ជាតិ
លោក ប៊ិន ឈិន នឹងកាន់តំណែងទាំងអស់របស់សម្ដេច សុខ អាន
× ភ្នំពេញ៖ ក្រៅពីកាន់តួនាទីជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីហើយ លោក ប៊ិន ឈិន ក៏នឹងកាន់តំណែងសំខាន់ៗទាំងអស់ជំនួសសម្ដេច សុខ អាន ដែលធ្លាប់បំពេញការងារកន្លងមកដែរ។
តំណែងដែលអតីតរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច សុខ អាន ធ្លាប់ទទួលបន្ទុកកន្លងមក មានដូចជាប្រធានអាជ្ញាធរជាតិអប្សរា, ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល ,អាជ្ញាធរជាតិប្រេងកាតកម្ពុជា ក្រុមប្រឹក្សាភិបាលរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ,ក្រុមការងារពិសេសដើម្បីកាត់ទោសខ្មែរក្រហម គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា ,ក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល ,កាយរឹទ្ធជាតិកម្ពុជា ជាដើម។ តំណែងទាំងអស់នេះ នឹងត្រូវប្រគល់ឲ្យឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីលោក ប៊ិន ឈិន ជាអ្នករ៉ាប់រងទទួលបន្ទុកបំពេញការងារចំពោះមុខរដ្ឋាភិបាល ជំនួសសម្ដេច សុខ អាន វិញ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានពន្យល់តាមគោលការណ៍ច្បាប់របស់ទីស្តីការគណៈរដ្ឋមន្ត្រីថា រាល់បុគ្គលណាម្នាក់ដែលឡើងកាន់តំណែងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីជំនួសសម្ដេច សុខ អាន នោះ រូបគាត់ក៏នឹងត្រូវកាន់តំណែងសំខាន់ៗផ្សេងទៀតផងដែរ ។ ដូច្នេះលោក ប៊ិន ឈិន ដែលកំពុងទទួលខុសត្រូវនៅទីស្តីការគណៈរដ្ឋមន្ត្រីនេះ នឹងត្រូវកាន់តំណែងទាំងអស់ជំនួសសម្ដេច សុខ អាន ជាស្វ័យប្រវត្តិ។
លោក ផៃ ស៊ីផាន បានបកស្រាយដូច្នេះថា៖«ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក ប៊ិន ឈិន គាត់ជារដ្ឋមន្ត្រីទីស្តីជំនួសសម្ដេច សុខ អាន នៅពេលមានជីវិត។ ហើយនៅពេលនេះគាត់ជារដ្ឋមន្ត្រីបណ្ដោះអាសន្ន ដែលមានន័យថា គាត់កាន់តួនាទីជំនួសសម្ដេច សុខ អាន និងមានសិទ្ធិសម្រេចចិត្តគ្រប់ការងារទាំងអស់ ដើម្បីធានាប្រក្រតីភាពការងារ និងរក្សកិច្ចការរដ្ឋបាលទីស្តីការគណៈរដ្ឋមន្ត្រី…។ ចំណែកតួនាទីផ្សេងៗរបស់សម្ដេច សុខ អាន ក៏ត្រូវប្រគល់ឲ្យឯកឧត្តម ប៊ិន ឈិន គាត់ទទួលខុសត្រូវ និងសម្រេចចិត្តក្នុងការអនុម័តការងារនោះផងដែរ លើកលែងតែមានការតែងតាំងជាថ្មីពីនាយករដ្ឋមន្ត្រីទេ»។
នៅពេលសួរថា តើលោក ប៊ិន ឈិន នឹងក្លាយជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីផ្លូវការនេះតែម្ដង? ឆ្លើយតបសារព័ត៌មានថ្មីៗ លោក ផៃ ស៊ីផាន បាននិយាយថា គ្មានអ្នកណាម្នាក់ដែលអាចមានលទ្ធភាពកាន់តួនាទីជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនេះ ក្រៅពីលោក ប៊ិន ឈិន នោះទេ ព្រោះឧបនាយករដ្ឋមន្ត្រីប្រចាំការរូបនេះ ធ្លាប់កាន់ការងារមួយចំនួនជំនួសសម្តេច សុខ អាន នៅក្នុងទីស្តីការកន្លងមក។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដូច្នេះថា៖« ក្រោយពីទទួលបន្ទុកកាន់មុខងារបន្ថែមទៀតហើយ ជាគោលការណ៍ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៊ិន ឈិន គាត់គឺជារដ្ឋមន្ត្រីផ្លូវការដោយស្វ័យប្រវត្តិ ដើម្បីបន្តការងារដោះស្រាយបញ្ហានានាជំនួសសម្ដេច សុខ អាន តែម្ដង ដោយមិនចាំបាច់សុំពីរដ្ឋសភាទេ។ ប៉ុន្តែបើសិនជាសម្ដេចនាយករដ្ឋមន្ត្រី គាត់ចង់ឆ្លងទៅសភា ដើម្បីស្នើសុំការបោះឆ្នោតគាំទ្រពីរដ្ឋសភា ឲ្យឯកឧត្តម ប៊ិន ឈិន កាន់តួនាទីជារដ្ឋមន្ត្រីនោះ យើងនឹងជ្រើសតាមការបោះឆ្នោតពីរដ្ឋសភាវិញ»។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក ប៊ិន ឈិន ជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី និងជាសមាជិកនៃគណៈកម្មាធិការកណ្តាលនិងអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា ។ តំណាងរាស្ត្រមណ្ឌលព្រៃវែងរូបនេះ ក៏ធ្លាប់កាន់តួនាទីជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញទៀតផង។ក្រៅពីនេះលោក ប៊ិន ឈិន ក៏មានតួនាទីជាប្រធានក្រុមចរចាសម្រាប់គណបក្សកាន់អំណាច ដូចសម្ដេច សុខ អាន កន្លងមកដែរ។ លោក ប៊ិន ឈិន ក៏ជាបុគ្គលម្នាក់ដែលសម្ដេច ហ៊ុន សែន ជឿទុកចិត្តទៀតផង៕
Tag:
ប៊ិន ឈិន
សុខ អាន
ផៃ ស៊ីផាន
© រក្សាសិទ្ធិដោយ thmeythmey.com