ជាតិ
កម្ពុជាសុំឲ្យសមាជិក WTO ទទួលប្រទេសទីម័រខាងកើតចូលជាសមាជិកថ្មី
× សៀមរាប៖ សម្តេច ហ៊ុន សែន ក្នុងពិធីបើកកិច្ចប្រជុំតុមូលចិនលើកទី៥នៅខេត្តសៀមរាប បានអំពាវនាវឲ្យប្រទេសជាសមាជិក WTO យោគយល់ និងផ្តល់ភាពអនុគ្រោះដល់ប្រទេសដែលស្នើសុំចូលថ្មី។ សម្តេចលើកឡើងថា តួយ៉ាងដូចជាប្រទេសទីម័រខាងកើត គឺមានភាពវិជ្ជមានជាច្រើន ដែលអាចចូលជាសមាជិកថ្មីរបស់អង្គការ WTO បាន។
ជាមួយគ្នានេះដែរ សម្តេច ហ៊ុន សែន បានធ្វើការប្រៀបធៀបចំពោះការរីកចម្រើនរបស់ប្រទេសទីម័រនាពេលបច្ចុប្បន្នថា មានភាពរីកចម្រើនជាងពេលដែលកម្ពុជាចូលជាសមាជិក WTO ។ សម្តេចបានបន្តថា៖« ខ្ញុំបានធ្វើដំណើរទៅប្រទេសទីម័រលេស ដើម្បីពិនិត្យមើលស្ថានភាពទីម័រលេស... ខ្ញុំអាចនិយាយបានថា ទីម័រលេសនាពេលបច្ចុប្បន្ននេះ ស្ថានភាពប្រសើរជាងពេលកម្ពុជាចូល WTO ហេតុអ្វីបានជាយើងរាំងស្ទះទីម័រលេសមិនឲ្យចូល WTO? នេះជាចំណុចដែលខ្ញុំចង់និយាយថា សុំឲ្យអ្នកធ្វើដំណើរទៅមុន យោគយល់ចំពោះអ្នកធ្វើដំណើរតាមក្រោយ...»។
សម្តេច បញ្ជាក់ថា កន្លងមកគេមិនសូវជឿទុកចិត្តកម្ពុជាប៉ុន្មានទេ តែពេលនេះកម្ពុជាអាចធ្វើបាន ហើយកម្ពុជាជឿជាក់ថា ប្រទេសទីម័រខាងកើតក៏អាចធ្វើបានដូចគ្នា៕
សូមស្តាប់ប្រសាសន៍សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com