ជាតិ
សេដ្ឋកិច្ច
សណ្ឋាគារផ្កាយ៥ តម្លៃ ១០០លានដុល្លារ ចាប់ផ្ដើមសាងសង់នៅភ្នំពេញ
× ភ្នំពេញ៖ ក្រុមហ៊ុនសណ្ឋាគារ Hyatt ពីសហរដ្ឋអាមេរិក បើកការដ្ឋានសាងសង់សណ្ឋាគារផ្កាយ ៥ Hyatt Regency Phnom Penh នៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ខែមីនាកន្លងមក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។
កាលពីខែកញ្ញា ក្រុមហ៊ុន Hyatt Hotels Corporation ប្រកាសថាខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Chip Mong Group បង្កើតសណ្ឋាគារ Hyatt Regency Phnom Penh ក្នុងតម្លៃវង្វង់ ១០០លានដុល្លារ និងបើកដំណើរការនៅឆ្នាំ ២០២០ ។ សណ្ឋាគារនេះ មានកម្ពស់ ១៤ជាន់ និង២៥០បន្ទប់ ត្រូវបានស្ថាបនាលើផ្ទៃដីសរុបជាង ៧ពាន់ម៉ែត្រក្រឡា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សណ្ឋារគារនេះ នឹងរួមបញ្ចូលនូវសាលប្រជុំធំៗលំដាប់អន្តរជាតិ ហាងទំនិញ ភោជនីយដ្ឋាន កន្លែងរៀបចំពិធីផ្សេងៗ និងអគារការិយាល័យ។
លោក លាង ឃុន ម្ចាស់សណ្ឋាគារ Hyatt Regency Phnom Penh បានមានប្រសាសន៍ថា លោកជឿជាក់ថា សណ្ឋាគារនេះ នឹងអាចទាក់ទាញទេសចរ និងអ្នកជំនួញមកទីក្រុងភ្នំពេញកាន់តែច្រើន ដែលជួយជំរុញសេដ្ឋកិច្ច និងមុខមាត់ប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ដែលចូលរួមក្នុងពិធីបើកការដ្ឋាននេះ បានថ្លែងថា ការសម្រេចចិត្តវិនិយោគនេះ បានបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនលើសក្ដានុពលសេដ្ឋកិច្ច វិស័យអចលនទ្រព្យ និងទេសចរណ៍កម្ពុជា។
បើតាមរបាយការណ៍ពីក្រសួងដែនដី គិតត្រឹមឆ្នាំ២០១៦ កម្ពុជាមានសណ្ឋាការសរុប ៦៤៧កន្លែង ក្នុងនោះសណ្ឋាគារផ្កាយ៥មានចំនួន ២១ ។
គិតត្រឹមឆ្នាំ២០១៦ សណ្ឋាគារ Hyatt ដែលមានទីតាំងគោលនៅសហរដ្ឋអាមេរិក មានចំនួនសរុប ៦៦៣ នៅក្នុងប្រទេស ៥៦ជុំវិញពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com