ជាតិ
សង្គមជាតិ
លិខិត​មិត្ត​អ្នកអាន​៖ ដំណើរ​ទៅមុខ បន្ទាប់ពី​ការទម្លាក់​ការប្រាក់​មក​ត្រឹម ១៨%
23, Mar 2017 , 4:46 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​១៣ ខែ មីនា ឆ្នាំ ២០១៧ កន្លងមកនេះ ធនាគា​ជាតិ បានចេញ​សេចក្តីប្រកាស​ស្តីពី​ការកម្រិត​ការប្រាក់​អតិបរមា​ត្រឹម ១៨%​។ ការប្រកាស​នេះ ទទួលបាន​ការស្វាគមន៍ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជារាស្ត្រ​។ ផ្ទុយទៅវិញ អ្នកជំនាញ​ក្នុង​វិស័យនេះ រួមទាំង​ខ្ញុំ​ដែរ បារម្ភ​ថា ការដាក់​កម្រិត​អត្រា​ការប្រាក់​អតិបរមា​នេះ នឹង​បង្ក​អរិភាព​ក្នុង​វិស័យនេះ ទាំង​ផ្នែក​ប្រ​ត្តិ​ប​ត្ត​ការ និង​និរន្តរភាព​នៃ​សេវា​ប្រាក់កម្ចី​មាន​ទំហំ​តូច ដែល​យើង​ឲ្យ​ឈ្មោះ​មីក្រូ​(​តូច​)​ហិរញ្ញវត្ថុ​នេះ​។ អត្រា​ការប្រាក់​១៨% នឹង​បង្ក​ការលំបាក​ដល់​ប្រតិបត្តិ​ករ​មីក្រូហិរញ្ញវត្ថុ​ណា​ដែល​ផ្តល់​ប្រាក់កម្ចី​តិចជាង ៥​ពាន់​ដុល្លារ​។ ពីព្រោះថា សព្វថ្ងៃនេះ តម្លៃ​ទុន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្ចី​មកពី​ក្រៅប្រទេស គឺ​ប្រមាណ​៨% បូកផ្សំ នឹង​តម្លៃ​ប្រតិបត្តិការ​ប្រហែល​១០%​ទៀត សរុបទៅ​គឺ ប្រហែល​១៨%​ទៅហើយ​។ នេះ​នៅ​មិន​គិតដល់​ថ្លៃ​ពន្ធ     ផ្សេងៗ​ទៀតផង​។



​តប​នឹង​ការចេញ​សេចក្តីប្រកាស​នេះ សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​កោះហៅ​សមាជិក​(​ជាង ៨០​ស្ថាន​ប័ន​) មក​ប្រជុំ​ជាបន្ទាន់ ដើម្បី​ពិនិត្យ​លទ្ធភាព និង​ផលប៉ះពាល់​នៃ​សេចក្តីប្រកាស​នេះ ដល់   សមាជិក​របស់ខ្លួន​។ ជា​លទ្ធផល សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន សំយោគ​ជា​សំណើ​មួយ ជូន​ដល់​ធនាគារជាតិ ដែលជា​និយ័ត​ករ​របស់ខ្លួន អោយ​សម្របសម្រួល ចំនួន​ទី​២​ចំណុច​។

