ទីក្រុងធំៗរបស់អឺរ៉ុបដូចជាប៉ារីស, ព្រុចសែល និងនីស បានរងការវាយប្រហារជាញឹកញាប់ពីសំណាក់ក្រុមភេរវកម្មនាពេលកន្លងមក។ ដោយឡែកទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស មានស្ថានភាពស្ងប់ស្ងាត់ស្រួលជាងគេ និងមិនដែលរងការវាយប្រហារអ្វីសោះអស់ពេលជាង១០ឆ្នាំមកនេះ។ ពោល គឺរហូតមកការវាយប្រហារថ្ងៃទី២២ ខែមីនា ដែលសម្លាប់មនុស្សចំនួន៥នាក់ និងជាង ៤០នាក់ផ្សេងរងរបួស។ ការវាយប្រហារលើកនេះ ក៏បង្ហាញពីការផ្លាស់ប្ដូរយុទ្ធសាស្ត្រវាយប្រហាររបស់ក្រុមភេរវកម្មផងដែរ។
ភេរវកម្មក្បែរសភាអង់គ្លេសថ្ងៃទី២២ ខែមីនា ជាការវាយប្រហារទ្រង់ទ្រាយធំចាប់តាំងពីភេរវកម្មឆ្នាំ២០០៥ មក។ ការវាយប្រហារនៅកណ្តាលទីក្រុងឡុងដ៍ របស់អង់គ្លេស បានធ្វើឲ្យតក់ស្លុត និងភ្ញាក់ផ្អើលខ្លាំង ព្រោះទីក្រុងនេះ បានរស់នៅដោយស្រួលអស់ពេលជាច្រើនមកហើយដែរ។ មេដឹកនាំប្រទេសជាច្រើន បាននាំគ្នាថ្កោលទោសករណី «ភេរវកម្ម»នេះ ហើយក៏បង្ហាញជំហរគាំទ្រ និងការសាមគ្គី ជាមួយប្រជាជនអង់គ្លេសផងដែរ។
ទាក់ទិនភេរវកម្មថ្ងៃទី២២ បុរសជាឧក្រិដ្ឋជន ដែលនាយករដ្ឋមន្ត្រី Theresa May បញ្ជាក់ថាកើតនៅអង់គ្លេស បានបើកឡានបុករះមនុស្សលើស្ពាន Westminster ហើយបន្តបុករបងសភាទៀត ដោយបង្កឲ្យមនុស្សយ៉ាងតិច ៥នាក់ស្លាប់ និងជាង៤០នាក់ទៀតរបួស។ បន្ទាប់មកជននោះ បានយកកាំបិតកាប់ប៉ូលិសម្នាក់ ដែលស្ថិតនៅក្នុងសភាតែម្តង។ ប៉ូលិសបានបញ្ជាក់អត្តសញ្ញាណជនដៃដល់ឈ្មោះ Khalid Masood និងមានអាយុ៥២ឆ្នាំ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺករណីវាយប្រហារនេះ កើតឡើងចំថ្ងៃតែមួយ ជាមួយការវាយប្រហារនៅក្រុងព្រុចសែល កាលពីឆ្នាំមុនដែរ។ គោលដៅនៃភេរវកម្មនៅទីក្រុងឡុងដ៍ ទំនងជាមិនត្រឹមតែសម្លាប់ ឬធ្វើឲ្យពិការអ្វីឡើយ តែដើម្បីបង្កើតចលាចល និងការភ័យខ្លាចនៅក្នុងប្រទេសនេះ។ ជាមួយការស្ងប់ស្ងាត់ជាច្រើនឆ្នាំ ការវាយប្រហារភេរវកម្មលើកនេះ ពិតជាបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាជនអង់គ្លេសមិនខានឡើយ។
ភេរវកម្មដ៏ធំចុងក្រោយដែលវាយប្រហារទីក្រុងឡុងដ៍ កើតឡើងក្នុងឆ្នាំ២០០៥ ដែលភេរវកម្មដាក់គ្រាប់បែកបំផ្ទុះ ដែលសម្លាប់មនុស្សអស់៥២នាក់ និង៧០០នាក់ទៀតរងរបួស។ នៅពេលនោះ ភេរវជន៤នាក់ ដែលជាជនជាតិអង់គ្លេស បានដាក់គ្រាប់បំផ្ទុះបីនៅស្ថានីយ៍រថភ្លើងក្រោមដី ខណៈដែលមួយគ្រាប់ទៀតដាក់បំផ្ទុះលើរថយន្តក្រុង២ជាន់។
ចាប់ពីពេលនោះមក គេមិនឃើញមានការវាយប្រហារធំដុំអ្វីលើទឹកដីអង់គ្លេស។ នេះក៏ព្រោះ ផែនការវាយប្រហារភាគច្រើន ត្រូវបានប៉ូលិសសម្ងាត់បំបែកបាន ខណៈគម្រោងវាយប្រហារខ្លះទៀត មិនបង្កផលប៉ះពាល់ដល់សតិអារម្មណ៍ធ្ងន់ធ្ងរដល់ប្រជាជនអង់គ្លេសឡើយ។ យ៉ាងណាក្ដី ទីក្រងធំៗរបស់អឺរ៉ុបដូចជារដ្ឋធានីប៉ារីស និងក្រុងនីសរបស់បារាំង, ទីក្រុងព្រុចសែលរបស់បែលហ្ស៊ិកជាដើម រងការវាយប្រហារជាញឹកញាប់ និងបានឆក់យកជីវិតមនុស្សជាច្រើនទៀតផង។
