លោក គឹម សុខ ដែល​រង​បណ្តឹង​ពីស​ម្តេច ហ៊ុន សែន នឹង​ឡើង​តុលាការ​ម្តងទៀត នៅ​ថ្ងៃ​អង្គារ​

ជាតិ
លោក គឹម សុខ ដែល​រង​បណ្តឹង​ពីស​ម្តេច ហ៊ុន សែន នឹង​ឡើង​តុលាការ​ម្តងទៀត នៅ​ថ្ងៃ​អង្គារ​
20, Mar 2017 , 10:59 pm         1617
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ហៅ​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារតែ​បណ្តឹង​របស់​សម្តេច ហ៊ុន សែន ទៅ​សាកសួរ​បន្ថែម នៅ​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧​។


​លោក ជូ​ង ជូ​ងី មេធាវី​របស់លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក នឹង​ចូលទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកាកោះ​របស់​ចៅក្រម​ស៊ើបសួរ​។ ប៉ុន្តែ លោក ជូ​ង ជូ​ងី មិនអាច​បញ្ជាក់​ឲ្យ​ច្បាស់​ថា​លោក គឹម សុខ នឹង​ចូលទៅ​ជួប​ចៅក្រម​ស៊ើបសួរ តាម​ដីកាកោះ ឬ​យ៉ាងណា​នោះទេ​។

​លោក ជូ​ង ជូ​ងី និយាយ​ដូច្នេះ​ថា​៖«​ក្នុងនាម​ខ្ញុំ​ជា​មេធាវី ខ្ញុំ​នឹង​អមដំណើរ​គាត់​ចូលទៅ​ជួប​ចៅក្រម​ស៊ើបសួរ​។ ប៉ុន្តែ ចំពោះ​គាត់ ទៅ​ឬ​មិន​ទៅ ខ្ញុំ​មិនអាច​បញ្ជាក់​បានទេ ព្រោះ​គាត់​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​មន្ត្រី​ពន្ធនាគារ​។ ដឹក​គាត់​ទៅ ឬ​មិន​ដឹក​ទៅ គឺ​អាស្រ័យ​លើ​មន្ត្រី​ពន្ធនាគារ​»​។
 
​លោក ជូ​ង ជូ​ងី អះអាងថា ការកោះហៅ​នេះ គឺជា​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ ដែល​ត្រូវ​សួរ​លោក គឹម សុខ បន្ថែមទៀត ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

​បើតាម​លោក គី តិច មេធាវី​របស់​សម្តេច ហ៊ុន សែន ការដាក់​ពាក្យ​ប្តឹង​នេះ គឺ​ដោយសារតែ​លោក គឹម សុខ និយាយថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ ក្នុង​បណ្តឹង​ខាងលើ សម្តេច ហ៊ុន សែន សុំ​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ ចំនួន​៥០​ម៉ឺន​ដុល្លារ​។​

​ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ហើយ តុលាការ ក៏​កោះហៅ​លោក គឹម សុខ ទៅ​សួរ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​។ បន្ទាប់ពី​សួរ​រួច តុលាការ ក៏​សម្រេចយក​លោក គឹម សុខ ទៅ​ឃុំ​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស ក្នុង​ថ្ងៃនោះ​តែម្តង ដោយ​ចោទ​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»៕


Tag:
 គឹម សុខ​
  ហ៊ុន សែន​
  តុលាការ​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