អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដូ​ណា​ល់ ត្រាំ ទារលុយ​ថ្លៃ​ការពារ តែ​អាល្លឺម៉ង់​ឆ្លើយតប​វិញ​ថា ខ្លួន​អត់​បាន​ជំពាក់​ទេ​
20, Mar 2017 , 12:36 pm         8230
រូបភាព
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Ursula von der Leyen (រូបថត Xinhua)
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Ursula von der Leyen (រូបថត Xinhua)
ដោយ: ថ្មីៗ
 
 
​រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ Ursula von der Leyen បាន​ទាត់ចោល​ការទាមទារ​ថ្លៃ​ការពារ​ដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បង្ហោះ​លើ​គណនី Twitter របស់លោក​។ លោក ត្រាំ សរសេរថា អាល្លឺម៉ង់​ជំពាក់​លុយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ និង​អាមេរិក​ច្រើនណាស់ ហើយ​អាល្លឺម៉ង់​ត្រូវតែ​បង់​វិភាគទាន​របស់ខ្លួន​។ យ៉ាងណាក្ដី រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ ប្រា​ប់លោក ត្រាំ វិញ​ថា អាល្លឺម៉ង់​មិនបាន​ជំពាក់​លុយ​ណា​តូ និង​អាមេរិក​ឡើយ​។​
 
​ជាការ​ឆ្លើយតប​នឹង​ការទាមទារ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រមុខ​ការពារជាតិ​អាល្លឺម៉ង់ លោកស្រី Ursula von der Leyen និយាយថា អាល្លឺម៉ង់ មិនបាន​ជំពាក់​លុយ ណា​តូ និង​អាមេរិក​ច្រើនសន្ធឹក​សន្ធាប់ ដូច​ការលើកឡើង​ឡើយ ព្រោះ​ណា​តូ​គ្មាន​គណនី​បំណុល​អ្វី​ទាំងអស់​។ លោក ត្រាំ ទារលុយ​ពី​អាល្លឺម៉ង់ ក្រោយ​ជំនួប​សោះកក្រោះ​ជាមួយ​អធិការបតី អែន​ជេ​ឡា មឺ​ហ្កែ​ល (Angela Merkel) នៅ​សេត​វិមាន​ដែល​លោក ត្រាំ មិន​ព្រម​ចាប់ដៃ​លោកស្រី មឺ​ហ្កែ​ល សោះ​។​
 
​បើតាម​សារព័ត៌មាន RT ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់​និយាយ​ដែរ​ថា វា​ជា​រឿង​ខុសឆ្គង​មួយ ព្រោះ​អាល្លឺម៉ង់​មិនមែន​ចំណាយ​សម្រាប់តែ​សម្ព័ន្ធ​យោធា​ណា​តូ​មួយ​ឡើយ​។ ពោល គឺ​អាល្លឺម៉ង់​បែងចែក​ចំណាយ​យោធា​របស់ខ្លួន​លើ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​, ប្រតិបត្តិការ​ទាំងឡាយ​របស់​សហភាព​អឺរ៉ុប ក៏ដូចជា​ថ្លៃ​ចំណាយ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​មជ្ឈិមបូព៌ា​ជាដើម​។​
 
​រឿង​ចំណាយ​នេះ គឺជា​បញ្ហា​ឈឺក្បាល​របស់​សមាជិក​ណា​តូ និង​អាមេរិក ដែលជា​អ្នកចូលរួម​វិភាគទាន​ច្រើនជាងគេ​សម្រាប់​សម្ព័ន្ធ​យោធា​នេះ​។ ចាប់ពី​លោក ត្រាំ ឡើងកាន់តំណែង​មក​នោះ លោក​ក៏​ចាប់ផ្ដើម​ទារ​ថ្លៃ​ចំណាយ​ពី​សំណាក់​សមាជិក​ទាំងអស់ ដើម្បី​សម្រាលអម្រែក​ដ៏​ធ្ងន់​ហិរញ្ញវត្ថុ​របស់​អាមេរិក​។ នៅក្រោយ​ជំនួប​ជាមួយ​លោកស្រី Merkel លោក ត្រាំ បាន​ទារ​ឲ្យ​អាល្លឺម៉ង់​បង់លុយ​ឲ្យ​អាមេរិក​បន្ថែម បើសិន​ចង់​ជ្រក​ក្រោម​ឆ័​ត្រ​សន្តិសុខ​អាមេរិក​។​
 
​ទាក់ទង​រឿងនេះ​ដែរ លោកស្រី​រដ្ឋមន្ត្រី​ការពារជាតិ​ដដែល​បញ្ជាក់ថា អ្វីដែល​អាល្លឺម៉ង់​ចង់បាន គឺ​ការបែងចែក​ការចូល​វិភាគទាន​ដោយ​ស្មើភាព ហើយ​ដើម្បី​ធ្វើ​ដូច្នេះ គឺ​ត្រូវការ​គំនិត​បង្កើត​ប្រព័ន្ធ​សន្តិសុខ​ថ្មី ដែល​រួមបញ្ចូល​សម្ព័ន្ធ​ណា​តូ​ទំនើប ក៏ដូចជា​ការចូលរួម​ជាមួយ​អង្គការសហប្រជាជាតិ​ផងដែរ​។ លោកស្រី​ហាក់​និយាយ​ឌឺដង​ឲ្យ​រដ្ឋបាល​អាមេរិក ដែល​ចង់​កាត់បន្ថយ​វិភាគទាន​របស់ខ្លួន​សម្រាប់​អង្គការសហប្រជាជាតិ បើ​គ្មាន​ការផ្លាស់ប្ដូរ​ទេនោះ​។​
 
​យ៉ាងណាមិញ ក្រៅពី​បង្ហោះ​សារ​ទារលុយ​ហើយ លោក​បាន​សរសេរ​បង្ហោះ​តាម Twitter បន្ថែមថា លោក​មាន​ជំនួប​ពិភាក្សា​មួយ​ដ៏​អស្ចារ្យ​ជាមួយ​អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា មឺ​ហ្កែ​ល ទោះ​ជាមាន​ព័ត៌មាន​មិនល្អ ឬ​ព័ត៌មាន​ក្លែងក្លាយ​ក្តី​ជុំវិញ​ជំនួប​នេះ​ក្ដី​។ តាមពិតទៅ អធិការបតី​អាល្លឺម៉ង់ និង​ប្រធានាធិបតី​អាមេរិក មិនសូវ​ស៊ី​ខ្សែរ​គ្នា​តាំងពីដើម​។ លោក ត្រាំ បាន​និយាយ​ទិតៀន​លោកស្រី តាំងពី​ពេល​ឃោសនាបោះឆ្នោត​មកម្ល៉េះ ជា​ពិ​សេ​សេ​ការសម្រេចចិត្ត​ទទួលយក​ជនភៀសខ្លួន​តែម្ដង​៕ 
 
  
 
  
 
 
Tag:
 អាល្លឺម៉ង់​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Ursula von der Leyen
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next