ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺទឹកនោមផ្អែមប្រភេទទី១ ខុសពីប្រភេទទី២ ដូចម្តេចខ្លះទៅ?
× សម្រាប់សង្គមស្រុកខ្មែរយើងនាពេលបច្ចុប្បន្ន ក៏មិនសូវខុសពីប្រទេសគេទេ គឺមានអ្នកជំងឺទឹកនោមផ្អែមច្រើនណាស់ ដោយសារតែកង្វះការយល់ដឹងអំពីរបៀបរស់នៅ ជាពិសេសការទទួលទានអាហារតែម្តង។ យ៉ាងណាមិញ តាមទ្រឹស្តីវេជ្ជសាស្ត្រគេបានរកឃើញថា ជំងឺទឹកនោមផ្អែមគឺជាជំងឺទាក់ទងនឹងការរំលាយអាហារ ដែលវាត្រូវបានចែកចេញជាពីរប្រភេទគឺប្រភេទទី១ និងទី២។
ចំពោះរោគសញ្ញារបស់វាវិញអាចមានដូចជា៖
• នោមញឹក ជាពិសេសពេលយប់
• រមាស់ប្រដាប់ភេទ ឬមានការបង្ករោគផ្សិត
• ស្រេកទឹក
• អស់កម្លាំង និងល្ហិតល្ហៃ
• ស្រកទម្ងន់
• របួសក្រជា
• ព្រឹលភ្នែក
ដូច្នេះដើម្បីចង់ដឹងថាជំងឺទឹកនោមផ្អែមទាំងពីរប្រភេទនេះមានលក្ខណៈខុសគ្នាដូចម្តេចនោះ សូមតាមដានជាមួយខ្ញុំដូចតទៅ៖
ជំងឺទឹកនោមផ្អែមប្រភេទទី១
អត្រានៃអ្នកកើតជំងឺនេះមានប្រហែល ៥ ទៅ១០ភាគរយប៉ុណ្ណោះនៃអ្នកជំងឺទឹកនោមផ្អែមទាំងអស់ ហើយជំងឺនេះច្រើនតែកើតឡើងលើមនុស្សអាយុក្រោម ៣០ឆ្នាំ ហើយពេលខ្លះចាប់ផ្តើមកើតមុនអាយុ ១៥ឆ្នាំក៏មានដែរ ដូច្នេះទើបគេឲ្យឈ្មោះវាម្យ៉ាងទៀតថា Juvenile Diabetes។ យ៉ាងណាមិញ ជំងឺនេះក៏ត្រូវបានគេរកឃើញទៀតថា មានការកើតឡើងលើក្មេងប្រុសច្រើនជាងគេ។
វាគឺជាប្រភេទជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីរ៉ាំរ៉ៃ ដែលច្រើនតែកើតឡើងតាមរយៈដំណរពូជ ខូចប្រព័ន្ធភាពស៊ាំ ជាពិសេសកោសិកាផលិតអ័រម៉ូនអាំងស៊ុយលីនក្នុងលំពែងខូចតែម្តង។ ដូច្នេះហើយទើបធ្វើឲ្យជាតិស្ករក្នុងឈាមមិនអាចចូលទៅចិញ្ចឹមកោសិកាបាន និងឡើងខ្ពស់ក្នុងឈាមតែម្តងទៅ។
ជំងឺទឹកនោមផ្អែមប្រភេទទី២
ជំងឺទឹកនោមផ្អែមប្រភេទទី២គឺជាជំងឺដែលកើតញឹកញាប់ជាងគេ ហើយភាគរយៈរបស់វាមានប្រហែល ៩០ភាគរយឯណោះនៃអ្នកជំងឺទឹកនោមផ្អែមទាំងអស់។ ជំងឺនេះភាគច្រើនឃើញមានលើអ្នកអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។
ទាក់ទងនឹងជំងឺនេះដែរ មូលហេតុរបស់វាអាចដោយសារតែលំពែងមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬកោសិកាទាំងអស់មិនអាចប្រើប្រាស់អាំងស៊ុយលីនដើម្បីអនុញ្ញាតិឲ្យជាតិស្ករចេញពីចរន្តឈាមចូលកោសិកាបាន។
សម្រាប់មនុស្សធាត់ជ្រុល ជាពិសេសធាត់ក្បាលពោះ អាចនឹងធ្វើឲ្យសមត្ថភាពរបស់កោសិកាចាប់យកអាំងស៊ុយលីនថយចុះបាន។ ហើយវាក៏ជាហេតុផលដ៏ចំបងបំផុតមួយនៃជំងឺទឹកនោមផ្អែមប្រភេទទី២ដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com