងពីរ​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា លោក ដូ​ណា​ល់ ត្រាំ បាន​ឆ្លៀតឱកាស​ទិតៀន​អាល្លឺម៉ង​និង​ចោទថា អាល្លឺម៉ង់​នេះ​អន​វត្ត​គោលការណ៍​ពាណិជ្ជកម្ម​មិន​ស្មោះត្រង់​ត្រឹមត្រូវ​ថែមទៀត​។ ហើយ​លោក​ក៏បាន​លើកឡើង​ពី​បញ្ហា​បង់លុយ​វិភាគទាន​ដល់​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ពី​សំណាក់​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប​ផងដែរ​។​
 
​ក្នុង​សន្និសីទ​ព័ត៌មាន​នោះដែរ លោកស្រី មឺ​ហ្កែ​ល​បាន​ឆ្លើយតប​ថា អាល្លឺម៉ង់​តែងតែ​ប្តេជ្ញាចិត្ត​ក្នុងការ​បង្កើន​ថវិកា​សម្រាប់​ចាយ​លើ​វិស័យ​ការពារជាតិ​ឲ្យ​ដល់ ២​ភាគរយ​នៃ​ផលិត​ក្នុងស្រុក​សរុប​ក្រោយពេល​ដែលមាន​ការឯកភាព​គ្នា​កាលពី​ឆ្នាំ ២០១៤​នោះ​។ តែ​គេ​បាន​ឯកភាពគ្នា​ហើយ​ថា វា​ត្រូវកា​ពេលវេលា ១០​ឆ្នាំ​។​
 
​តាមពិតទៅ លោកស្រី អធិការបតី​អាល្លឺម៉ង់ និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ហាក់​មិនសូវ​ស៊ី​ខ្សែរ​គ្នា​តាំងពីដើម​មកហើយ​។ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ទិតៀន​លោកស្រី តាំងពី​ពេល​ឃោសនាបោះឆ្នោត​មកម្ល៉េះ ហើយ​លោក​ថែមទាំង​បាន​ចោទថា ការសម្រេចចិត្ត​ទទួលយក​ជនភៀសខ្លួន​របស់លោក​ស្រី ជា​កំហុស​ធំធេង ហើយ​លោកស្រី​កំពុង​បំផ្លាញ​អាល្លឺម៉ង់​ថែមទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com