​ទី​១ គឺ រដ្ឋាភិបាល តាមរយៈ​ធនាគា​ជាតិ ត្រូវ​ដើរតួនាទី​ជា​អ្នក​លក់ដុំ (​ផ្តល់ប្រាក់​កម្ចី​) ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។ ពីព្រោះថា សព្វថ្ងៃនេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា ត្រូវ​រត់ទៅរក​ប្រាក់កម្ចី​ពី​បរទេស ដែលមាន​ការប្រាក់​ចន្លោះ​ពី ៧% ទៅ ១០% ក្នុង​១​ឆ្នាំ ហើយ​មាន​រយៈពេល​ខ្លី (​ត្រឹម ៥​ឆ្នាំ​)​។ ប្រភព​ទុន មួយចំនួនទៀត បានមកពី​ការដាក់​ប្រាក់​សន្សំ​ពី​អតិថិជន ដែលមាន​ការប្រាក់​ចន្លោះ​ពី ៧% ទៅ ១១% ក្នុង​១​ឆ្នាំ (​ត្រឹម ៣​ឆ្នាំ​)​។ តាមរយៈ​ធនាគា​ជាតិ សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជឿថា​ប្រសិទ្ធភាព និង​លទ្ធភាព​នៃ​ការរក​ប្រភព​ទុន មាន​ភាពល្អប្រសើរ​ជាង គឺ​បាន​អត្រា​ការប្រាក់​ទាប​ជាង (​អាច​ត្រឹម ២% ក្នុង​១​ឆ្នាំ​) បាន​រយៈពេល​យូរ​ជាង (​អាចមាន​រហូតដល់ ២០​ឆ្នាំ​) ហើយ​បាន​ចំនួន​ច្រើនជាង (​អាច​រហូតដល់​រាប់ពាន់​លាន​ដុល្លារ​)​។ បើ​រដ្ឋាភិបាល ដើរតួនាទី​ជា​អ្នក​បោះ​ដុំ​នោះ អត្រា​ការប្រាក់ នឹង ធ្លាក់ចុះ​យ៉ាងគំហុក​។ គឺ​ពី ២៤% ទៅ ៣៦% ក្នុង​១​ឆ្នាំ មក​ត្រឹម ១៦% ទៅ ៣០% ក្នុង​១​ឆ្នាំ​។​

​ទី​២ សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ស្នើអោយ​រដ្ឋាភិបាល​បន្ធូ​រ​បន្ថយពន្ធ​ខ្លះ​លើ​វិស័យនេះ​។ អាចជា​ពន្ធ​កាត់​ទុក ពន្ធ​នៃ​ផលចំណេញ ពន្ធ​ស្លាក​យីហោ ពន្ធ​ប្រាក់ខែ​បុគ្គលិក​ជាដើម​។ ការបន្ធូរបន្ថយ​ពន្ធ ក៏​ជា​លទ្ធភាព ដែល​អាចជួយ​អោយ​អត្រា​ការប្រាក់​ធ្លាក់​មួយកម្រិត​ថែមទៀត​ដែរ​។ យ៉ា​ច​តិច​ណាស់ ក៏បាន ត្រឹម ១%​ទៀត​ដែរ​។​

​ក៏ប៉ុន្តែ​ប្រហែលជា​រដ្ឋាភិបាល​នឹង​សួរ​ត្រឡប់​ទៅវិញ​ថា​៖ បើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចង់អោយ​រដ្ឋា​ភិ     បាល​ធ្វើ​អីចឹង តើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្លួនឯង នឹងធ្វើ​អ្វីខ្លះ ដើម្បី​ស​ម្រ​ច​គោលដៅ កម្រិត​អតិបរមា    អត្រា​ការប្រាក់​ត្រឹម ១៨%?

​បើ​យើង​គណនា​មើលទៅ បើ​យក ៣៦% (​អត្រា​ការប្រាក់​បច្ចុប្បន្ន​) - ៨% (​បើ​ធនាគា​ជាតិ​ជា​អ្នក​បោះ​ដុំ ត្រឹម​ការប្រាក់​២% ទៅ ៤%) - ១% (​ការបន្ធូរបន្ថយ​ពន្ធ​ខ្លះ​) = បានត្រឹមតែ ២៧%​ក្នុង​១​ឆ្នាំ​។ ដូច្នេះ នៅសល់ 9% (២៧%-១៨%) ទៀត គឺ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ត្រូវ​រ៉ាប់រង​ដោយ​ខ្លួនឯង​។ នេះ​នៅ​មិនទាន់​និយាយ​ដល់​បញ្ហា នៃ​ប្រតិបត្តិការ​ជំនួញ ដែល​អាច​បង្កឡើង ដោយ​ផ្នត់គំនិត​របស់​អតិថិជន ទំនុកចិត្ត​ពី​អតិថិជន​ដែល​ដាក់​ប្រាក់​សន្សំ និង​អ្ន​កវិន​យោគ (​ទាំង​ម្ចាស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អ្នក​អោយប្រាក់​កម្ចី​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​) ដោយ​ព្រោះ​ការដាក់​កម្រិត​នៃ​សេចក្តី​ក្រ​កាស​អោយ​ចាប់​អនុវត្ត មាន​រយៈពេល​តែ ៣​អាទិត្យ​ប៉ុណ្ណោះ (​ចេញ​ថ្ងៃទី​១៣​ខែ មីនា ឆ្នាំ​២០១៧ ចាប់​អនុវត្តន៍​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៧)​។​

