អន្តរជាតិ
នយោបាយអន្តរជាតិ
ដូណាល់ ត្រាំ ទារលុយថ្លៃការពារ តែអាល្លឺម៉ង់ឆ្លើយតបវិញថា ខ្លួនអត់បានជំពាក់ទេ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Ursula von der Leyen (រូបថត Xinhua)
×
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Ursula von der Leyen បានទាត់ចោលការទាមទារថ្លៃការពារដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហោះលើគណនី Twitter របស់លោក។ លោក ត្រាំ សរសេរថា អាល្លឺម៉ង់ជំពាក់លុយបក្សសម្ព័ន្ធយោធាណាតូ និងអាមេរិកច្រើនណាស់ ហើយអាល្លឺម៉ង់ត្រូវតែបង់វិភាគទានរបស់ខ្លួន។ យ៉ាងណាក្ដី រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ប្រាប់លោក ត្រាំ វិញថា អាល្លឺម៉ង់មិនបានជំពាក់លុយណាតូ និងអាមេរិកឡើយ។
ជាការឆ្លើយតបនឹងការទាមទាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប្រមុខការពារជាតិអាល្លឺម៉ង់ លោកស្រី Ursula von der Leyen និយាយថា អាល្លឺម៉ង់ មិនបានជំពាក់លុយ ណាតូ និងអាមេរិកច្រើនសន្ធឹកសន្ធាប់ ដូចការលើកឡើងឡើយ ព្រោះណាតូគ្មានគណនីបំណុលអ្វីទាំងអស់។ លោក ត្រាំ ទារលុយពីអាល្លឺម៉ង់ ក្រោយជំនួបសោះកក្រោះជាមួយអធិការបតី អែនជេឡា មឺហ្កែល (Angela Merkel) នៅសេតវិមានដែលលោក ត្រាំ មិនព្រមចាប់ដៃលោកស្រី មឺហ្កែល សោះ។
បើតាមសារព័ត៌មាន RT ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់និយាយដែរថា វាជារឿងខុសឆ្គងមួយ ព្រោះអាល្លឺម៉ង់មិនមែនចំណាយសម្រាប់តែសម្ព័ន្ធយោធាណាតូមួយឡើយ។ ពោល គឺអាល្លឺម៉ង់បែងចែកចំណាយយោធារបស់ខ្លួនលើបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ, ប្រតិបត្តិការទាំងឡាយរបស់សហភាពអឺរ៉ុប ក៏ដូចជាថ្លៃចំណាយក្នុងយុទ្ធនាការប្រឆាំងក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅមជ្ឈិមបូព៌ាជាដើម។
រឿងចំណាយនេះ គឺជាបញ្ហាឈឺក្បាលរបស់សមាជិកណាតូ និងអាមេរិក ដែលជាអ្នកចូលរួមវិភាគទានច្រើនជាងគេសម្រាប់សម្ព័ន្ធយោធានេះ។ ចាប់ពីលោក ត្រាំ ឡើងកាន់តំណែងមកនោះ លោកក៏ចាប់ផ្ដើមទារថ្លៃចំណាយពីសំណាក់សមាជិកទាំងអស់ ដើម្បីសម្រាលអម្រែកដ៏ធ្ងន់ហិរញ្ញវត្ថុរបស់អាមេរិក។ នៅក្រោយជំនួបជាមួយលោកស្រី Merkel លោក ត្រាំ បានទារឲ្យអាល្លឺម៉ង់បង់លុយឲ្យអាមេរិកបន្ថែម បើសិនចង់ជ្រកក្រោមឆ័ត្រសន្តិសុខអាមេរិក។
ទាក់ទងរឿងនេះដែរ លោកស្រីរដ្ឋមន្ត្រីការពារជាតិដដែលបញ្ជាក់ថា អ្វីដែលអាល្លឺម៉ង់ចង់បាន គឺការបែងចែកការចូលវិភាគទានដោយស្មើភាព ហើយដើម្បីធ្វើដូច្នេះ គឺត្រូវការគំនិតបង្កើតប្រព័ន្ធសន្តិសុខថ្មី ដែលរួមបញ្ចូលសម្ព័ន្ធណាតូទំនើប ក៏ដូចជាការចូលរួមជាមួយអង្គការសហប្រជាជាតិផងដែរ។ លោកស្រីហាក់និយាយឌឺដងឲ្យរដ្ឋបាលអាមេរិក ដែលចង់កាត់បន្ថយវិភាគទានរបស់ខ្លួនសម្រាប់អង្គការសហប្រជាជាតិ បើគ្មានការផ្លាស់ប្ដូរទេនោះ។
យ៉ាងណាមិញ ក្រៅពីបង្ហោះសារទារលុយហើយ លោកបានសរសេរបង្ហោះតាម Twitter បន្ថែមថា លោកមានជំនួបពិភាក្សាមួយដ៏អស្ចារ្យជាមួយអធិការបតីអាល្លឺម៉ង់ អែនជេឡា មឺហ្កែល ទោះជាមានព័ត៌មានមិនល្អ ឬព័ត៌មានក្លែងក្លាយក្តីជុំវិញជំនួបនេះក្ដី។ តាមពិតទៅ អធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីអាមេរិក មិនសូវស៊ីខ្សែរគ្នាតាំងពីដើម។ លោក ត្រាំ បាននិយាយទិតៀនលោកស្រី តាំងពីពេលឃោសនាបោះឆ្នោតមកម្ល៉េះ ជាពិសេសេការសម្រេចចិត្តទទួលយកជនភៀសខ្លួនតែម្ដង៕
Tag:
អាល្លឺម៉ង់
អាមេរិក
ដូណាល់ ត្រាំ
Ursula von der Leyen
© រក្សាសិទ្ធិដោយ thmeythmey.com