អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានាធិបតីតួកគីព្រមានថា អឺរ៉ុបគ្មានថ្ងៃបានសុខទេបើមិនប្តូរឥរិយាបថប្រឆាំងតួកគី
× ជម្លោះការទូតរវាងតួកគីនិងរដ្ឋអឺរ៉ុបចំនួនពីរមានអាល្លឺម៉ង់និងហូឡង់នោះកាន់តែដុនដាបទៅហើយ។ មេដឹកនាំតួកគីមិនបានអត់ធ្មត់បញ្ចប់ការវាយប្រហារដោយពាក្យសម្តីលើប្រទេសអឺរ៉ុបទាំងនេះឡើយ ហើយសម្តីដែលតួកគីប្រើប្រាស់នោះកាន់តែធ្ងន់ធ្ងរជាមុនទៀត។ ប្រធានាធិបតី Recep Tayyip Erdogan បានព្រលយពាក្យនៅថ្ងៃពុធទី ២២ មីនាថា «ប្រជាជនអឺរ៉ុបមិនអាចដើរលើផ្លូវបានដោយមានសុវត្ថិភាពនិងសន្តិភាពឡើយ បើគេមិនព្រមប្តូរឥរិយាបថប្រឆាំងតួកគីដូចបច្ចុប្បន្ន។ ប៉ុន្តែមេដឹកនាំរូបនេះមិនបានពន្យល់ទេថាលោកចង់មានន័យអ្វីឲ្យប្រាកដនោះ ប៉ុន្តែគេច្បាស់ក្នុងចិត្តថា លោកចង់បញ្ជាក់ថាតួកគីនឹងសងសឹកអឺរ៉ុបវិញ។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បន្តប្រើប្រាស់ពាក្យសម្តីទិតៀន និងប្រមាថមេដឹកនាំប្រទេសអឺរ៉ុបចំនួនពីរ មានហូឡង់និងអាល្លឺម៉ង់ ដែលវាកាន់តែរុញច្រានឲ្យទំនាស់ការទូតនេះធ្លាក់កាន់តែជ្រៅក្នុងស្ថានភាពពិបាកស្តារឡើងវិញ។ អ្វីដែលធ្ងន់ធ្ងរជាងនេះ មេដឹកនាំតួកគីខាងលើបានព្រមានអឺរ៉ុបចំៗថា ប្រជាជនអឺរ៉ុបនឹងមិនអាចសូម្បីតែដើរតាមថ្នល់ដោយសុវត្ថិភាព បើសិនជាអឺរ៉ុបបន្តឥរិយាបទមិនល្អដាក់តួគី។
ការលើកឡើងបែបនេះ ដោយសារតែមេដឹកនាំតួកគីខឹងអាល្លឺម៉ង់និងហូឡង់ដាច់ក្បាលដាច់កន្ទុយព្រោះប្រទេសទាំងពីរនេះហាមមន្ត្រីជាន់ខ្ពស់តួកគីចូលទឹកដីខ្លួនដើម្បីជួយប្រជាជនតួកគីនិងឃោសនារកការគាំទ្រពីប្រជាជនក្នុងការបោះឆ្នោតប្រជាមតិកែរដ្ឋធម្មនុញ្ញបង្កើនអំណាចប្រធានាធិបតីតួកគីនៅខែក្រោយនោះ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Erdogan បានថ្លែងដូច្នេះថា៖«ប្រសិនបើអឺរ៉ុបបន្តសកម្មភាពបែបនេះ គ្មានប្រជាជនអឺរ៉ុបណានៅលើពិភពលោកអាចដើរលើផ្លូវបានដោយសុវត្ថិភាពឡើយ»។
លោកបានបន្ថែមថា៖« តួកគីទាមទារឲ្យប្រទេសទាំងនោះគោរពសិទ្ធមនុស្សនិងប្រជាធិបតេយ្យផងដែរ»។
ការលើកឡើងរបស់ប្រធានាធិបតីរូបនេះជាសារគំរាមមួយសម្រាប់អឺរ៉ុប ហើយគេមានមន្ទិលសង្ស័យផងដែរតើលោក Erdogan ចង់មានន័យយ៉ាងដូចម្តេចឲ្យប្រាកដ។ ប៉ុន្តែគេយល់បានថា អ្វីដែលលោកលើកឡើងជាការព្រមានជាមុននិងប្រាប់ថា តួកគីក៏មិនស្ទាក់ស្ទើរក្នុងការសងសឹកប្រទេសអឺរ៉ុបដែលហ៊ានមើលងាយមន្ត្រីខ្លួនឡើយ។
លោក Erdogan កន្លងមកបានលើកឡើងពីកង្វល់របស់លោកផ្ទាល់ផងដែរជុំវិញការកើនឡើងនៃនិន្នាការស្អប់ខ្ពើmប្រជាជនឥស្លាម និងរើសអើងពូជសាសន៍នៅអឺរ៉ុប ដែលវាកំពុងបំផ្លាញអត្តសញ្ញាណនិងតម្លៃអឺរ៉ុបផងដែរ។ លោកបន្តប្រៀបធៀបសកម្មភាពប្រទេសអឺរ៉ុបជាពិសេសអធិការបតីអាល្លឺម៉ង់ អែនជេឡា មឺហ្កែល ទៅនឹងមេដឹកនាំក្រុមផ្តាច់ការណាស៊ីអាល្លឺម៉ង់។
