ជាតិ
នយោបាយជាតិ
តុលាការកំពូល នឹងបើកសវនាការលើសំណើរសុំនៅក្រៅឃុំរបស់លោក នី ចរិយា នៅថ្ងៃសុក្រ លោក នី ចរិយា អគ្គលេខាធិការរងរបស់គ.ជ.ប បានឡើងតុលាការកំពូល ដើម្បីបកស្រាយពីសំណើរលើកទីមួយ ដែលលោក សុំនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីពេលកន្លងទៅ។
× ភ្នំពេញ៖ តុលាការកំពូល នឹងបើកសវនាការ លើសំណុំរឿងលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅពេលព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។ នេះជាការអះអាងរបស់លោក សំ សុគង់ មេធាវីរបស់លោក នី ចរិយា។
លោក សំ សុគង់ បានប្រាប់សារព័ត៌មានថ្មីៗថា ការបើកសវនាការនេះ គឺពាក់ព័ន្ធនឹងសំណើរសុំឲ្យដោះលែងលោក នី ចរិយា រស់នៅក្រៅឃុំជាបណ្តោះអាសន្ន។ លោក សំ សុគង់ បន្ថែមថា លោក នឹងចូលរួមក្នុងសវនាការខាងលើ ដើម្បីការពារក្តីឲ្យលោក នី ចរិយា ដែលកំពុងជាប់ពន្ធនាគារ ដោយសារតែរឿងអាស្រូវរបស់ស្រីមុំ និងឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
ទាក់ទងនឹងបណ្តឹងសាទុក្ខ ដើម្បីសុំឲ្យដោះលែងលោក នី ចរិយា តុលាការកំពូល ធ្លាប់បើកសវនាការ ម្តងរួចទៅហើយ។ ប៉ុន្តែ តុលាការកំពូល បានច្រានចោលសំណើរនេះ ដោយឲ្យលោក នី ចរិយា បន្តជាប់ឃុំដដែល។
ដោយឡែក មន្ត្រីអាដហុកបួនរូបទៀត ដែលកំពុងជាប់ពន្ធនាគារ ក្នុងសំណុំរឿងខាងលើ ក៏បានប្តឹងទៅកាន់តុលាការកំពូលផងដែរ ដើម្បីសុំនៅក្រៅឃុំជាបណ្តោះអាសន្ន។ សំណើរសុំនៅក្រៅឃុំរបស់ពួកគេ ទើបតែត្រូវបានតុលាការកំពូល បដិសេធ កាលពីប៉ុន្មានថ្ងៃមុន។
នៅក្នុងសំណុំរឿងខាងលើ លោក នី ចរិយា បានរងបទចោទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី»។ រីឯមន្ត្រីអាដហុកទាំងបួនរូប ដែលរួមមាន លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី បានរងបទចោទ «សូកប៉ាន់សាក្សី»។ អ្នកទាំងនេះ ត្រូវបានតុលាការសម្រេចឃុំខ្លួន កាលពីដើមខែឧសភា ឆ្នាំ២០១៦។ រហូតមកដល់ពេលនេះ ពួកគេ បានជាប់ពន្ធនាគារ ជិតមួយឆ្នាំហើយ៕
Tag:
អាដហុក
គជប
មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com