​ក៏ប៉ុន្តែ បើ​យើង​ក្រលេកមើល​ប្រវត្តិ​នៃ​ប្រតិ​ប​ត្ត​ការ​នៃ​វិស័យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ខ្ញុំ​យល់ថា​រដ្ឋាភិបាល តាមរយៈ​ធនាគា​ជាតិ បាន​ដើរតួនាទី​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុងនាម​ជា​អាណាព្យាបាល​មួយរូប   ក្នុង​វិស័យនេះ​។ ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​ដូចជា​ប្រទេស​កម្ពុជា វិស័យ​ធនាគា និង​ហិរញ្ញវត្ថុ ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ ជាពិសេស​គឺ​ការកៀងគរ អ្នកវិនិយោក អោយ​យកប្រាក់​សុទ្ធ​មករក​ស៊ី​ជាមួយ ដើម្បី​បង្កើត​ប្រសិទ្ធភាព និង​បង្កើន​ចរន្ត​សេដ្ឋកិច្ចជាតិ​។ ឧទាហរណ៍​ជាក់ស្តែង​មួយ គឺថា ក្នុងចំណោម​ប្រាក់កម្ចី​ជិត ៤​ពាន់​លាន​ដុល្លារ គឺមាន​ជាង ៣០%(១,២០០ លាន​ដុល្លារ​) ដែល​បាន​បោះទុន​ចូល ក្នុង​វិស័យ​កសិកម្ម​។ ពីមុន​កសិកម្ម​១​ហិច​តា ត្រូវការ​កម្លាំង​មនុស្ស បួន ទៅ ប្រាំ​នាក់​ធ្វើការ​។ ឥឡូវនេះ មនុស្ស​តែ​ម្នាក់ គឺ​គាត់​មានតែ​ត្រាក់ទ័រ​មួយ គាត់​អាចធ្វើ​ស្រែ បាន​ពី ៥ ទៅ ១០​ហិច​តា​។​


​យើង ត្រូវ​ចាំ​ផងដែរ​ថា បើសិនជា​យើង​ក្រឡេក ទៅ​មើល​នៅ​ទស្សវត្ស​ទី​៩០​វិញ មិនមាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នេះ គឺ​មានតែ​អង្គការ​ប្រតិបត្តិ​ករ មីក្រូហិរញ្ញវត្ថុ និង​កម្ចី​ឯកជន ដែលមាន​អត្រា​ការប្រាក់​ពី​៦០% ក្នុង​១​ឆ្នាំ​(៥%​ក្នុង​១​ខែ​) រហូតដល់ ២៤០% ក្នុង​១​ឆ្នាំ​(២០%​ក្នុង​១​ខែ​)​។ នៅ​ឆ្នាំ ២០០០     ធនាគា​ជាតិ ក៏​ចេញ​សេចក្តីប្រកាស​ស្តីពី​ការបង្កើត​គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ ដែល​ធ្វើអោយ​អង្គការ​ប្រតិបត្តិ​ករ​មីក្រូហិរញ្ញវត្ថុ បំ​លែងខ្លួន​ទៅជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហើយក៏​នាំយក​អ្ន​កវិន​យោគ​ទុន ក្នុង​វិស័យនេះ រហូតដល់​ជាង ៤​ពាន់​លាន​ដុល្លារ​មក​បោះទុន ក្នុង​វិស័យនេះ​។ សព្វថ្ងៃនេះ មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ចុះបញ្ជី​នៅ​ធនាគា​ជាតិ​រហូតដល់​ជាង ៦០ ហើយ​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​ដែល​មិនទាន់​ចុះបញ្ជី​នៅ​ធនាគា​ជាតិ ជាង ៣០០​ថែមទៀត​។

