ជាតិ
ក្រុមហ៊ុន CHEVRON នឹង​បង្ហាញ​វីដេអូ​បាញ់សម្លាប់​លោក កែម ឡី នៅ​ថ្ងៃទី​៣១ មីនា​
22, Mar 2017 , 4:58 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន CHEVRON ដែលជា​ម្ចាស់​ស្ថានីយ៍​ប្រេងសាំង CALTEX នឹង​ផ្ដល់​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ពី​ការបាញ់សម្លាប់​លោក កែម ឡី នៅ​ថ្ងៃទី​៣១ មីនា ខាងមុខនេះ​។


​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ធ្លាប់​បានដាក់​លិខិតស្នើ​ទៅ​តុលាការ​អាមេរិក ដើម្បី​ស្នើ​ឲ្យ​ក្រុមហ៊ុន Chevron ដែលជា​ម្ចាស់​កម្មសិទ្ធិ​ប្រេងសាំង​ម៉ាក Caltex បញ្ចេញ​វីដេអូ​ដែល​បាន​ថត​ពី​កាមេរ៉ា​សុវត្ថិភាព​ពាក់ព័ន្ធ​ឃាតកម្ម​លើ​លោក កែម ឡី នៅ​ស្ថានីយ៍ Caltex ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ខែកក្កដា​ឆ្នាំ​២០១៦​កន្លងទៅ​។

​លោក សម រង្ស៊ី ដែល​កំពុង​រង​បទ​ចោទ​ពីស​ម្ដេច ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ករណី​លោក កែម ឡី នេះដែរ​នោះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ដូច្នេះ​ថា​៖« នៅ​ថ្ងៃ ៣១ មីនា ២០១៧ ខាងមុខនេះ យើង​នឹង​ដឹង​ពី​សេចក្តីសម្រេច​របស់​ក្រុមហ៊ុន​អាមេរិកាំង CHEVRON ដែលជា​ម្ចាស់​ស្ថានីយ៍​ប្រេងសាំង CALTEX ក្នុងការ​ផ្តល់​វីដេអូ​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ពី​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ ១០ កក្កដា ២០១៦ ក្នុង​ស្ថានីយ៍ CALTEX មួយ នៅ​រាជធានី​ភ្នំពេញ​។ កាលបរិច្ឆេទ ថ្ងៃ ៣១ មីនា ២០១៧ នេះ គឺកំណត់​ដោយ​តុលាការ​សហរដ្ឋអាមេរិក ក្នុង​រដ្ឋ CALIFORNIA ដែល​ក្រុមហ៊ុន CHEVRON មាន​ទីតាំង​របស់ខ្លួន​»​។

​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ថែមថា​៖«​ដូច្នេះ​តុលាការ​នៅ​ប្រទេស​កម្ពុជា ត្រូវ​រង់ចាំ​សេចក្តីសម្រេច​របស់​ក្រុមហ៊ុន CHEVRON ដើម្បី​យល់ដឹង​ពី​ការពិត ស្តីពី​ឃាតកម្ម​លើ​រូបលោក​បណ្ឌិត កែម ឡី ជាមុនសិន មុននឹង​ចេញ​សាលក្រម​ណាមួយ លើ​ពាក្យបណ្តឹង​ណាមួយ ស្តីពី​ការចោទប្រកាន់​ណាមួយ ទាក់ទង​ទៅនឹង​ឃាតកម្ម​នេះ​»​។​

​អ្នកស្រាវជ្រាវ និង​ជា​អ្នកវិភាគ លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦ នៅក្នុង​ស្តា​ម៉ា​ត​មួយ នា​ស្ថានីយ៍​សាំង​កាល់​តិច Caltex ក្បែរ​ស្តុ​ប​បូកគោ ក្នុង​រាជធានី​ភ្នំពេញ​។ Caltex ជា​ម៉ាក​ពាណិជ្ជកម្ម​ប្រេងសាំង​របស់​ក្រុមហ៊ុន Chevron Corporation ដែល​គេ​ប្រើ​នៅ​ជាង ៦០​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វ៊ិ​ក មជ្ឈិមបូព៌ា និង​អា​ហ្វ្រ៊ិ​ក​ខាងត្បូង​។
 
​មេធាវី​ការពារ​ក្តី​សម្ដេច ហ៊ុន សែន លោក គី តិច បានដាក់​ពាក្យ​ប្ដឹង​ឯកឧត្តម សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ សំណុំរឿង​របស់​ឯកឧត្តម សម រង្ស៊ី ដែល​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​ចោទ​រដ្ឋាភិបាល​ថា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី ក៏​ត្រូវបាន​បញ្ជូនទៅ​ជំនុំជម្រះ​រួចហើយ​។ តុលាការ​នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​របស់​ឯកឧត្តម សម រង្ស៊ី នេះ នៅ​ថ្ងៃទី​៣០ មីនា​។​

​ពាក់ព័ន្ធ​នឹង​វីដេអូ​ដែល​បាន​យក​ចេញពី​កាមេរ៉ា​នៅ​ស្ថានីយ៍​សាំង​កាល់​តិច Caltex និង​កាមេរ៉ា​សន្តិសុខ តាម​ដងផ្លូវ​ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់​លោក កែម ឡី នេះដែរ តុលាការ​ក៏បាន​បង្ហាញ​ក្នុង​សវនាការ និង​មានការ​ផ្សព្វផ្សាយ​ជា​សាធារណ​បន្ត​បន្ទាប់មក​ហើយ កាលពី​ថ្ងៃ​ដើមខែ​មីនា​កន្លងមកនេះ​។ ក្នុង​វីដេអូ​នោះ បានបង្ហាញ​ពីស​កម្ម​ភាពបុរស​ម្នាក់ ដែល​ស្លៀកពាក់​អាវដៃវែង ខោ​ខូវប៊យ និង​ពាក់មួក បាន​បាញ់សម្លាប់​លោក កែម ឡី ក្នុង​ម៉ា​ត​ក្បែ​ស្តុ​ប​បូកគោ​។ ក្រោយមក​បុរស​ម្នាក់​នោះ បាន​រត់​ឆ្ពោះ​សំដៅ​ផ្លូវ​សុធារស ហើយ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ចំណុច​មុខ​ផ្សារ​ទំនើប Aeon បានតែ​ម្ដង​។ ឃាតករ ដែល​ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន​នោះ មានឈ្មោះ ជួប សម្លាប់​៕


Tag:
 សម រង្ស៊ី​
 ​ កែម ឡី​
  Cheveron
  Caltex
© រក្សាសិទ្ធិដោយ thmeythmey.com