ជាតិ
លោក គឹម សុខ ដែលរងបណ្តឹងពីសម្តេច ហ៊ុន សែន នឹងឡើងតុលាការម្តងទៀត នៅថ្ងៃអង្គារ
× ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ហៅលោក គឹម សុខ អ្នកវិភាគនយោបាយ ដែលកំពុងជាប់ពន្ធនាគារ ដោយសារតែបណ្តឹងរបស់សម្តេច ហ៊ុន សែន ទៅសាកសួរបន្ថែម នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។
លោក ជូង ជូងី មេធាវីរបស់លោក គឹម សុខ បានប្រាប់សារព័ត៌មានថ្មីៗថា លោក នឹងចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះរបស់ចៅក្រមស៊ើបសួរ។ ប៉ុន្តែ លោក ជូង ជូងី មិនអាចបញ្ជាក់ឲ្យច្បាស់ថាលោក គឹម សុខ នឹងចូលទៅជួបចៅក្រមស៊ើបសួរ តាមដីកាកោះ ឬយ៉ាងណានោះទេ។
លោក ជូង ជូងី និយាយដូច្នេះថា៖«ក្នុងនាមខ្ញុំជាមេធាវី ខ្ញុំនឹងអមដំណើរគាត់ចូលទៅជួបចៅក្រមស៊ើបសួរ។ ប៉ុន្តែ ចំពោះគាត់ ទៅឬមិនទៅ ខ្ញុំមិនអាចបញ្ជាក់បានទេ ព្រោះគាត់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ត្រីពន្ធនាគារ។ ដឹកគាត់ទៅ ឬមិនដឹកទៅ គឺអាស្រ័យលើមន្ត្រីពន្ធនាគារ»។
លោក ជូង ជូងី អះអាងថា ការកោះហៅនេះ គឺជានីតិវិធីរបស់ចៅក្រមស៊ើបសួរ ដែលត្រូវសួរលោក គឹម សុខ បន្ថែមទៀត ពាក់ព័ន្ធនឹងបណ្តឹងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
បើតាមលោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន ការដាក់ពាក្យប្តឹងនេះ គឺដោយសារតែលោក គឹម សុខ និយាយថា គណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី។ ក្នុងបណ្តឹងខាងលើ សម្តេច ហ៊ុន សែន សុំទារសំណងជំងឺចិត្តពីលោក គឹម សុខ ចំនួន៥០ម៉ឺនដុល្លារ។
ក្រោយទទួលបានពាក្យបណ្តឹងហើយ តុលាការ ក៏កោះហៅលោក គឹម សុខ ទៅសួរ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ បន្ទាប់ពីសួររួច តុលាការ ក៏សម្រេចយកលោក គឹម សុខ ទៅឃុំបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ក្នុងថ្ងៃនោះតែម្តង ដោយចោទពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»៕
Tag:
គឹម សុខ
ហ៊ុន សែន
តុលាការ
មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com