អន្តរជាតិ
អឺរ៉ុប​ស្នើ​បញ្ឈប់​ការអនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ តែ Duterte ប្រាប់ថា «​ខ្វល់​តែ​រឿង​ខ្លួនឯង​ទៅ​»
20, Mar 2017 , 8:39 pm        
រូបភាព
ប្រធានាធិបតី Rodrigo Duterte ជួបជាមួយសហគមន៍ហ្វីលីពីននៅមីយ៉ាន់ម៉ា (រូបថត Rappler)
ប្រធានាធិបតី Rodrigo Duterte ជួបជាមួយសហគមន៍ហ្វីលីពីននៅមីយ៉ាន់ម៉ា (រូបថត Rappler)
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​រិះគន់​សភា​អឺរ៉ុប ដែល​បង្ហាញ​ការព្រួយបារម្ភ​ជុំវិញ​ការអនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ​។ លោក Duterte ទាត់ចោល​សំណើ​របស់​អឺរ៉ុប​ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន បោះបង់​ការប៉ុនប៉ង​អនុវត្ត​ទោស​ដ៏​ធ្ងន់​នេះ​នៅត្រឹម​ស្ថាប័ន​នីតិបញ្ញតិ​។ លោក​និយាយថា ការអនុវត្ត​ទោស​ប្រហារជីវិត ជា​រឿង​ផ្ទៃក្នុង​ហ្វីលីពីន ហើយ​មិនមែនជា​រឿង​ចម្លែក​ឡើយ ព្រោះ​ប្រទេស​សមាជិក​អាស៊ាន​ខ្លះ​ក៏​នៅតែ​មានទោស​ប្រហារជីវិត​ដដែល​។​



​សំណើ​អនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ​របស់​រដ្ឋបាល​ប្រធានាធិបតី Rodrigo Duterte ដែល​ចង់​ប្រើ​ទោស​នេះ​ដើម្បី​បន្លាច​ឧក្រិដ្ឋជន បាន​ឆ្លង​ផុតដៃ​រដ្ឋសភា​ហើយ និង​ធ្លាក់​ដល់​ព្រឹទ្ធសភា​ពិភាក្សា​បន្ត​។ ប៉ុន្តែ​សភា​អឺរ៉ុប​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន ផ្អាក​ដំណើរការ​ត្រឹមនេះ ព្រោះ​ទោស​ដ៏​ធ្ងន់ធ្ងរ​នេះ បាន​លក្ខណៈ​បំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​។ សំណើ​របស់​សភា​អឺរ៉ុប ធ្វើ​ឲ្យ​លោក Duterte ក្ដៅក្រហាយ​យ៉ាងខ្លាំង និង​ព្រលះ​អឺរ៉ុប​ដែល​ចេះតែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​របស់លោក​។​

​ចំពោះមុខ​ប្រជាជន​ហ្វីលីពីន​រាប់រយ​នៅឯ​មី​យ៉ាន់​ម៉ា លោក​ប្រធានាធិបតី Duterte ក៏បាន​ប្រាប់​អឺរ៉ុប មិនត្រូវ​ដាក់​សម្ពាធ ឬក៏​អនុវត្ត​វប្បធម៌​របស់​ខ្លួនឯង​លើ​ប្រទេស​ដទៃ​ផ្សេង​ឡើយ​។ លោក​បាន​ប្រតិកម្ម​ទាំង​កំហឹង​លើ​សេចក្ដីសម្រេច​របស់​សមា​ជិ​ក​សភា​អឺរ៉ុប​ទៀតថា ហេតុអ្វី​បានជា​អឺរ៉ុប​មិន​ខ្វល់ខ្វាយ​បញ្ហា​ខ្លួនឯង តែ​បែរជា​ព្រួយបារម្ភ​កិច្ចការ​ហ្វីលីពីន​ទៅវិញ ហើយ​ចូលចិត្ត​ចង់​ឲ្យ​គេ​អនុវត្តតាម​គោលការណ៍​ខ្លួនឯង​ទៅទៀត​។​

​លោក Duterte ដែល​កំពុង​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា ក៏បាន​លើកឡើង​ការអនុវត្ត​ទោស​ប្រហារជីវិត​នៅតាម​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន ដែល​សព្វថ្ងៃ​នៅតែ​ឃើញ​មាន​ដដែល​។ បើតាម​សារព័ត៌មាន Rappler ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​បញ្ជាក់ថា​៖ «​កុំមក​ដាក់​សម្ពាធ​តែ​យើង​មួយ​។ ពីមុន ទោស​ប្រហារជីវិត គឺជា​ទោស​ពេញនិយម​មួយ​នៅក្នុង​ចំណោម​រដ្ឋ​អាស៊ាន ព្រោះ​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី និង​ព្រុយ​ណេ ក៏​មានទោស​ប្រហារជីវិត​ដែរ​»​។​

​មិន​ត្រឹមតែ​ប្រាប់​អឺរ៉ុប​ឲ្យ​បិទមាត់​កុំ​និយាយ​រឿង​ហ្វីលីពីន​ឡើយ លោក Duterte ក៏បាន​រិះគន់​អឺរ៉ុប​ដែល​ហាម​ប្រទេស​លោក​ពី​ការអនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ តែ​នៅ​អឺរ៉ុប​ផ្ទាល់​បែរជា​មាន​រដ្ឋ​សមាជិក​ខ្លះ​បន្ត​អនុវត្ត​ទោស​ប្រហារជីវិត​ទៅវិញ​។ លោក​បន្ថែមថា សភា​អឺរ៉ុប ធ្វើ​សកម្មភាព​សមាជិក​រប​ស់​ខ្លួន​គ្មាន​ទោស​ប្រហារជីវិត ប៉ុន្តែ​តាមពិត​ទោស​នេះ នៅតែ​ត្រូវបាន​អនុវត្ត​នៅ​ប្រទេស​ជាច្រើន​ដដែល​។ 

​រឿង​ទោស​ប្រហារជីវិត​នេះ ជា​បញ្ហា​ខ្វែងគំនិត​គ្នា​មួយទៀត​រវាង​អឺរ៉ុប និង​រដ្ឋាភិបាល​ប្រធានាធិបតី Duterte ។ បើតាម​សំណើ​ច្បាប់​នេះ មានតែ​ឧក្រិដ្ឋជន​ប្រព្រឹត្ត​ករណី​ធ្ងន់ធ្ងរ​ដូចជា​ការជួញដូរ​គ្រឿង​ញៀន​ប៉ុណ្ណោះ ទើប​តុលាការ​មាន​សិទ្ធិ​សម្រេច​ដាក់ទោស​ប្រហារជីវិត​បាន​។ ចំណែក​វិធីសាស្ត្រ​នៃ​ការអនុវត្ត​ទោស​មានដូចជា​ការព្យួរ​ក​, ការបាញ់​នឹង​កាំភ្លើង ឬក៏​ការចាក់​ថ្នាំ​សម្លាប់​ជាដើម​។ លោក Duterte ផ្ទាល់​ថែម​ចង់​បញ្ចូល​ករណី​រំលោភ​ចូលក្នុង​ករណី​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ប្រហារជីវិត​ផងដែរ​៕


Tag:
 អឺរ៉ុប​
  ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com