ជាតិ
នយោបាយជាតិ
មហាផ្ទៃថា សមាជវិសាមញ្ញ CNRP បានធ្វើផ្ទុយនឹងលក្ខន្តិកៈបក្ស
× សមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ (CNRP) កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ គឺជាការអនុវត្តផ្ទុយនឹងលក្ខន្តិកៈដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នេះបើយោងតាមលិខិតរបស់សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលផ្ញើទៅកាន់លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ CNRP។
លិខិតរបស់សម្តេច ស ខេង ចុះថ្ងៃទី២២ ខែមីនា បានកត់សម្គាល់ថា សមាជវិសាមញ្ញរបស់ CNRP ដែលបានបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធាន គឺបានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២នៃលក្ខន្តិកៈគណបក្ស ដោយអាណត្តិនៅសល់ មានរយៈពេលតិចជាង១៨ខែ គិតត្រឹមកាលបរិច្ឆេទដែលលោក សម រង្ស៊ី បានលាលែង ចេញពីតំណែងជាប្រធានគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ។
បន្ទាប់ពីត្រូវបានជ្រើសរើស ជាប្រធានគណបក្សសង្គ្រោះជាតិ នាសមាជ កាលពីព្រឹកថ្ងៃទី២ ខែមីនា លោក កឹម សុខា ក៏ទទួលបានសារជូនពរពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ តាមលិខិតចុះថ្ងៃដដែល សម្តេច ហ៊ុន សែន បានសរសេរយ៉ាងខ្លីថា៖ «នៅក្នុងឱកាសដែលឯកឧត្តម ត្រូវបានជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ ខ្ញុំសូមជូនពរឯកឧត្តម មានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ»។
ជាមួយគ្នានេះផងដែរ នៅក្នុងលិខិតផ្ញើទៅកាន់ លោក យឹម សុវណ្ណ សម្តេច ស ខេង បានស្នើឲ្យ CNRP ដកចេញនូវចំណងជើង «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដែលមានចែងក្នុងគោលនយោបាយអាទិភាព៥ចំណុចរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ។
សម្តេច ស ខេង បានគូសបញ្ជាក់ថា ចំណងជើងនេះ មានខ្លឹមសារផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ពិសេសរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងគោលការណ៍នៃប្រព័ន្ធបោះឆ្នោតសមាមាត្រ។
សម្តេច ស ខេង បានស្នើទៅកាន់លោក យឹម សុវណ្ណ ថា៖ «អាស្រ័យហេតុនេះ សូមលោកប្រធានគណៈកម្មាធិការប្រតិបត្តិជ្រាប និងចាត់ចែងអនុវត្តតាមស្មារតីខាងលើប្រកបដោយការទទួលខុសត្រូវ»៕
© រក្សាសិទ្ធិដោយ thmeythmey.com