កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុម​ដំរី​កូត​ឌី​វ័រ តែងតាំង​លោក Marc Wilmots ជា​គ្រូបង្វឹក​ថ្មី​របស់ខ្លួន
22, Mar 2017 , 2:48 pm        
រូបភាព
​​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូត​ឌី​វ័រ បានប្រកាស​តែងតាំង​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​កលោក Marc Wilmots ដើម្បី​ជំនួស​តំណែង​គ្រូ​ចាស់​លោក Michel Dussuyer​។ ក្រុម​ដែលមាន​រហស្សនាម​ថា «​ដំរី​» មួយ​នេះ បាន​បញ្ជាក់ថា លោក Wilmots បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧ ។​



​ក្រោយ​បញ្ចប់​តំណែង​គ្រូបង្វឹក​សញ្ជាតិ​បារាំង Michel Dussuyer ហើយ​នោះ លោក Marc Wilmots ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូត​ឌី​វ័រ​វិញ បន្ទាប់ពី​នៅ​ទំនេរ ក្រោយ​បញ្ចប់​ពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​កាលពី​ខែកក្កដា ឆ្នាំ​២១៦​កន្លងទៅ​។​

​គ្រូបង្វឹក​សញ្ជាតិ​បែលហ្ស៊ិក វ័យ​៤៨​ឆ្នាំ ធ្លាប់​ដឹកនាំ​បែលហ្ស៊ិក​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០១២ ដល់​២០១៦ ដោយ​ជួយ​ឲ្យ​ប្រទេស​នេះ​បាន​ឈានទៅ​លេង​ពាន​ពិភពលោក World Cup នៅ​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៤​។ Wilmots ត្រូវបាន​បញ្ចប់​ពី​តំណែង​ក្រោយ​ដឹកនាំ បែលហ្ស៊ិក ចាញ់​ក្រុម​ជម្រើសជាតិ​វេ​លស៍ ៣-១ នៃ​វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន​ទ្វីបអឺរ៉ុប Euro2016 នៅ​ប្រទេស​បារាំង​។​

Wilmots បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ​ជាមួយ​កូត​ឌី​វ័រ ហើយនឹង​ទទួល​ភារកិច្ច​ដឹកនាំ​ក្រុម​នៃ​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​មួយ​នេះ​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​នៃ​ពាន World Cup ឆ្នាំ​២០១៨ ក្នុងប្រទេស​រុស្ស៊ី និង​ពាន Africa Cup of Nations នៅ​ឆ្នាំក្រោយ​៕


Tag:
 កូត​ឌី​វ័រ​
  បែលហ្ស៊ិក​
  បាល់ទាត់​
  Marc Wilmots
© រក្សាសិទ្ធិដោយ thmeythmey.com