ជាតិ
សុវត្តិភាព ចរាចរណ៍
អាច​រង​ពិន័យ ​រហូតដល់​ជាង​៧​ម៉ឺន​រៀល បើ​មិន​បង្ហាញ​សញ្ញា​អាសន្ន​ពេល​យានយន្ត​ខូច​លើផ្លូវ
23, Mar 2017 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកបើកបរ​យានយន្ត​ត្រូវ​រង​ពិន័យ​ប្រាក់​ពី ២​ម៉ឺន ដល់​៧​ម៉ឺន​ប្រាំ​ពាន់​រៀល ប្រសិនបើ​ពួកគេ​មិនបាន​ប្រើស​ញ្ញា​អាសន្ន ឬ​មិនបាន​ដាក់​សញ្ញា​ត្រីកោណ​ជា​ដំណឹង នៅពេល​យានយន្ត​ខូច​ដែល​មិនអាច​រំកិល​ចេញពី​ទ្រូងផ្លូវ​។ នេះ​បើតាម​មាត្រា​៧ នៃ​អនុក្រឹត្យ​ស្តីពី ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​។​



​តាម​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ថ្មី រដ្ឋាភិបាល​បាន​បង្គាប់​សមត្ថកិច្ច​ឲ្យ​ពិន័យ​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត​ទឹកប្រាក់​ចំនួន ២០០០០ (​ពីរម៉ឺន​)​រៀល​, អ្នកបើកបរ​យានយន្ត​ធុន​ស្រាល​ចំនួន ៤០០០០ (​បួន​ម៉ឺន​) រៀល និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ចំនួន ៧៥ ០០០ (​ប្រាំ​ពីរម៉ឺន​ប្រាំ​ពាន់​) រៀល​។

​ក្រៅពី​ករណី​ល្មើស​ខាងលើ អនុក្រឹត្យ​បញ្ជាក់ថា អ្នកបើកបរ​យាន​នឹងរង​ការពិន័យ​ចំនួន​ទឹកប្រាក់​ដូចគ្នា ប្រសិនបើ​ពួកគេ​ល្មើសច្បាប់​ក្នុងករណី ដូចជា ការ​អូស​ចន្ទល់​លើផ្លូវ​ថ្នល់ ឬ​ព្រ​លែ​ដៃចង្កូត ឬ​លើកជើង​ដាក់ លើ​ដៃចង្កូត​, ការបើកបរ​បង្ហោះ រេ​ចុះ​រេ​ឡើង ឆាប ឬ​កៀរ​, ការរៀបចំ​តាំង​ភ្លើង និង​ភ្លើង​សញ្ញា​យានជំនិះ មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​, ករណី​ម៉ាស៊ីន​យានយន្ត​បញ្ចេញ​សម្លេង​ខ្លាំង ឬ​ផ្សែង​ច្រើន​ខុសពី បទដ្ឋាន​បច្ចេកទេស​, ករណី​យានយន្ត​គ្មាន ឬ​មិន​ដំណើការ​នូវ​ផ្លិត​ទឹក​ជូត​កញ្ចក់​មុខ ឬ​កញ្ចក់​មុខ ឬ​កញ្ចក់ ក្រោយ​មាន​ប្រេះស្រាំ​ដែល​លំបាក​មើលផ្លូវ ឬ​គ្មាន​កញ្ចក់​មើល​ក្រោយ​។​

​បន្ថែម​លើសពី អ្នក​នឹងរង​ពិន័យ​ចំនួន​ទឹកប្រាក់​ដូចគ្នា​ផងដែរ ក្នុងករណី​ពួកគេ​បើកបរ​ហួស​ល្បឿន​កំណត់​ចាប់ពី ២០ ទៅ​២៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​, ករណី​អ្នកបើកបរ​រថយន្ត​ធ្វើ​អាជីវកម្ម​ដឹក​អ្នកដំណើ ឬ​ដឹកទំនិញ​មិនមាន សញ្ញា​សម្គាល់ ឬ​ប្រើ​សញ្ញា​សម្គាល់​មិន​ត្រឹមត្រូវ​, ករណី​រថយន្ត​ដឹកទំនិញ​មាន​គ្រោះថ្នាក់ មិនមាន​សញ្ញា​សម្គាល់ ឬ​ប្រើ​សញ្ញា​សម្គាល់​មិន​ត្រឹមត្រូវ​, ករណី​ល្មើ​សនឹង​បែបបទ​នៃ​ការ​សណ្តោង​យាន​ដូច​មានចែង ក្នុង​មាត្រា ១៤ នៃ​ច្បាប់​ស្តី​ព ចរាចរណ៍​ផ្លូវគោក និង​ចុងក្រោយ ករណី​អ្នកបើកបរ​យានយន្ត​ដែល​មិនបាន​ប្រើ​ភ្លើង​សញ្ញា​អាសន្ន ឬ​មិនបាន​ដាក់​សញ្ញា​ត្រីកោណ​ជា​ដំណឹង សម្រាប់​ការពារ​គ្រោះថ្នាក់ ក្នុងករណី​យានយន្ត​ខូច​មិនអាច​រំកិល​ចេញពី​ទ្រូងផ្លូវ​បាន​នៅ​កន្លែង​ផ្លូវ​កោង ឬ​ផ្លូវបត់ ឬ​ផ្លូវ​ចោត​។​

​អនុក្រឹត្យ​ចុះ​នៅ​ថ្ងៃទី​២១ មីនា​នេះ បាន​បន្ត​បញ្ជាក់ថា ឪពុកម្តាយ ឬ​អាណាព្យាបាល ត្រូវ​បង់ប្រាក់​ពិន័យ​អន្តរការណ៍ ប្រសិនបើ​អនីតិជន​មាន​អាយុ ក្រោម ១៥​ឆ្នាំ បាន​ប្រព្រឹត្តល្មើស​នឹង​អនុក្រឹត្យ​។ តាម​អនុក្រឹត្យ​ដដែល បុគ្គល​ដែល​មិន​សុខ​ចិត្តនឹង​សេចក្តីសម្រេច​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ពេល​អនុវត្ត​ច្បាប់ មាន​សិទ្ធិ​ប្តឹងតវ៉ា​ទៅ​ប្រធាន​អង្គភាព​ដែល​គ្រប់គ្រង​មន្ត្រី​អនុវត្ត​នោះ​ផ្ទាល់​នៅ​ទូទាំងប្រទេស រយៈពេល ៣០​ថ្ងៃ​យ៉ាងយូរ គិតពី​ថ្ងៃ​ទទួល​បង្កាន់ដៃ​ពិន័យ​អន្តរការណ៍​៕


Tag:
 ច្បាប់​
  ចរាចរណ៍​
  មហាផ្ទៃ​
  សាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com