​ក្នុងនាម​ជា​អ្នក​ធ្លាប់​ធ្វើការ និង​តាមដាន​វិស័យនេះ​ម្នាក់ ខ្ញុំ​យល់ថា ការប្រាក់ ៣%​មិនមែនជា​បន្ទុក​ធ្ងន់ធ្ងរ ដែល​ពួកគាត់​មិនអាច​រ៉ាប់រង​បាន​នោះទេ បើសិនជា​ផលរបរ របស់គាត់​នៅតែ​អាច​រកបាន​។ ឧទាហរណ៍ ផលិតផល​កសិកម្មរ​បស់​គាត់​មាន​ទីផ្សារ និង​តម្លៃ​សមរម្យ​។ គាត់​អាចធ្វើ​ស្រែ លើសពី​១​ដង ក្នុង​១​ឆ្នាំ​។ មាន​ការងារ​ស្ថិតស្ថេរ នៅក្បែ​ផ្ទះសម្បែង​របស់គាត់​។ អ្វីដែល​ធ្វើអោយ​គាត់ មាន​បំណុល​រំកោះ ដោះខ្លួន​មិន​រួច បង្ខំចិត្ត​លក់​ផ្ទះសម្បែង ដីធ្លី ធ្វើ​ចំណាកស្រុក នោះ​គឺ​មកពី​ការប្រកប​របរ​រកស៊ី ធ្វើការ​ក្នុងស្រុក មិន​កាក់កប​គ្រប់គ្រាន់​ល្មម គួបផ្សំ​នឹង​កម្រិត​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់គាត់ នៅមានកម្រិត ដោយ​ព្រោះតែ​គាត់ ជា​អ្នក​កសិករ មិនមែនជា​ពូជ​អ្នករកស៊ី គិតគូរ​កាក់ល្អិត​នោះទេ​។

​ជាក់ស្តែង គឺមាន​ការស្រាវជ្រាវ​មួយ​រកឃើញថា​៖ ប្រមាណ​៣០% នៃ​ប្រាក់កម្ចី​របស់​ពួកគាត់ គឺ​សម្រាប់​របស់របរ​ហូបចុក​ប្រើប្រាស់​ប្រចាំថ្ងៃ មិនមែន​ប្រើប្រាស់​សម្រាប់​បង្កើន​ប្រាក់ចំណូល​នោះទេ​។​

​យើង​មើល​រូបភាព​ជារួម​៖ ជា​មធ្យម ប្រជាជន​ខ្មែរ ម្នាក់​រកចំណូលបាន ខ្ទង់​ប្រហែល​១០០$ ក្នុង​១​ខែ​(GDP 2015)​។ ហើយ​ប្រាក់កម្ចី​សរុប​របស់​ប្រជាជន ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង ធនាគារ មាន​ប្រមាណ ១២​ពាន់​លាន​ដុល្លារ (​របាយការណ៍​ធនាគារ​ជាតិ ២០១៥) ដែលមាន​អ្នក​ខ្ចី​ប្រហែល ២.៥​លាន​នាក់ (​អាច​ថា ២.៥​លាន​គ្រួសារ ក្នុងចំណោម ៣​លាន​គ្រួសារ ទូទាំងប្រទេស​) ឬថា ក្នុង​១​នាក់​ជំពាក់​ប្រាក់​ប្រមាណ​ជា ៤​ពាន់​ដុល្លា ដែលមាន​រយៈពេល ២៤​ខែ ជា​មធ្យម និង​អត្រា​ការប្រាក់ ២%​ក្នុង​១​ខែ ជា​មធ្យម​។ បើ​យើង​យក ១៤​ពាន់​លាន​ដុល្លារ ចែក នឹង ២.៥​នាក់ គុណ​២%​ក្នុង​១​ខែ ហើយ ចែក នឹង ២៤​ខែ​នោះ ម្នាក់​ត្រូវ​បង់​សង​ទាំង​ការ​ទាំង​ដើម ប្រហែល ២៤០$ ក្នុង​១​ខែ​។ អីចឹង ក្នុងពេលដែល​ប្រជាជន​រកបាន​តែ ១​ខែ ១០០$ ក្នុង​១​ខែ ឬ ២០០​ដុល្លារ ក្នុង​១​ក្រុមគ្រួសារ​(​ធ្វើការ ទាំង​ប្តី ទាំង​ប្រពន្ធ​) ពេលនោះ ពួកគាត់​ច្បាស់​ណាស់ គឺ​ដល់​ដំណាក់កាល​មួយ ដែល​មិនអាច​រ៉ាប់រង​រួច​។ លទ្ធភាព​របស់​ប្រជាជន​ខ្មែរ គឺ​ម្នាក់​១​គ្រួសារ គិត​ជា​មធ្យម គឺ​មិនត្រូវ​ជំពាក់​លើសពី​១៥០$​នោះទេ​។ តាម​ការសិក្សា​(​បំណុល​វ័ណ្ឌក នៅ​ឆ្នាំ​២០១៣)​បង្ហាញថា​៖ អតិថិជន​ប្រាក់កម្ចី ប្រមាណ​៥០% មានការ​ពិបាក ក្នុង​ការសង​ត្រឡប់មក​(​សង​យឺត​) គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិញ​។​

