អត្ថបទពាណិជ្ជកម្ម
CIMB ដំណើរការ​សេវា​ទូទាត់​ប្រាក់ Alipay ក្នុងប្រទេស​ម៉ាឡេស៊ី​
23, Mar 2017 , 2:29 pm        
រូបភាព
​កាលពី​ថ្ងៃទី​២២ ខែមីនា​កន្លងទៅនេះ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប (CIMB) និង​ក្រុមហ៊ុន Ant Financial ដែលជា​ក្រុមហ៊ុនមេ​របស់ Alipay និង​ជា​ក្រុមហ៊ុន​សេវា​ទូទាត់​ប្រាក់​ចល័ត និង​អន​ឡាញ​ធំ​បំផុត​ក្នុង​ពិភពលោក បានប្រកាស​នូវ​កិច្ចសហការ​ជា​ដៃគូ ដើម្បី​ដំណើរការ​សេវា​ទូទាត់​ប្រាក់ Alipay ក្នុងប្រទេស​ម៉ាឡេស៊ី ដែលជា​ការទូទាត់​ប្រាក់​ដោយ​មិនចាំបាច់​មាន​សាច់ប្រាក់ សម្រាប់​ភ្ញៀវទេសចរ​ជនជាតិ​ចិន​។ CIMB នឹង​ដើរតួនាទី​ជា​ធនាគារ ដែល​ទទួលបាន​សិទ្ធិ ក្នុងការ​សម្រួល​ដល់​ការទូទាត់​ប្រាក់ Alipay ក្នុងប្រទេស​ម៉ាឡេស៊ី ហើយ​ភ្ញៀវទេសចរ​ជនជាតិ​ចិន អាចធ្វើ​ប្រតិបត្តិការ​សេវា​ទូទាត់​ប្រាក់​របស់​ពួកគេ ជា​រូបិយប័ណ្ណ​ប្រាក់​យ័ន ដោយ​មិន​បារម្ភ​អំពី​អត្រា​ប្តូរប្រាក់ តាមរយៈ​វិធីសាស្ត្រ​ស្កេ​ន​លេខ​កូដ​ងាយៗ ដែល​ពួកគេ​បានធ្វើ​រួចទៅហើយ នៅក្នុង​ប្រទេស​ចិន​។​

​លោក Douglas Feagin ជា​អនុប្រធាន​ជាន់ខ្ពស់ នៃ​ក្រុមហ៊ុន Ant Financial បាន​ថ្លែងថា​៖ «​យើង​ពិតជា​រីករាយ​ខ្លាំងណាស់ ដែល​បានធ្វើការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ ក្នុងប្រទេស​ម៉ាឡេស៊ី និង​តំបន់​អាស៊ាន ដើម្បី​នាំយក​ភាពងាយស្រួល​របស់​សេវា​ទូទាត់​ប្រាក់ Alipay ទៅកាន់​អ្នកប្រើប្រាស់​របស់​យើង នៅ​គ្រប់ពេល និង​គ្រប់​ទីកន្លែង ដែល​ពួកគេ​ត្រូវការ​។ យើង​យល់ច្បាស់​ថា ជាមួយនឹង​បណ្តាញ​ដ៏​ធំ​ទូលាយ​របស់ខ្លួន CIMB គឺជា​ដៃគូ​សហការ​ដ៏​ឥតខ្ចោះ ក្នុង​ការផ្តល់សេវា​ទូទាត់​ប្រាក់​របស់​យើង ទៅកាន់​អ្នកទេសចរ​ជនជាតិ​ចិន ក្នុង​តំបន់​នេះ​»​។​

