អន្តរជាតិ
ប្រជាជនកូរ៉េបាតុកម្មប្រឆាំងខែលការពារមីស៊ីល ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិកចេញផុត
× បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកចាកចេញផុត ប្រជាជនកូរ៉េខាងត្បូងបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មដើម្បីប្រឆាំងការពង្រាយខែលការពារមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូង។ ផ្នែកខ្លះនៃខែលមីស៊ីលនេះត្រូវបានបញ្ជូនមកដល់កូរ៉េខាងត្បួងកាលពីដើមសប្តាហ៍មុន ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទិក។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានចាកចេញពីប្រទេសកូរ៉េខាងត្បូងនាថ្ងៃសុក្រដើម្បីបន្តដំណើរទៅប្រទេសចិន។ ប៉ុន្តែមួយថ្ងៃក្រោយមកគេឃើញប្រជាជនកូរ៉េខាងត្បូងជាច្រើនរយនាក់ត្រៀមត្រាបាតុកម្មប្រឆាំងការពង្រាយខែលមីស៊ីលអាមេរិកនៅលើឧបទ្វីបកូរ៉េ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ក្នុងពេលបំពេញទស្សនកិច្ចនៅកូរ៉េនេះ ប្រមុខការទូតអាមេរិកលោក Tillerson បានបញ្ជាក់ជាថ្មីថា គម្រោងដំឡើងខែលការពារមីស៊ីលនេះនៅបន្តទៅមុខតាមការគ្រោងទុក។ ផ្នែកខ្លះនៃសព្វាវុធនេះត្រូវបានបញ្ជូលមកដល់កូរ៉េខាងត្បូងតាំងពីដើមសប្តាហ៍មុនមកម្ល៉េះបន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទិក ៤គ្រាប់នោះ។
ប្រជាជនដែលនាំគ្នាបាតុកម្មប្រឆាំងគម្រោងដំឡើងខែលការពារមីស៊ីលនេះមានប្រជាជនមកពីតំបន់ Seongju ដែលជាកន្លែងដែលប្រព័ន្ធការពារមីស៊ីលនេះត្រូវពង្រាយទៅនោះ។ បាតុករទាំងមានប្រហែលជា ២ពាន់នាក់ ហើយពួកគេមានកាន់បដាជាច្រើនដែលសរសេរថា « គ្មាន THAAD ប៉ុន្តែមានសន្តិភាព»។ក្នុងពេលបាតុកម្មនោះ ពួកគេបានបានរៀបរាប់ថាខែការពារមីស៊ីលនេះនឹងបង្កឲ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ហើយវាអាចនឹងក្លាយជាគោលដីធំបំផុតរបស់កូរ៉េខាងជើងថែមទៀតផង។
តាំងពីដើមមករដ្ឋាភិបាលក្រុងស៊េអ៊ូលនិងក្រុងវ៉ាស៊ីនតោនបានព្យាយាមបកស្រាយផងដែរថា ខែលការពារមីស៊ីលនេះជាគ្រឿងសម្រាប់ការពារខ្លួនសុទ្ធសាធ ប៉ុន្តែមហាយក្សចិនដែលមិនចង់ឃើញមានវត្តមានខែលការពារមីស៊ីលអាមេរិកនៅលើទឹកដីកូរ៉េនោះ មិនបានស្តាប់ការបកស្រាយឡើយ ។ រដ្ឋាភិបាលចិនថែមទាំងបានដាក់ចេញវិធានការជាច្រើនដើម្បីឆ្លើយតបកូរ៉េខាងត្បូងចំពោះការឈានទៅដំឡើងប្រព័ន្ធការពារមីស៊ីលនេះផងដែរ។ ជាក់ស្តែងក្រុមហ៊ុនកូរ៉េខាងត្បូងLOTTE ដែលស្ថិតនៅប្រទេសចិនត្រូវបិទ ហើយមានចលនាបំផុសបំផុសឲ្យប្រជាជនចិនឈប់ប្រើប្រាស់ផលិតផលកូរ៉េខាងត្បូងថែមទៀត៕
Tag:
THAAD
Rex Tillerson
ចិន
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com