លោក Erdogan ក៏ផ្តាំផ្ញើទៅកាន់មេដឹកនាំអឺរ៉ុបផងដែរថា តួកគីមិនអាចឲ្យគេមើលងាយជាន់ឈ្លីនិង លែងសើចបានតាមចិត្តឡើយ ហើយលោកចាត់ទុកថា រដ្ឋអឺរ៉ុបមួយចំនួនដែលបានបិទទ្វារមិនឲ្យរដ្ឋមន្ត្រីតួកគីចូលទឹកដីខ្លួនជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះតួកគី។
ដោយឡែក ទោះជាប្រឈមបញ្ហាក្តី មន្ត្រីរដ្ឋាភិបាលខ្លួននឹងបន្តការឃោសនានិងជួបប្រជាជនខ្លួននៅក្នុងប្រទេសអឺរ៉ុបផ្សេងទៀត ប៉ុន្តែមិនមានការផ្សព្វផ្សាយពីប្រជាមតិដើម្បីកែប្រែរដ្ឋធម្មនុញ្ញឡើយ។
អាល្លឺម៉ង់៖ ប្រធានាធិបតី តួកគី បំផ្លាញខ្លូនឯង
តាមពិតទៅ តាំងពីសប្តាហ៍មុន បណ្តាមេដឹកនាំអឺរ៉ុបបានបន្តទទូចសុំឲ្យខាងរដ្ឋាភិបាលតួគីបញ្ឈប់រាល់ការប្រើពាក្យសម្តីទិតៀននិង វាយប្រហារប្រទេសអឺរ៉ុបផ្សេងទៀតជាពិសេសប្រៀបធៀបគេឯងទៅនឹងរបបផ្តាច់ការណាស៊ីអាល្លឺម៉ង់ ដើម្បីកុំឲ្យទំនាក់ទំនងតួកគីជាមួយអឺរ៉ុបកាន់តែល្អក់ករកខ្លាំងនិងស្តារលែងបាន។ ប៉ុន្តែវាហាក់ដូចជាគ្មានប្រសិទ្ធភាពសោះ ព្រោះតួកគីមិនយកត្រចៀកស្តាប់ឡើយ។
មេដឹកនាំតួកគីបន្តថ្កោលទោសនិងប្រដូចរដ្ឋាភិបាលអឺរ៉ុបទៅនឹងរបបដឹកនាំណាស៊ី ហើយសារព័ត៌មានតួកគីក៏បង្កើតរូបភាពអធិការបតីអាល្លឺម៉ង់ក្នុងឯកសណ្ឋានលោក អាដុហ្វ ហ៊ីត្លែរ ផងដែរ។ ហើយក្រោយពេលប្រជាមតិកែរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលលោក Erdogan ក៏ប្រហែលជានឹងពិនិត្យឡើងវិញពីទំនាក់ទំនងជាមួយអឺរ៉ុបដែរ។ បច្ចុប្បន្នតួកគីជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ តែប្រទេសនេះមិនទាន់ក្លាយជាសមាជិកសហភាពអឺរ៉ុបឡើយ។ ប៉ុន្តែតួកគីមានសារសំខាន់ខ្លាំងសម្រាប់អឺរ៉ុបនៅពេលនិយាយដល់វិបត្តិជនភៀសខ្លួន។ ដូច្នេះហើយភាគច្រើនអឺរ៉ុបមិនសូវហ៊ានធ្វើឲ្យតួកគីខ្នើសចិត្តឡើយ។
ពាក់ព័ន្ធការបន្តវាយប្រហារលើសហភាពអឺរ៉ុបដោយពាក្យសម្តីនេះ ប្រធានាធិបតីអាល្លឺម៉ង់លោកFrank-Walter Steinmeier បានរិះគន់តួកគីវិញដែរ ហើយលោកឆ្លៀតប្រាប់លោក Erdogan ផងដែរថា លោកកំពុងបំផ្លាញសមិទ្ធផលដែលខ្លួនខំកសាង។
ថ្លែងក្នុងពេលស្បថចូលកាន់តំណែង លោក Steinmeirer បានលើកឡើងដូច្នេះ៖« ការក្រឡេកមើលទៅតួកគីរបស់យើងគឺប្រកបដោយក្តីបារម្ភ។ បារម្ភត្រង់ថា គ្រប់យ៉ាងដែលតួកគីសម្រេចបានកន្លងមកនោះអាចនឹងត្រូវខ្ទេចខ្ទីរអស់ផង»។
លោកបន្តថា៖« ប្រធានាធិបតី Erdogan អ្នកកំពុងបង្កគ្រោះថ្នាក់ដល់គ្រប់យ៉ាងដែលអ្នកនិងអ្នកឯទៀតបានកសាងឡើងឡើយ។ តែយើងស្វាគមន៍សកម្មភាពទាំងឡាយណាដែលអាចដោះស្រាយបញ្ហាតានតឹងផ្នែកការទូតនេះ»។
បន្ទាប់ពីចោទថាមេដឹកនាំតួកគីអាចបំផ្លាញទំនាក់ទំនងតួកគីជាមួយប្រទេសអឺរ៉ុបនិងសមិទ្ធផលផ្សេងទៀតនោះ ប្រធានាធិបតីអាល្លឺម៉ង់ខាងលើក៏បានទាមទារឲ្យតួកគីឈប់ប្រៀបធៀបអឺរ៉ុបជាមួយណាស៊ីទៀត និងគោរពសេរីភាពសារព័ត៌មាននិងនីតិរដ្ឋឡើងវិញ។ លោកបន្ថែមថា តួកគីមិនត្រូវព្យាយាមផ្តាច់ទំនាក់ទំនងជាមួយប្រទេសដែលចង់ក្លាយជាដៃគូជាមួយតួគីឡើយ៕
Tag:
Recep Tayyip Erdogan
ហូឡង់
អាល្លឺម៉ង់
សហភាពអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com