១. ក្រុមភេរវជន ដូរយុទ្ធសាស្ត្រវាយប្រហារ
ដូចការរៀបរាប់ខាងលើ បុរសដែលជាឧក្រិដ្ឋជននោះ បានបើកឡានបុករះមនុស្សលើស្ពាន Westminster ហើយបន្តបុករបងសភាទៀត មុននឹងយកកាំបិតចាក់សម្លាប់មនុស្សម្នា។ ស្រដៀងគ្នានេះ ការវាយប្រហារនៅប៉ារីស និងនីស ក៏ធ្វើឡើងដោយការប្រើកាំបិត និងការបើករថយន្តបំបុកហ្វូងមនុស្សតែម្ដង។ ចាប់ពីពេលនេះ កាំបិត និងរថយន្ត ក្លាយជាឧបករណ៍ប្រសិទ្ធភាពដើម្បីបង្កចលាចល និងការតក់ស្លុតមិនខាន។
មិនមែនជារឿងចម្លែកទេដែលភេរវជនប្រើកាំបិតដើម្បីសម្លាប់មនុស្ស ឬក៏បើកឡានជាន់មនុស្សស្លាប់តែម្ដង។ យុទ្ធសាស្ត្រវាយប្រហារបែបនេះ ត្រូវបានលើកទឹកចិត្តឲ្យប្រើពីសំណាក់ក្រុមអាល់កៃដានៅតំបន់ឧបទ្វីបអារ៉ាប់ និងក្រុមជ្រុលនិយមរដ្ឋឥស្លាមផងដែរ។ យុទ្ធសាស្ត្រនេះងាយស្រួល ព្រោះកាំបិតងាយស្រួលលាក់ តែពិបាកស្វែងរក និងអាចប្រើបានគ្រប់ពេលវេលា។ ចំណែកការបើករថយន្តបំបុក ក៏ងាយស្រួលដែរ និងមិនពិបាកដូចការប្រើគ្រឿងផ្ទុះឡើយ។
សូមរម្លឹកដែរថា ក្នុងការផែនការវាយប្រហារភេរវកម្មចំនួន១៣លើក ដែលប៉ូលិសបំបែកបាន ភេរវជនភាគច្រើន តែងគ្រោងវាយប្រហារដោយប្រើប្រាស់រថយន្ត ឬក៏អាវុធមុតស្រួច ជំនួសឲ្យការប្រើប្រាស់គ្រឿងផ្ទុះដូចជាគ្រាប់បែក ឬរំសេវ។ ការប្រើគ្រឿងផ្ទុះជាឧបករណ៍វាយប្រហារ ជាវិធីសាស្ត្រពេញនិយមរបស់ភេរវករតាំងយូរយារមកហើយ ព្រោះអាចសម្លាប់មនុស្សបានច្រើន និងអាចបង្កអស្ថិរភាពទៀតផង ប៉ុន្តែប្រឈមមុខខ្លាំងនឹងការតាមដានរបស់ប៉ូលិស។
២. នាយករដ្ឋមន្ត្រី May ប្រកាសថា អង់គ្លេសមិនទន់ទេរតាមភេរវកម្មឡើយ
មួយថ្ងៃក្រោយការវាយប្រហារភេរវកម្មកណ្ដាលក្រុងឡុងដ៍ នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បាននិយាយចំពោះមុខសមាជិកសភាថា អង់គ្លេស នឹងមិនទន់ទេរទៅតាមការគំរាមកំហែងរបស់ក្រុមភេរវករឡើយ។ លោកស្រីបានហៅភេរវកម្មថ្ងៃទី២២ ខែមីនា ជាការប៉ុនប៉ងបង្អាក់ដំណើរការប្រជាធិបតេយ្យ ប៉ុន្តែអង់គ្លេសមិនខ្លាចឡើយ ហើយការតាំងចិត្តរបស់អង់គ្លេស ក៏មិនប្រែប្រួលអ្វីទាំងអស់។
បើតាមសារព័ត៌មាន BBC លោកស្រីនាយករដ្ឋមន្ត្រី May ជឿថា ជនដៃដល់ធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ហើយក៏គ្មានគម្រោងវាយប្រហារជាសាធារណៈដទៃទៀតដែរ។ លើសពីនេះ លោកស្រី ក៏អរគុណមេដឹកនាំពិភពលោក ដែលប្រកាសថ្កោលទោសករណីភេរវកម្ម និងឈរប្រកៀកស្មា ជាមួយប្រជាជនអង់គ្លេស ក្នុងកាលៈទេសៈអាសន្ននេះ។ ពួកគេក៏ប្រកាសឈរនៅជាមួយប្រជាជន និងរដ្ឋាភិបាលអង់គ្លេស ដើម្បីប្រឈម និងប្រឆាំងចលនាភេរវកម្មអន្តរជាតិនេះ រួមគ្នាផងដែរ។៕