ជាតិ
កម្ពុជា​ជំរុញ​ប្រទេស​សមាជិក WTO ផ្តល់​ភាពអនុគ្រោះ​ពន្ធគយ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​
20, Mar 2017 , 8:59 pm         2410
រូបភាព

​សៀមរាប​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្ពុជា​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក WTO ផ្តល់​ភាពអនុគ្រោះ​ពន្ធគយ និង​មិន​ជាប់​កូតា សម្រួល​ដល់​វិធាន​ប្រភពដើម​ទំនិញ ផ្តល់​ភាពអនុគ្រោះ​ក្នុង​វិស័យ​សេវា រួម​នឹង​ការផ្តល់​ជំនួយ​ឲ្យ​បាន​ច្រើន​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs)​។​


​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំតុមូល​ចិន​លើក​ទី ៥ ស្តីពី​ការចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក្រោម​ប្រធានបទ «​ការអនុវត្ត​ល្អ​បំផុត​ស្តីពី​ការចូល​ជា​សមាជិក​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​» នៅ​ព្រឹក​ថ្ងៃទី ២០ មីនា សម្តេច ហ៊ុន សែន បាន​សង្ង​ត់​ធ្ងន់​ថា​៖« កាតព្វកិច្ច​ចំពោះមុខ​សម្រាប់​យើងទាំងអស់គ្នា ក្នុងនាម​ជា​ប្រទេស LDCs គឺត្រូវធ្វើ​យ៉ាងណា ឲ្យ​ការចរចា​សម្រេចបាន​ជោគជ័យ​នៅក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១១»​។​

​បន្ថែម​ពីនេះ សម្តេច ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​ប្រទេស LDCs ទាំងអស់ ចូលរួម​យ៉ាងសកម្ម​ដើម្បី​ដោះស្រាយ​បញ្ហា ទាក់ទង​នឹង​ការ​គាំពារ​កសិកម្ម​ក្នុងស្រុក ការ​ស្តុក​ទុក​ស្បៀង​បម្រុង​ដើម្បី​ធានា​សន្តិសុខ​ស្បៀង ការឧបត្ថម្ភ​ធន​លើ​វិស័យ​ជលផល ការធ្វើ​ពាណិជ្ជកម្ម​និង​បរិស្ថាន និង​ការផ្តល់​ប្រ​ពឹ​ត្ត​កម្ម​ពិសេស និង​ដោយឡែក​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ឲ្យ​បាន​ចប់សព្វគ្រប់​មុន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១១ នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​។​

​លោក ដា​វីដ ស្យា​ត អគ្គ​នាយរង​អង្គការ WTO លើកឡើងថា កិច្ចប្រជុំតុមូល​ចិន​លើក​ទី​៥ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ នឹង​រួមចំណែក​យ៉ាងសំខាន់ ដើម្បី​គាំទ្រ​សម្រាប់​ការចូល​ជា​សមាជិក​អង្គការ WTO តាមរយៈ​កិច្ចសន្ទនា​គោលការណ៍​នយោបាយ និង​ចែករំលែក​បទពិសោធន៍​នៃ​ការចូល​ជា​សមាជិក និង​ក្រោយ​ចូល​ជា​សមាជិក​។​

​ដោយឡែក លោក វ៉ាង ស៊ូ​វិ​ន អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន​វិញ​បាន​លើកឡើងថា ចិន​មាន​មោទនភាព​ដែល​បានឃើញ​កិច្ចប្រជុំតុមូល​ចិន កា្ល​យ​ជា​វេទិកា​ដ៏​សំខាន់​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​ការអភិវឌ្ឍ និង​ការអនុវត្ត​ល្អ​។​

​គួរបញ្ជាក់​កិច្ចប្រជុំតុមូល​ចិន​លើក​ទី​៥ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៣ មីនា ឆ្នាំ​២០១៧ នៅ​ខេត្តសៀមរាប​។ កិច្ចប្រជុំ​នេះ​មាន​ចំណុច​សំខាន់ៗ រួមមាន បទពិសោធន៍​ពី​ការចូល​ជា​សមាជិក​អង្គការ WTO របស់​ប្រទេស LDCs ទាំង​៩ ជាពិសេស​បទពិសោធន៍​របស់​ប្រទេស លី​បេ​រី​យ៉ា​។ និន្នាការ​ថ្មីៗ ពាក់ព័ន្ធ​នឹង​ការចូលរួមចំណែក នៃ​ការចូល​ជា​សមាជិក​របស់​ប្រទេស LDCs ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដោយ​ផ្តោតលើ​វិធាន​នានា និង​លទ្ធភាព​ជ្រៀត​ចូលក្នុង​ទីផ្សារ​។

មធ្យោបាយ​ធ្វើ​ឲ្យ​សមាជិក​នានា និង​សហគមន៍​ពាណិជ្ជកម្ម​អន្តរជាតិ អាច​ផ្តល់​ការគាំទ្រ​ដល់​ការបញ្ចប់​កិច្ចការ​ស្នើសុំ​ជា​សមាជិក​របស់​ប្រទេស កូ​ម៉ូ​រ៉ូ​ស និង​ស៊ូដង់ ឲ្យ​បាន​ឆាប់​។ វិធី​ដែល​សមាជិក​នានា អាចជួយ​ជំរុញ​ការគាំទ្រ​របស់​ពួកគេ ដល់​កិច្ច​ការស្នើ​សុំចូល​ជា​សមាជិក​របស់​ប្រទេស LDCs និង​នៅ​ដំណាក់កាល​ក្រោយ​ចូល​ជា​សមាជិក ដើម្បី​សម្រួល​សមាហរណកម្ម​ប្រទេស LDCs នៅក្នុង​សេដ្ឋកិច្ច​សាកលលោក​៕

Tag:
 ហ៊ុន សែន​
  LDCs
  WTO
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