​លោក Tengku Dato’ Sri Zafrul Aziz ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៃ CIMB Group បាន​ឲ្យ​ដឹង​ដែរ​ថា​៖ «​ការឈាន​ចូល​របស់ Alipay គឺជា​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ថ្មី​មួយទៀត លើ​ការលូតលាស់​នៃ​សេវា​ទូទាត់​ប្រាក់​ចល័ត ក្នុងប្រទេស​ម៉ាឡេស៊ី​។ យើង​មាន​សេចក្តីត្រេកអរ ដែល​បានធ្វើការ​ជាមួយ Alipay ដើម្បី​ផ្តល់​ឲ្យ​ភ្ញៀវទេសចរ​ជនជាតិ​ចិន នូវ​បទពិសោធន៍​ទូទាត់​ប្រាក់ ប្រកបដោយ​ភាពងាយស្រួល និង​សុវត្ថិភាព​ខ្ពស់ ពេល​ស្ថិត​ក្នុងប្រទេស​ម៉ាឡេស៊ី ហើយ​យើង​មាន​គោលដៅ​ពង្រីក​សេវា​កម្មនេះ ទៅកាន់​ដៃគូ​របស់​យើង ឲ្យ​បាន​មុន​ខែឧសភា ឆ្នាំ​២០១៧ ដោយ​ទទួលបាន​ការយល់ព្រម​ពី​ធនាគារកណ្តាល​របស់​ម៉ាឡេស៊ី  (Bank Negara) កាលពីពេល​ថ្មីៗ​នេះ​រួចហើយ​។ ការរីកចម្រើន​ឈានមុខ​គេ​របស់ CIMB ទៅលើ​ប្រតិបត្តិការ​សេវា​ធនាគារ គឺ​មិន​ត្រឹមតែ​ជួយ​នាំយក​ប្រទេស​ម៉ាឡេស៊ី ទៅកាន់​សង្គម​ដ៏​មាន​សុវត្ថិភាព ដែល​ទូទាត់​ប្រា​ក់ដោយ​មិនចាំបាច់​សាច់ប្រាក់ ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្តល់​ឲ្យ​អតិថិជន​របស់​យើង នូវ​សេវា​ធនាគារ​ដ៏​សម្បូរបែប ក្នុង​តំបន់​អាស៊ាន​ផងដែរ​»​។​

​ជាមួយគ្នានេះ ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា រវាង CIMB និង​ក្រុមហ៊ុន Ant Financial ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​ឱ​ឡា​រឹក ដើម្បី​ប្រកាស​នូវ​កិច្ចសហការ​គ្នា​ជា​ផ្លូវការ ក្រោម​អធិបតីភាព​របស់លោក Douglas Feagin តំណាង​ឲ្យ​ក្រុមហ៊ុន Ant Financial និង​លោក Tengku Dato’ Sri Zafrul Aziz តំណាង​ឲ្យ CIMB​។ ក្នុងនោះ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ចូលរួម​ជា​សក្ខីភាព​ពី​លោក Dato' Sri Najib Razak នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ម៉ាឡេស៊ី / លោក Jack Ma ប្រធាន​ប្រតិបត្តិ​ក្រុមប្រឹក្សាភិបាល នៃ Alibaba Group / លោក Dato’ Sri Nazir Razak ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ CIMB Group / លោកស្រី Lucy Peng ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន Ant Financial​។​

​រហូតមកដល់​ពេលនេះ CIMB បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន Genting Malaysia Berhad / Digi Telecommunications Sdn Bhd / YTL Corporation Berhad និង Maxincome Resources Sdn Bhd ក្នុងនាម​ជា​ដៃគូ​ពាណិជ្ជកម្ម ដែល​ទទួលយក​សេវា​ទូទាត់​ប្រាក់​ចល័ត Alipay ក្នុងប្រទេស​ម៉ាឡេស៊ី​។ ដៃគូ​របស់ Alipay ក្នុងប្រទេស​ម៉ាឡេស៊ី នឹងមាន​ឱកាស​ពង្រីក​សេវា​ទូទាត់​ប្រាក់​របស់​ពួកគេ តាមរយៈ​ភ្ញៀវទេសចរ​ជនជាតិ​ចិន ដោយ​ផ្តល់នូវ​បណ្តាញ​ទូទាត់​ប្រាក់ ទៅកាន់​សាច់ប្រាក់​ចរន្ត ឬ​ផលិតផល​ប័ណ្ណឥណទាន​ចរន្ត​ជាដើម​។​

​អំពី​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី​

​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយបាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង​។ ជាមួយនឹង​អតិថិជន​សរុប​ប្រមាណ ១៩.០០០ នាក់ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួមមាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ធនាគារពាណិជ្ជ ព្រមទាំង​សេវាកម្ម​សាជីវកម្ម និង​ប្រតិបត្តិការ​ធនាគារ​ផងដែរ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខគេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារ​ឥស្លាម ក៏ដូចជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និង​ធានារ៉ាប់រង​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ បច្ចុប្បន្ននេះ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​វត្ត​មាននៅ​ប្រទេស​ចំនួន ៩ ក្នុងចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន (​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និង​ឡាវ​)​។ ក្រៅពី​តំបន់​អាស៊ាន ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏មាន​វត្ត​មាននៅ​ប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​
 
​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ១.០០០ កន្លែង គិត​ត្រឹម​ថ្ងៃទី​៣១ ខែមិថុនា ឆ្នាំ​២០១៦​។ ធនាគារ​វិនិយោគ​រប​ស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុងចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ​ទៅលើ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅក្នុង​តំបន់ ។

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឥស្លាម (CIMB Islamic)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩៧,៩% នៅក្នុង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នៀ​ហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣,៧% នៅ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូល​ប​ត្រ ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៦​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បុគ្គលិក​សរុប​ជាង ៤០.០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៦​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com