ជាតិ
នយោបាយជាតិ
តំណែងដែលសម្ដេច សុខ អាន ធ្លាប់កាន់ត្រូវបានបែងចែក…
× ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ មីនានេះ សម្ដេច ហ៊ុន សែន បានប្រតិកម្មនឹងការចុះផ្សាយមួយចំនួនទាក់ទងនឹងការកាន់តំណែងរដ្ឋបាលសំខាន់ៗរបស់សម្ដេច សុខ អាន។ សម្ដេច ហ៊ុន សែន អះអាងថា តំណែងរដ្ឋបាលដែលសម្ដេច សុខ អាន ទទួលបន្ទុកកន្លងមក មិនមែនធ្លាក់ទៅលើលោក ប៊ិន ឈិន ដែលជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ដូចការបកស្រាយរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យនោះទេ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត-សិស្ស នៅវិទ្យាស្ថានជាតិអប់រំ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ស្ថាប័នមួយចំនួនដែលសម្ដេច សុខ អាន ធ្លាប់បានកាន់នោះ ត្រូវបានរំសាយខ្លះហើយ។ ដោយឡែកស្ថាប័នមួយចំនួន ដែលនៅសល់នោះ មានដូចជា អាជ្ញាធរជាតិអប្សារា ,អាជ្ញាធរជាតិព្រះវិហារ,គណៈកម្មការជាតិយូណេស្កូកម្ពុជា និងគណៈកម្មការជាតិបេតិកភណ្ឌពិភពលោក ត្រូវបានសម្ដេច ហ៊ុន សែន ប្រកាសដាក់នៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវគ្រប់គ្រងដោយលោកស្រី ភឿង សកុណា។ ចំណែកគណៈកម្មការគ្រប់គ្រងផ្លូវដែក ត្រូវប្រគល់ជូនរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ជាអ្នកគ្រប់គ្រង។ រីឯស្ថាប័នទាក់ទងនឹងកិច្ចការកាត់ទោសខ្មែរក្រហម រួមទាំងសាលារាជបណ្ឌិត្យសភាកម្ពុជា , អាកាសចរស៊ីវិល ត្រូវស្ថិតក្រោមទីស្តីការគណៈរដ្ឋមន្ត្រី ដែលប្រគល់ទុកឲ្យលោក ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការងារនេះ ។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ធ្វើជាប្រធានកាយឫទ្ធិជាតិកម្ពុជា។ ស្ថាប័នគណៈវិស្វកម្ម ត្រូវប្រគល់ជូនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីរៈ។ សាលាភូមិន្ទរដ្ឋបាល ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈ។ សាលាវិជ្ជាជីវៈតុលាការ គឺត្រូវប្រគល់ឲ្យក្រសួងយុត្តិធម៌ ជាអ្នកទទួលបន្ទុក។
សូមស្ដាប់សំឡេង៖
សម្ដេច ហ៊ុន សែន បានបញ្ជាក់ដែរថា តួនាទីខាងលើនេះ គឺសម្ដេច បានពិភាក្សាគ្នាជាមួយសម្ដេច សុខ អាន មុនដែរហើយ នៅពេលដែលសម្ដេច សុខ អាន មិនទាន់ទទួលមរណភាព។«ហើយក៏មិនមែនបន់ឲ្យសម្ដេច សុខ អាន មរណភាព ដើម្បីនឹងកែដែរ។ បានពិភាក្សាគ្នាមួយជំហានហើយ គ្រោងនឹងយកកិច្ចការដែលទាក់ទងនឹងស្ថាប័នណា យកមកឲ្យស្ថាប័ននោះទទួលខុសត្រូវ តាំងពីមុនគាត់(សុខ អាន) ឈឺនោះ…។ ចំណែកឯកឧត្តម ប៊ិន ឈិន បានដឹងរឿងមួយចំនួនហើយ ខ្ញុំបានពិគ្រោះជាមួយគាត់ »។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។
បើតាមសម្ដេច ហ៊ុន សែន ការកែប្រែស្ថាប័នខាងលើនេះ គឺរដ្ឋាភិបាល នឹងរៀបចំកំណែទម្រង់ព្រះរាជក្រឹត្យ និងអនុក្រឹត្យ ដើម្បីឲ្យស្របតាមច្បាប់ទៀតផង។ ហើយការទម្លាក់ថវិកានោះ ក៏រដ្ឋាភិបាលត្រូវប្រគល់ជូនតាមក្រសួងដែលគ្រប់គ្រងតាមតួនាទីនីមួយៗនេះផងដែរ ពោលគឺមិនមែនទម្លាក់ថវិកាមកទីស្តីការគណៈរដ្ឋមន្ត្រីដូចមុនឡើយ៕
Tag:
អាជ្ញាធរអប្សារា
អាជ្ញាធរព្រះវិហារ
គណៈកម្មការគ្រប់គ្រងដែក
កាត់ទោសខ្មែរក្រហម
កាយរឹទ្ធិជាតិកម្ពុជា
គណៈវិស្វកម្ម
ភូមិន្ទរដ្ឋបាល
វិជ្ជាជីវៈតុលាការ
សុខ អាន
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com