​តាមពិតទៅ ការទម្លាក់​ការប្រាក់​អោយ​ធ្លាក់​ចុះមក​ទាប​គឺជា​ការល្អ​បំផុត បើ​អាចធ្វើ​ទៅបាន​។ ឩ​. ពីមុន​គាត់​ធ្លាប់​សង ១​ខែ ២៤០$ (៤០$​ជាការ​ប្រាក់​) ក្នុង​អត្រា​ការប្រាក់ ៣%​។ ពេល​ទម្លាក់​មក​ត្រឹម ១.៥% គឺ​គាត់ នឹង​បង់​សង​តែ ២២០$ តែ​នៅតែ​មិនអាច​អោយ​គាត់ ធូរស្រាល​នោះទេ​។ ព្រោះ​ចំនួន​ត្រូវ​សង​ត្រឡប់មកវិញ (២២០$) នោះ​គាត់​នៅតែ​មិនអាច​រត់​រួច​នោះទេ​។

​ក្រៅពី​ទម្លាក់​ការប្រាក់ និង​យោបល់​ផ្សេងៗ​ដែល​ផ្តល់​ដោយ​អ្នកជំនាញ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ ខ្ញុំ​មាន​យោបល់​បន្ថែម ៣​ចំណុច​ទៀត​៖
​ទី​១) រដ្ឋ​គួរ​ពិចារណា ផ្តល់យោបល់​ដល់​ប្រតិបត្តិ​ករ ក្នុងការ​បន្ថែម​រយៈពេល​នៃ​ការបង់​សង​ត្រឡប់មកវិញ ធ្វើយ៉ាងណា​អោយចំ​នួន​នៃ​ការសង​ត្រលប់​មកវិញ តិចជាង ១៥០$(​ទាំង​ដើម ទាំង​ការ​) ក្នុង​១​គ្រួសារ ឬ​ស្មើនឹង ៥០%​នៃ​ប្រាក់ចំណូល​ក្នុង​១​គ្រួសារ​យ៉ាងច្រើន ជាពិសេស គឺ​ការអោយ​ប្រាក់កម្ចី​ទៅ​កសិករ (​ក្រោម​៥​ពាន់​ដុល្លា​)​។ បើ​មួយ​គ្រួសារ​ជំពាក់​៤​ពាន់​ដុល្លារ ក្នុង​រយៈពេល ៥​ឆ្នាំ​នោះ ពួកគាត់​នឹង​សង​ត្រឡប់មកវិញ ប្រមាណ​ត្រឹមតែ ១០០$​ប៉ុណ្ណោះ​ក្នុង​១​ខែ ទាំង​ការ​ទាំង​ដើម​។ ចំនួន​នេះ គឺ​ពួកគាត់​អាច​រត់​រួច ដោយ​ត្រឹមតែ ប្តី ឬ ប្រពន្ធ ធ្វើការ​ជា​កម្មករសំណង់ ឬ​កម្មករ​រោងចក្រ​កាត់ដេរ  (​ក្រៅពី  រដូវ​ដាំ​ដុះ​)​។​

