អន្តរជាតិ
ប្រជាជន​កូរ៉េ​បាតុកម្ម​ប្រឆាំង​ខែល​ការពារ​មី​ស៊ី​ល ក្រោយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ចេញផុត​
20, Mar 2017 , 8:29 am        
រូបភាព
 បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ចាកចេញ​ផុត ប្រជាជន​កូរ៉េខាងត្បូង​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ដើម្បី​ប្រឆាំង​ការពង្រាយ​ខែល​ការពារ​មី​ស៊ី​ល THAAD នៅលើ​ទឹកដី​កូរ៉េខាងត្បូង​។ ផ្នែក​ខ្លះ​នៃ​ខែល​មី​ស៊ី​ល​នេះ​ត្រូវបាន​បញ្ជូន​មកដល់​កូរ៉េ​ខាង​ត្បួ​ង​កាលពីដើម​សប្តាហ៍​មុន ក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​។​



​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson បាន​ចាក​ចេញពី​ប្រទេស​កូរ៉េខាងត្បូង​នា​ថ្ងៃ​សុក្រ​ដើម្បី​បន្តដំណើរ​ទៅ​ប្រទេស​ចិន​។ ប៉ុន្តែ​មួយថ្ងៃ​ក្រោយមក​គេ​ឃើញ​ប្រជាជន​កូរ៉េខាងត្បូង​ជាច្រើន​រយ​នាក់​ត្រៀម​ត្រា​បាតុកម្ម​ប្រឆាំង​ការពង្រាយ​ខែល​មី​ស៊ី​ល​អាមេរិក​នៅលើ​ឧបទ្វីប​កូរ៉េ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​នេះ ប្រមុខ​ការទូត​អាមេរិក​លោក Tillerson បានបញ្ជាក់​ជាថ្មី​ថា គម្រោង​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល​នេះ​នៅ​បន្ត​ទៅមុខ​តាម​ការគ្រោងទុក​។ ផ្នែក​ខ្លះ​នៃ​សព្វាវុធ​នេះ​ត្រូវបាន​ប​ញ្ជូ​ល​មកដល់​កូរ៉េខាងត្បូង​តាំងពីដើម​សប្តាហ៍​មុន​មកម្ល៉េះ​បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ៤​គ្រាប់​នោះ​។

​ប្រជាជន​ដែល​នាំគ្នា​បាតុកម្ម​ប្រឆាំង​គម្រោង​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល​នេះ​មាន​ប្រជាជន​មកពី​តំបន់ Seongju ដែលជា​កន្លែង​ដែល​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​ត្រូវ​ពង្រាយ​ទៅនោះ​។ បាតុករ​ទាំង​មាន​ប្រហែលជា ២​ពាន់​នាក់ ហើយ​ពួកគេ​មាន​កាន់​បដា​ជាច្រើន​ដែល​សរសេរថា « គ្មាន THAAD ប៉ុន្តែ​មាន​សន្តិភាព​»​។​ក្នុងពេល​បាតុកម្ម​នោះ ពួកគេ​បាន​បាន​រៀបរាប់ថា​ខែ​ការពារ​មី​ស៊ី​ល​នេះ​នឹង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន ហើយ​វា​អាច​នឹង​ក្លាយជា​គោល​ដី​ធំ​បំផុត​របស់​កូរ៉េខាងជើង​ថែម​ទៀតផង​។​

​តាំងពីដើម​មក​រដ្ឋាភិបាល​ក្រុង​ស៊េ​អ៊ូ​ល​និង​ក្រុង​វ៉ាស៊ីនតោន​បាន​ព្យាយាម​បកស្រាយ​ផងដែរ​ថា ខែល​ការពារ​មី​ស៊ី​ល​នេះ​ជា​គ្រឿង​សម្រាប់​ការពារ​ខ្លួន​សុទ្ធសាធ ប៉ុន្តែ​មហា​យក្ស​ចិន​ដែល​មិន​ចង់ឃើញ​មាន​វត្តមាន​ខែល​ការពារ​មី​ស៊ី​ល​អាមេរិក​នៅលើ​ទឹកដី​កូរ៉េ​នោះ មិនបាន​ស្តាប់​ការបកស្រាយ​ឡើយ ។  រដ្ឋាភិបាល​ចិន​ថែមទាំង​បានដាក់​ចេញ​វិធានការ​ជាច្រើន​ដើម្បី​ឆ្លើយតប​កូរ៉េខាងត្បូង​ចំពោះ​ការ​ឈានទៅ​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​ផងដែរ​។ ជាក់ស្តែង​ក្រុមហ៊ុន​កូរ៉េខាងត្បូង​LOTTE ដែល​ស្ថិតនៅ​ប្រទេស​ចិន​ត្រូវ​បិទ ហើយ​មាន​ចលនា​បំផុស​បំផុស​ឲ្យ​ប្រជាជន​ចិន​ឈប់​ប្រើប្រាស់​ផលិតផល​កូរ៉េខាងត្បូង​ថែមទៀត​៕


Tag:
 THAAD
  Rex Tillerson
  ចិន​
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com