ជាតិ
ជួប សម្លាប់ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត ក្នុង​រឿង​ឃាតកម្ម​លោក កែម ឡី​
23, Mar 2017 , 9:40 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ឲ្យ​លោក អឿ​ត អាង ហៅ​ជួប សម្លាប់ ជាប់ពន្ធនាគារ​អស់​មួយជីវិត ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ លោក ជួប សម្លាប់ ត្រូវបាន​ចោទ​ពីបទ «​ឃាតកម្ម​គិតទុក​ជាមុន និង​ការកាន់កាប់​អាវុធ​ខុសច្បាប់​»​។ នេះជាការបញ្ជាក់របស់លោក យុង ផានិត មេធាវីរបស់លោក ជួប​ សម្លាប់ ដែលបានប្រាប់សារព័ត៌មានថ្មីៗ។



លោក យុង ផានិត ក្នុងនាមជាមេធាវី មានការសោកស្តាយ ដែលចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យលោក ជួប សម្លាប់ ជាប់ពន្ធនាគារអស់មួយជីវិតបែបនេះ។ លោក សង្កត់ធ្ងន់ថា ចៅក្រម គួរតែសម្រាលទោសកំហុសដល់លោក ជួប សម្លាប់ខ្លះ។

លោកមេធាវីរូបនេះ និយាយដូច្នេះថា៖«កន្លងមក ខ្ញុំ ក៏ធ្លាប់ស្នើសុំដែរ ព្រោះបើយើង មើលទៅ គាត់ (ជួប សម្លាប់) គួរតែទទួលបានការសម្រាលទោស»។

លោក យុង ផានិត ប្រាប់ថា លោក នឹងទៅជួបកូនក្តីរបស់ខ្លួន ដើម្បីសួរថា ប្តឹងឧទ្ធរណ៍ ឬយ៉ាងណា។ លោក យុង ផានិត បន្ថែមទៀតថា លោក នឹង
ប្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ប្រសិនបើលោក ជួប សម្លាប់ យល់ព្រម។ 

សូមបញ្ជាក់ថា លោក កែម ឡី ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​ស្តា​ម៉ា​ត​មួយកន្លែង ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ក្រោយ​ឃាតកម្ម​នេះ​កើតឡើង សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន លោក ជួប សម្លាប់ ក្នុង​ថ្ងៃនោះ​តែម្តង​៕


Tag:
 ជួប សម្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com