​ទី​២) រដ្ឋាភិបាល គួរតែ​ពិចារណា​រឹតបន្តឹង​កៀងគរ អ្នកផ្តល់​ប្រាក់កម្ចី​ក្រៅ​ប្រព័ន្ធ ដែល​គេ​គ្រប់គ្នា​ស្គាល់​ថា «​អ្នក​ចងការ​ប្រាក់​» អោយមក​ចូលក្នុង​ប្រព័ន្ធ​ច្បាប់​វិញ តាមរយៈ​ការបង្កើត​ច្បាប់ និង​ការលើកទឹកចិត្ត​ពី​រដ្ឋាភិបាល​។ ពីព្រោះថា អ្នក​ចងការ​ប្រា​ក់ឯក​ជន​ទាំងនោះ ក៏​ជា​អ្នក​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​១​ចំណែក​ដែរ​។ អ្នក​ទាំងនេះ​ផ្តល់​ភាពងាយស្រួល ក្នុងការ​ខ្ចីប្រាក់ តែ​អត្រា​ការប្រាក់​មាន​ចន្លោះ​ពី ៥% ទៅ ១០%​ក្នុង​១​ខែ​។ អ្វីដែល​ធ្វើអោយ​គាត់​វ័ណ្ឌក គឺ​ហើយ​ខ្លាច​តែ​ពួកគាត់ ខ្ចីលុយ ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទៅ​សងបំណុល​អ្នក​ចងការ​ប្រាក់​ហ្នឹងហើយ​។ ពីព្រោះ​ពួកគេ​នៅក្រៅ​ប្រព័ន្ធ ធ្វើអោយ​រដ្ឋ​ពិបាក​គ្រប់គ្រង​ថា តើ​ពួកគេ មាន​អោយ​ប្រាក់កម្ចី​ទៅ​អ្នកណាខ្លះ​។​

​ទី​៣) រដ្ឋាភិបាល​គួរតែ​ធ្វើយ៉ាងណា ដើម្បី​បង្កើត​ប្រភព​ទុន​ក្នុងស្រុក​។ ព្រោះថា ការខ្ចីប្រាក់​គេ (​ឧបមា​ថា រដ្ឋាភិបាល​ដើរតួនាទី​ជា​អ្នក​ខ្ចីប្រាក់​ពី​ក្រៅប្រទេស មកអោយ​គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ​) មិនមែនជា​យន្តការ និង​យុទ្ធសាស្ត្រ​យូរអង្វែង​ទេ​។ ប្រភព​ទុន​ក្នុងស្រុក ដែល​យើង​អាច​មើលឃើញ​ភ្លាមៗ គឺ ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ ជាង ៧០​មឺ​ន​នាក់​(​ដែលមាន​ប្រាក់ខែ​យ៉ាងតិច​១៥០​ដុល្លារ​) ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ស្រុកថៃ ជាង​១​លាន​នាក់ (​ដែល​ត្រូវ​ការផ្ញើ​លុយ​មក​ផ្ទះ​វិញ​យ៉ាងតិច ១០០​ដុល្លា​ក្នុ​រង​១​ខែ​) និង​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ជាង​៥​ម៉ឺន​នាក់ (​ដែល​ត្រូវ​ការផ្ញើ​លុយ​មក​ស្រុក​វិញ​យ៉ាងតិច ៥០០​ដុល្លា​ក្នុង​១​ខែ​)​។ បើ​យើង​យក​តួលេខ​ទាំងអស់​បូក​បញ្ចូល​គ្នា​គឺថា​៖ ១៥០ x ៧០​មឺ​ន​នាក់ + ១០០ x ១​លាន​នាក់ + ៥០០ x ៥​មឺ​ន​នាក់ = ២៣០​លាន​ដុល្លារ ក្នុង​១​ខែ ឬ ២.៧​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ នេះ​នៅ​មិនទាន់​គិតពី​វិស័យ​ផ្សេងៗ​ផង​។ បញ្ហា​នៅត្រង់ថា​៖ លុយ​ទាំងនេះ មិនបាន​នៅក្នុង​ប្រព័ន្ធ​ធនាគា​នោះទេ គឺ​នៅ​ហោប៉ៅ​បុគ្គល​រៀងៗ​ខ្លួន​។  អ្វីដែល​រដ្ឋាភិបាល​គួរ​ធ្វើ​នោះ​គឺថា គួរតែបង្កើត​គោលនយោបាយ​លើកទឹកចិត្ត កុំអោយ​ពលរដ្ឋ​ចាយ​ជា​សាច់ប្រាក់​សុទ្ធ គឺ​ចាយ​តាម​ប្រព័ន្ធ​ធនាគា​។ ឩ​. បើ ក្រុមហ៊ុន​តូចធំ​ណា បើក​ប្រាក់ខែ​បុគ្គលិក តាម​ប្រព័ន្ធ​ធនាគា នោះ​ពន្ធ​ប្រាក់ខែ​នឹង​ទាប​ជាង ការបើក​ជា​សាច់ប្រាក់​សុទ្ធ​១០%​។ ឧទាហរណ៍​មួយទៀត​៖ ពន្ធអាករ​លើ​តម្លៃបន្ថែម​(VAT)​។ បើ​អ្នកណា​ប្រើ​កាត​ធនាគារ ក្នុង​ការទិញ​ទំនិញប្រើប្រាស់​ផ្សេងៗ​នោះ រដ្ឋ​នឹង​បន្ថយពន្ធ​ពី​១០% មក​ត្រឹម​៥%​។ បើ​រដ្ឋ អាចអនុវត្ត​គោលនយោបាយ​បែបនេះ​បាន ក្រៅពី​មាន​លុយ​ក្នុង​ធនាគារ រដ្ឋ​ក៏​អាច​គ្រប់គ្រង​ចរន្ត​សាច់ប្រាក់ បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយក៏​ជា​យន្តការ​បង្កើន​ចរន្ត​សេដ្ឋកិច្ចជាតិ​ផងដែរ​។

