ជាតិ
ព្រះមហាក្សត្រ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​តាម​សតិសម្បជញ្ញៈ​រៀងខ្លួន​
20, Mar 2017 , 12:13 pm        
រូបភាព
​ព្រះមហាក្សត្រ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ទៅ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយ​ប្រើ​សិទ្ធិសេរីភាព និង​សតិសម្បជញ្ញៈ​រៀងៗ​ខ្លួន​។ ព្រះករុណា ក៏បាន​មាន​ព្រះរាជឱង្ការ កុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បារម្ភ​ពី​ការគំរាមកំហែង  ឬ​សម្លុត​ពី​ជន​ណា ឬ​បក្ស​ណា​ឡើយ ពីព្រោះ​ការបោះឆ្នោត​នេះ ជាការ​បោះឆ្នោត​ដោយ​សំងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​។​



​ព្រះករុណា សម្តេច ព្រះបាទ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ទៅ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា​ខាងមុខ ឲ្យ​បាន​គ្រប់ៗ​គ្នា​។

​ក្នុង​ព្រះរាជសារ ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ និង​ផ្សាយ​នៅ​គេហទំព័រ​គ​.​ជ​.​ប នៅ​ថ្ងៃទី​២០​មីនា​នេះ ព្រះករុណា ព្រះបាទ​នរោត្តម សីហមុនី បាន​ប្រាប់​ទៅ​ប្រជារាស្ត្រ​របស់​ព្រះអង្គ កុំ​ឲ្យ​ព្រួយបារម្ភ​ពី​ការគំរាមកំហែង  ឬ​សម្លុត​ពី​ជន​ណា ឬ​បក្ស​ណា​ឡើយ ពីព្រោះ​ការបោះឆ្នោត​នៅ​ថ្ងៃទី​៤ ខែមិថុនា គឺជា​ការបោះឆ្នោត​ជាទូទៅ ជាស​កល ដោយ​សំងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​។ 

​ព្រះមហាក្សត្រ មាន​ព្រះរាជឱង្ការ​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ឲ្យ​បងប្អូន កូនក្មួយ មេត្តា​ប្រើ​សិទ្ធិសេរីភាព​របស់ខ្លួន បោះឆ្នោត​ទៅតាម​សតិសម្បជញ្ញៈ​របស់ខ្លួន​ម្នាក់ៗ ដែលមាន​ទំនុកចិត្ត​លើ​បេក្ខជន​ណា​ម្នាក់ ឬ​គណបក្សនយោបាយ​ណាមួយ​»​។​

​សូមបញ្ជាក់ថា មាន​គណបក្សនយោបាយ​ចំនួន​១២ បាន​ចុះបញ្ជី​បេក្ខជន​សម្រាប់​ប្រកួតប្រជែង​ការបោះឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អណ​ត្តិ​ទី​៤ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៤ ខែមិថុនា​ខាងមុខ​។ គណបក្ស​ទាំង​១២ នោះ​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សំបុក​សង្គម​ប្រជាធិបតេយ្យ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​អំណាច​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​យុវជន​កម្ពុជា គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​។

​យោងតាម​របាយការណ៍​បណ្តោះអាសន្ន​ពី​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​សុំ​ចុះបញ្ជី​នៅ​ឃុំ សង្កាត់​ទាំង​១,៦៤៦ នៅ​ទូទាំងប្រទេស​។

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឈរ​នៅ​៨០៤​ឃុំ​-​សង្កាត់ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៧៨៧​ឃុំ​-​សង្កាត់ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ៦២២​ឃុំ​-​សង្កាត់ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ២២៣​ឃុំ​-​សង្កាត់​។​

​គណបក្ស​ផ្សេងទៀត​រួមមាន គណបក្ស​សញ្ជាតិ​កម្ពុជា ៥៣​ឃុំ​-​សង្កាត់ គណបក្ស​អំណាច​ខ្មែរ ២៩​ឃុំ​-​សង្កាត់ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​២៧ ឃុំ​-​សង្កាត់ គណបក្ស​យុវជន​កម្ពុជា ១៩​ឃុំ​-​សង្កាត់ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ១៨​ឃុំ​-​សង្កាត់ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ១៦​ឃុំ​-​សង្កាត់​៕

Tag:
 ព្រះមហាក្សត្រ​
  ​បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com