ជាតិ
បក្សប្រឆាំង នឹង​ចូលប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា ជាមួយ​បក្ស​កាន់អំណាច​នៅ​ថ្ងៃ​អង្គារ​
20, Mar 2017 , 3:05 pm         6170
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រធាន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ពី​គណបក្ស​សង្គ្រោះ​ជាតិ នឹងចូលរួម​ប្រជុំ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ។ នេះ​បើតាម​លោក ប៉ុល ហំ​ម អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ទី​៣​នៃ​រដ្ឋសភា​។​


​លោក ប៉ុល ហំ​ម មិនទាន់​ដឹងថា ប្រធាន​គណៈ​កម្ម​ជំនាញ​ណាខ្លះ ពី​គណបក្ស​សង្គ្រោះ​ជាតិ នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ​នោះទេ​។ ប៉ុន្តែ ចំពោះ​លោក ប៉ុល ហំ​ម ខ្លួនឯង​ផ្ទាល់ នឹង​អវត្តមាន​នៅក្នុង​កិច្ចប្រជុំ​នោះ ដោយសារតែ​លោក កំពុង​បំពេញបេសកកម្ម​នៅតាម​ខេត្ត​។ លោក ប៉ុល ហំ​ម នឹង​ប្រគល់​ភារកិច្ច ឲ្យ​ទៅ​លោក ហ៊ូ ស្រ៊ី ដែលជា​អនុប្រធាន​គណៈកម្មការ​ជំនាញ​ទី​៣ ចូលរួម​ប្រជុំ​ជំនួស វិញ​។

​ចំ​ណែន​ឯ លោក ហ៊ូរ វ៉ាន់ ប្រធាន​គណៈកម្មការ​ជំនាញ​ទី​១០ នៃ​រដ្ឋសភា ក៏​មិនបាន​ចូលរួម​ប្រជុំ​ដែរ ដោយសារតែ​លោក កំពុងតែ​ស្ថិត​នៅឯ​សហរដ្ឋអាមេរិក​។ នេះ​ជាការ​អះអាង​របស់លោក ប៉ុល ហំ​ម ដដែល​។

​លោក ប៉ុល ហំ​ម ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​យើង​មិន​ដែលថា​អត់​ទៅ (​ប្រជុំ​) នោះទេ​។  តែ​អ្នកណា​ខ្លះទៅ ហើយ​អ្នកណាខ្លះ​មិន​ទៅ ខ្ញុំ​មិនដឹង​ទេ​។ ទាល់តែ​សួរ​ពួកគាត់​ម្នាក់ៗ បានដឹង​»​។

​ប្រធាន​គណៈកម្មការ​ជំនាញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន​៥​នាក់ ស្មើនឹង​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ និង​ជា​អគ្គលេខាធិការ​រដ្ឋសភា បាន​បញ្ជាក់ថា កិច្ចប្រជុំ​ខាងលើ នឹង​កំណត់​ពី​កាលបរិច្ឆេទ​នៃ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា នាពេលខាងមុខ​។ ទោះជា​មិនទាន់​ដឹង​ច្បាស់​ពិតមែន ប៉ុន្តែ ឡេង ប៉េងឡុង សន្និដ្ឋានថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ ទំនងជា​កំណត់​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា នៅ​ដើមខែ​មេសា ឆ្នាំ​២០១៧ ។

​អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ បន្តទៀតថា ក្រៅពី​កំណត់​កាលបរិច្ឆេទ​នៃ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា គណៈកម្មាធិការ​អចិន្ត្រៃយ៍​ក៏មាន​របៀបវារៈ​មួយចំនួនទៀត​ដែរ ដូចជា សេចក្តីស្នើច្បាប់​ស្តីពី «​វិសោធនកម្ម​ច្បាប់​ស្តីពី លក្ខន្តិកៈ​មន្ត្រីរាជការ​នៃ​ក្រុម​នីតិបញ្ញត្តិ​» ជាដើម​៕

Tag:
 ប្រជុំ​សភា​
  CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12next