អន្តរជាតិ
Duterte ថា បើធ្វើសង្គ្រាមជាមួយចិន ហ្វីលីពីននឹងត្រូវខ្ទេចមិនខាន ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (រូបថត GMA Network)
× ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានលើកសរសើរអានុភាពយោធារបស់ចិន ដែលខ្លាំងដល់ថ្នាក់លោកមិនហ៊ានប្រកាសសង្គ្រាម ឬសូម្បីតែរារាំងសកម្មភាពចិននោះ។ លោកនិយាយបែបនេះ ពេលអ្នកកាសែតសួរលោកទាក់ទងព័ត៌មានដែលផ្សាយថា ចិននឹងសាងសង់ស្ថានីយ៍ត្រួតពិនិត្យបរិស្ថានតំបន់ Scarborough Shoal ជាទីប្រទាញប្រទង់នៅសមុទ្រចិនខាងត្បូង តែចិនដណ្ដើមគ្រប់គ្រងកាលពីឆ្នាំ២០១២ ។
ពេលសួរថា លោកនឹងធ្វើអ្វី ពេលចិនចង់សាងសង់សំណង់នៅតំបន់ថ្មីប៉ប្រះទឹក Scarborough Shoal ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានឆ្លើយដោយត្រង់ថា លោកមិនអាចបញ្ឈប់ចិនពីការធ្វើសកម្មភាពទាំងនេះបានឡើយ។ កាលពីថ្ងៃទី១៧ ខែមីនា សារព័ត៌មាន Reuters បានស្រង់សម្ដីអភិបាលក្រុង Sansha ថា ចិនកំពុងរៀបចំសាងសង់ស្ថានីយ៍ពិនិត្យមួយតំបន់ជាច្រើននៅសមុទ្រចិនខាងត្បូង រួមទាំងតំបន់ Scarborough Shoal ដែរនោះ។
ឆ្លើយប្រាប់អ្នកកាសែតមុនឡើងយន្តហោះទៅកាន់មីយ៉ាន់ម៉ា ប្រធានាធិបតី Duterte ដែលបែរខ្នងដាក់អាមេរិក និងងាកទៅរកចិននាពេលចុងក្រោយនេះលើកជាសំណួរវិញថា៖ «តើចង់ឲ្យខ្ញុំធ្វើអ្វី? ប្រកាសសង្គ្រាមប្រឆាំងចិន? ខ្ញុំមិនអាចធ្វើសង្គ្រាមឡើយ។ កងកម្លាំងយោធា និងប៉ូលិសរបស់ហ្វីលីពីន នឹងចាញ់ទាំងអស់ ហើយហ្វីលីពីននឹងខ្ទេចខ្ទីមិនខាន»។
ជាជាងប្រើកម្លាំងយោធា លោក Duterte ធ្លាប់ប្រកាសហើយថា លោកចង់ពិភាក្សាបែងចែកប្រយោជន៍សេដ្ឋកិច្ចវិញ។ បើតាមសារព័ត៌មាន Rappler ប្រធានាធិបតីរូបនេះបន្ថែមថា លោកអាចប្រាប់ឲ្យចិនបើកចំហតំបន់នោះ ដោយមិនត្រូវហាមឃាត់គេឯងឡើយ ហើយក៏មិនត្រូវប្រឈមមុខជាមួយកងឆ្មាំការពារឆ្នេររបស់ហ្វីលីពីនដែរ។
ចិន បានដណ្ដើមត្រួតត្រាតំបន់នេះ ក្រោយការប៉ះទង្គិចមួយប្រាវកាលពីឆ្នាំ២០១២ ។ Scarborough Shoal ជាតំបន់ប្រទាញប្រទង់សំខាន់មួយ នៅសមុទ្រចិនខាងត្បូង ដែលចិនទាមទារស្ទើរទាំងស្រុងទៅហើយ។ ហ្វីលីពីន និងវៀតណាម ក៏ទាមទារសិទ្ធិគ្រប់គ្រងលើតំបន់ដូចគ្នា តែពួកគេហាក់ខ្លាចអានុភាពយោធាចិន ដែលកំពុងធ្វើទំនើបកម្មកងទ័ពឥតឈប់ឈរ។
ច្បាស់ណាស់ថា បើនិយាយរឿងកម្លាំងយោធានោះ ហ្វីលីពីន ពិតជាមិនអាចប្រៀបធៀបជាមួយមហាយក្សចិនបានឡើយ ហើយឧទាហរណ៍ជាក់ស្ដែង គឺការប៉ះទង្គិចនៅ Scarborough Shoal តែម្ដង។ ជាមួយនឹងចំនួនកងទ័ពដ៏ច្រើន អមដោយសព្វាវុធទំនើបៗជាច្រើន ចិនមិនខ្លាចប្រើយោធាដើម្បីការពារអ្វីដែលខ្លួនដណ្ដើមបានដែរ។ ជារឿយៗ ចិនក៏ព្រមានប្រទេសដទៃដែលមិនជាប់ពាក់ព័ន្ធជម្លោះនេះ មិនត្រូវលូកដៃចូលបញ្ហានេះដែរ។
ទំនងជាដឹងសមត្ថភាពខ្លួនឯង ប្រធានាធិបតិហ្វីលីពីន បានបន្ទន់ជំហរច្រើន និងមិនសូវនិយាយប្រឆាំងចិនអ្វីឡើយ។ ចាប់តាំងពីការឡើងកាន់តំណែមកនោះ លោក Duterte បានងាកទៅ ពង្រឹង ចំណងមិត្តភាពជាមួយចិន ទៅទស្សនកិច្ចនៅទឹកដីចិន ដែលហុចផលមកវិញនូវជំនួយជាទឹកប្រាក់រាប់ពាន់លានដុល្លារឯណោះ។ លើសពីនោះ លោក Duterte នាំហ្វីលីពីនឃ្លាតកាន់តែឆ្ងាយពីអាមេរិក ដែលជាសម្ព័ន្ធមិត្តយូរអង្វែងទៀតផង៕
Tag:
ហ្វីលីពីន
ចិន
Rodrigo Duterte
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com