ពីនេះ ពីនោះ
ពាក្យ«បៀវត្ស» មិនមានន័យស្មើពាក្យ«ប្រាក់ខែ»នោះទេ!
× ភ្នំពេញ៖ មហាជនជាទូទៅ តែងតែយល់ថា ពាក្យ«បៀវត្ស ឬបៀវត្សរ៍» មានអត្ថន័យស្មើពាក្យថា«ប្រាក់ខែ»។ តាមពិតទៅ ពាក្យទាំងពីរខាងលើនេះ មានអត្ថន័យផ្ទុយគ្នាស្រឡះ។
វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា៖
បៀវត្ស ឬបៀវត្សរ៍ (ន) មានន័យថា ប្រាក់រង្វាន់ប្រចាំឆ្នាំ។ ពាក្យ«វត្ស ឬវត្សរ៍» ស្មើនិងពាក្យ«ឆ្នាំ»។ ពាក្យថា«បៀវត្ស»គឺមានន័យថា ប្រាក់ដែលព្រះមហាក្សត្រប្រោសប្រទាន១ឆ្នាំម្តង។ ពាក្យ«បៀវត្ស ឬបៀវត្សរ៍ គឺគេអាចសរសេរមួយណាក៏បានដែរ។
ជាទូទៅ គេច្រើនប្រើពាក្យបៀវត្ស ឬបៀវត្សរ៍ ដោយភ្ជាប់ជាពាក្យថា«ប្រាក់» ដែលគេតែងតែហៅ ឬសរសេរថា ប្រាក់បៀវត្សរ៍។ ពាក្យ«ប្រាក់បៀវត្ស» ត្រូវបានច្បាប់ស្ដីពី៖«សារពើពន្ធ»បានឲ្យនិយមន័យថា បៀវត្ស លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែមដែលបានទូទាត់ឲ្យដល់និយោជិត ឬដែលបានទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិតចំពោះការបំពេញសកម្មភាពបម្រើការងារ។
កន្លងមក មហាជនជាទូទៅ តែងហៅពាក្យនេះ ដោយចង់សំដៅទៅលើ«ប្រាក់ខែ»។ បើទោះបី វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត មិនបានពន្យល់ពីនិយមន័យនៃពាក្យថា«ប្រាក់ខែ» ក៏ដោយ គេអាចយល់បានថា ប្រាក់ខែ គឺចង់សំដៅលើប្រាក់ឈ្នួលប្រចាំខែ របស់អ្នកធ្វើការ(និយោជិត ឬកូនឈ្នួល)ដែលបម្រើឲ្យការងាររដ្ឋ ក្រុមហ៊ុនឯកជន សហគ្រាស…៕
© រក្សាសិទ្ធិដោយ thmeythmey.com