​សព្វថ្ងៃ​មាន​អ្នកប្រើប្រាស់​ទូរ​សព្ទ​ជិត​៥០%(​របាយការណ៍​ស្រាវជ្រាវ​របស់ AsiaFoundation នៅ​ចុងឆ្នាំ​២០១៦) ប្រើប្រាស់​ទូរ​សព្ទ​សេរី​ទំនើប ដែល​អាច​ប្រើប្រាស់​សម្រាប់​ទូទាត់​សាច់ប្រាក់ ពី​ទូរស័ព្ទដៃ​បាន ហើយក៏​មាន​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ជិត​៤​លាន​នាក់​ផងដែរ​។ ដូច្នេះ គោលនយោបាយ​លើកទឹកចិត្ត​ការចាយ​ប្រាក់​តាម​ប្រព័ន្ធ​ធនាគារ មិនមាន​ជា​បញ្ហា ឬ​ឧបសគ្គ​ធំ​ទេ ហើយក៏​មិន​ចំណាយពេល​យូរ​ដែរ​។​

​ឧបមា​ថា​៖ កម្មករ​បើក​ប្រាក់ខែ​តាម​ប្រព័ន្ធ​ធនាគា គាត់​ទទួលបាន​កាត​ធនាគា​មួយ​។ ពេល​ប្រាក់ខែ​ចូលដល់​គណនី​របស់គាត់​ហើយ គាត់​មិនចាំបាច់​ទៅ​ដក​លុយ ផ្ញើ​ទៅផ្ទះ​គាត់​ទេ​។ គាត់​គ្រាន់តែ​កាន់​កាត​របស់គាត់ ទៅ​ភ្នាក់ងារ​ផ្ញើ​លុយ នោះ​គាត់​អាច​ផ្ញើ​លុយ ទៅ​អ្នកផ្ទះ​គាត់​បាន​ហើយ​។ ពេល​លុយ​ទៅដល់​គណនី​អ្នកផ្ទះ​គាត់​ហើយ គាត់​អាចយ​កកាត​ធនាគារ​របស់គាត់ ទៅកាន់​ភ្នាក់ងារ​ផ្ញើ​លុយ ហើយ​បង់ថ្លៃ​ទឹក ភ្លើង បង់​សង​ប្រាក់កម្ចី អាច​ទិញ​ម្ហូបអាហារ បន្លែ​ត្រី​សាច់​នៅ​ទីនោះ ដោយ​មិនបាច់​ដក​ប្រាក់​ចេញ​នោះទេ​។ គេ​ត្រូវ​ចាំ​ថា ភ្នាក់ងារ​វេរ​លុយ​ភាគច្រើន គឺ​សុទ្ធតែ​អ្នកលក់​ចាប់ហួយ (​លក់​អង្ករ អំបិល ប៊ីចេង របស់របរ​ប្រើប្រាស់​ផ្សេងៗ​)​។ ដូច្នេះ​បើ​គាត់​មាន​កាត​ហើយ គាត់​មិនចាំបាច់​ទៅ​ដក​លុយ ពី​ភ្នាក់ងារ​វេរ​លុយ ដែល​លក់​អំបិល ប៊ីចេង នោះទេ​។ ទី​១ ពេល​គាត់​ដក​លុយ គឺ​ត្រូវ​បង់ថ្លៃ​សេវា​ដក​ប្រាក់ ហើយ ទី​២ អាច​នឹងត្រូវ​បង់ពន្ធ​អាករ​បន្ថែម​(VAT) ថែមទៀត​។

