ជាតិ
អាជ្ញាធរ​គ្មាន​គម្រោង​ដក​ទូ ATM ឡើយ តែ​ចង់​ឲ្យ​មានការ​យកចិត្ត​ទុក​ដាក់លើ​សុវត្ថិភាព​ពលរដ្ឋ​
21, Mar 2017 , 3:41 pm        
រូបភាព
​ភ្នំពេញ​៖ បន្ទាប់ពី​មានការ​ចុះផ្សាយ​ថា អាជ្ញាធរ​គ្រោង​លុបបំបាត់​ទូ​ATM នៅតាម​ផ្លូវ​សាធារណៈ​នោះ នៅពេលនេះ​សាលា​រាជធានី​ភ្នំពេញ បាន​ចេញមក​ច្រានចោល​ព័ត៌មាន​នេះ ។ សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធថា អាជ្ញាធរ​មិនមាន​គម្រោង​លុបបំបាត់​ការដាក់​ទូ ATM នៅតាម​ផ្លូវ​សាធារណៈ​ឡើយ​។



​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បាន​បកស្រាយ​តប ​នឹង​ការរិះគន់​របស់​សាធារណជនវិញ​ថា ការណ៍​ដែល​លោក ប៉ា សុជាតិ​វង្ស បានលើកឡើង​ទាក់ទង​បញ្ហា​ទូ ATM នៅតាម​ផ្លូវ​សាធារណៈ​នោះ គឺ​មិនមែន​ក្នុង​គោលដៅ​លុបបំបាត់​ទូ ATM ទេ តែ​វា​ជាការ​ជំរុញ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ពង្រឹង​ការយកចិត្តទុកដាក់​ លើ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​សេវា​របស់​ស្ថាប័នហិរញ្ញវត្ថុ​ទាំងនេះ​។​

​លោក ម៉េ​ត មាស​ភក្តី បានបញ្ជាក់​ដូច្នេះ​ថា​៖«​កាលពី​ម្សិលមិញ​ លោក​អភិបាល​រាជធានី​ភ្នំពេញ គាត់​បានលើកឡើង​ បន្ទាប់ពី​មានការ​ផ្ទុះ​ទូ ATM​មួយ កាលពី​ថ្ងៃទី​១៨ មីនា ដែល​ខាង​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ​មិនមាន​ការថែរក្សា​ការពារ និង​មិនមាន​ការយកចិត្តទុកដាក់ ​លើ​សុ​វត្ថិភាព​ជូន​ពលរដ្ឋ ឲ្យត្រូវ​ចេះ​ជ្រើសរើស​ទីតាំង​សមរម្យ ,​ដាក់​កងកម្លាំង​សន្តិសុខ ឬ​ដាក់​បុគ្គលិក​ខ្លួន​នៅតាម​ទូ​ATM​ទាំងយប់ ​ទាំង​ថ្ងៃនោះ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​អតិថិជន​ពួកគេ​។ ដូច្នេះ​វា​មិនមែន​មានន័យថា គាត់​ចង់​ឲ្យ​លុបបំបាត់​ទូ​ATM នោះទេ តែ​វា​ជាការ​ជំរុញ​លើកទឹកចិត្ត​ ឲ្យ​ខាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​»​។​

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​និយាយថា បើ​ពុំមាន​អ្នកការពារ​សុវត្ថិភាព និង​សន្តិសុខ​នៅ​ជុំវិញ​បរិវេណ​ទូ​បើក​លុយ ATM នៅតាម​ទីសាធារណៈ​ទេ មើលទៅ​គួរតែ​លុបបំបាត់ចោល​ទាំងអស់ ពីព្រោះ​បើ​នៅតែ​ទុក​ទូATMនៅតាមផ្លូវសាធារណៈទៀត វានឹង​នាំ​ឲ្យ​មាន​បទល្មើស​ផ្សេងៗ​កើតឡើង​។ លោក ប៉ា សុជាតិ​វង្ស បានលើកឡើង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​រាជធានី ពិភាក្សា​ស្ដីពី​វិធានការ បង្ការ​ទប់ស្កាត់​សកម្មភាព​ភេរវកម្ម និង​ពិនិត្យ​លើ​ការងារ​អនុវត្ដ ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព កាលពី​ថ្ងៃទី​២០ ខែមីនា ដែល​ត្រូវបាន​សារព័ត៌មានដើមអំពិល យកមក​ចុះផ្សាយ ហើយ​ត្រូវបាន​សាធារណមតិ​រិះគន់​ជា​បន្តបន្ទាប់ ចំពោះ​ការលើកឡើង​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ​នេះ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៨ មីនា មានករណី​ផ្ទុះ​ទូ ATM របស់​ធនាគារ​កាណាឌីយ៉ា ដើម្បី​យកប្រាក់​ពី​ទូ​ATM នៅខាងមុខ​មន្ទីរពេទ្យ​កុមារ​ជាតិ ។ ប៉ុន្តែ​ជនល្មើស​មិនអាច​យកប្រាក់​ពី​ទូ​ATM បាន​តាម​បំណង​ខ្លួន​ឡើយ ដោយសារ​សំឡេង​ផ្ទុះ​លាន់ឮ​ ដល់​ប្រជាពលរដ្ឋ​នៅក្បែរនោះ ហើយ​ពួកគេ​នាំគ្នា​ផ្អើលឆោឡោ រាយការណ៍​មក​សមត្ថកិច្ច​។ មកដល់ពេលនេះ​ សមត្ថកិច្ច បានកំណត់​មុខសញ្ញា​បុរស​ម្នាក់​នោះបាន​ហើយ ប៉ុន្តែ​មិនទាន់​អាច​ស្គាល់​អត្តសញ្ញាណ ដើម្បី​ចាប់ខ្លួន​នៅឡើយ​ទេ​៕


Tag:
 សាលាក្រុង​
 ​ ម៉េ​ត មាស​ភក្តី​
 ​ ប៉ា សុជាតិ​វង្ស​
  ATM
© រក្សាសិទ្ធិដោយ thmeythmey.com