អន្តរជាតិ
ការប្រឆាំង​គ្រឿងញៀន​ជា​ប្រធានបទ​សំខាន់​ពេល​លោក​Duterte ជួប​មេដឹកនាំ​ថៃ​
20, Mar 2017 , 5:38 pm         1483
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte នឹង​អញ្ជើញ​ទៅដល់​ប្រទេស​ថៃ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​បន្ទាប់ពី​ចាក​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ណែនាំ​ខ្លួន​នេះ មេដឹកនាំ​ហ្វីលីពីន​នឹង​ជជែក​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចន្ទ​អូ​ចា លើ​បញ្ហា​ជាច្រើន​ជាពិសេស ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​គ្រឿងញៀន​និង ប្រឆាំង​បទឧក្រិដ្ឋ​ឆ្លងដែន​។​


​បន្ទាប់ពី​ចាកចេញ​ពី​មី​យ៉ាន់​ម៉ា បុរស​ខ្លាំង​ហ្វីលីពីន​លោក Rodrigo Duterte នឹង​បន្ត​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ថៃ​បន្តទៀត​។ ក្នុងចំណោម​រដ្ឋ​អាស៊ាន​ទាំង​១០ ថៃ​ក្លាយជា​ប្រទេស​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ណែនាំ​ខ្លួន​របស់​ប្រមុខរដ្ឋ​ហ្វីលីពីន​នេះ​។
​    ​
​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ Werachon Sukondhapatipak បាន​បញ្ជាក់ថា យន្តហោះ​លោក Duterte  ចុះចត​នៅ​ព្រលានយន្តហោះ​យោធា​នៅ​រសៀល​ថ្ងៃ​ចន្ទ ហើយ​លោក​នឹង​ជួប​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ល្ងាច​ថ្ងៃ​អង្គារ​នៅ​វិមាន​រដ្ឋាភិបាល​។

​អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែម​ផងដែរ​ថា ប្រធានបទ​សំខាន់​ដែល​ស្ថិតនៅក្នុង​របៀបវារៈ​នៃ​ជំនួប​គឺពាក់ព័ន្ធ​ការ​កម្ចាត់​គ្រឿងញៀន និង​ការបង្កើន​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ភ្នាក់ងារ​ចារកម្ម​ក៏ដូចជា​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ មេដឹកនាំ​ហ្វី​លី​ពី​ក៏​នឹង​ពិភាក្សា​ជាមួយ​មេដឹកនាំ​ថៃ​ពី​បញ្ហា​អាស៊ាន ក៏ដូចជា​ស្វែងរក​ការគាំទ្រ​ពី​រដ្ឋាភិបាល​ថៃ​ចំពោះ​ការធ្វើជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ ២០១៧​នេះដែរ​។​

​បន្ថែម​ពីនេះ ភាគី​ទាំងពីរ​ក៏​នឹង​ជជែក​ពី​ការ​ឈានទៅ​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ទ្វេភាគី ជាពិសេស​ភាគី​ក៏​បន្ត​ប​ង្រឹ​ង​ការសហការ​ដើម្បី​រក្សា​សុវត្ថិភាព និង​ធានា​ជីវភាព​រស់នៅ​របស់​ប្រជាជន​ហ្វីលីពីន​ធ្វើការ​ងារ​និង​រស់នៅ​ថៃ និង​ប្រជាជន​ថៃ​នៅ​ហ្វីលីពីន​ដូចគ្នា​។​

​បើតាម​ការបញ្ជា​ក់រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ហ្វ​លី​ពី​ន Charles Jose ឯណោះ​វិញ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រធានាធិបតី Duterte នឹង​ឆ្លៀត​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ហ្វីលីពីន​នៅ​ថៃ​។ ហើយ​លោក​ត្រូវ​បន្ត​ពិភាក្សា​ជាមួយ​មេដឹកនាំ​ថៃ​ពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ទ្វេភាគី​, ផ្លាស់ប្តូរ​យោបល់​ពាក់ព័ន្ធ​បញ្ហា​ប្រឈម​រួមគ្នា​មាន​នយោបាយ​, សង្គម​,​ថាមពល​, អប់រំ​,  កសិកម្ម និង​វិស័យ​ការពារជាតិ​ជាដើម​ដែរ​។ អនុស្សារណៈ​មួយចំនួន​គ្របដណ្តប់​វិស័យ​ទេសចរណ៍​, វិទ្យាសាស្ត្រ និង​អប់រំ​នឹងត្រូវ​ចុះហត្ថលេខា​ក្នុងជំនួប​នោះ​។​
​បន្ទាប់មកទៀត លោក Duterte ក៏​នឹង​ជួប​ជាមួយ​បណ្តា​អ្នកជំនួញ និង​អ្នកតំណាង​មកពី​សហព័ន្ធ​ឧស្សាហកម្ម​, សភាពាណិជ្ជកម្ម និង សមាគម​ធនាគារ​ថៃ​ជាច្រើន​ផ្សេងទៀត​ដែរ​ដើម្បី​សំណេះសំណាល​និង​ពិភាក្សា​ពី​គម្រោង​វិនិយោគ​ជាដើម​៕

Tag:
 Rodrigo Duterte
  សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​
  ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev123next