​បើ​យើង​ផ្តល់​ជម្រើស​អោយ​គាត់​បានល្អ​គាត់​ច្បាស់​ជា​មិន​ចង់​ដក​ប្រាក់​ចេញពី​គណនី​ធនាគារ​របស់គាត់​ទេ​។ ពេលនោះ លុយ​ទាំងនោះ គឺ​ច្បាស់​ជា​វិលជុំ នៅក្នុង​ធនាគារ ដែល​ធនាគារ អាច​បង្វែរ​លុយ​ទាំងនោះ ទៅ​បោះទុន​ប្រាក់កម្ចី​ដោយ​មិនមាន​ការប្រាក់ ហើយ​ក៏មាន​រយៈពេល​វែង​ផងដែរ​។

​គោលនយោបាយ​នេះ គួរតែ​ទៅរួច​ភាគច្រើន ដោយសារតែ (​ក​) មាន​ភ្នាក់ងារ​វេរ​លុយ​ជិត ២​ម៉ឺន​កន្លែង ដែល​យ៉ាងហោចណាស់ ជាង​ពាក់កណ្តាល គឺជា​អ្នកលក់​ចាប់ហួយ បោះ​ដុំ និង​រាយ តូច និង​ធំ (​ខ​) មាន​គណនី​ធនាគារ​(​គណនី​កម្ចី​) ជាង ២.៥​លាន (​គ​) មាន​អ្នក​ប្រើ​ទូរស័ព្ទ​សេរី​ទំនើប (Smart Phone) ជាង ៣​លាន​នាក់​។​


​ជា​ចុងក្រោយ ខ្ញុំ​មាន​ជំនឿ​លើ​ធនាគារជាតិ ក្នុងការ​ដឹកនាំ និង​គ្រប់គ្រង​វិស័យនេះ អោយ​កាន់តែ​រីកចម្រើន ប្រកបដោយរ​ចីរភាព​។ តាមរយៈ​ការទម្លាក់​អត្រា​ការប្រាក់​មក​ត្រឹម ១៨%​នេះ ខ្ញុំ​ជឿថា​ប្រជារាស្ត្រ​ភាគច្រើន អបអរសាទរ ចំណាត់ការ​នេះ​។ អាច​និយាយបានថា​៖ ការទម្លាក់​ការប្រាក់​នេះ គឺ​ទទួលបាន​ការគាំទ្រ ពី​រាស្ត្រ​ភាគច្រើន​។ ខ្ញុំ​ក៏​ជឿ​ដែរ​ថា រដ្ឋាភិបាល​តាមរយៈ​ធនាគា​ជាតិ នឹង​ប្រឹងប្រែង​ផ្តល់​ការគាំទ្រ រក​វិធានការ​គ្រប់បែបយ៉ាង ក្នុង​ការផ្តល់​ទំនុកចិត្ត​ដល់​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក៏ដូចជា​អ្ន​កវិន​យោគ   ក្នុង​វិស័យនេះ ថែមទៀត​។​

​ពី​ខ្ញុំបាទ​

​យ៉ង ប៉ាក់​
Digital Financial Services Expert

Email: [email protected]


© រក្សាសិទ្ធិដោយ thmeythmey.com