អន្តរជាតិ
​អាមេរិក​-​អង់គ្លេស​រកលុយ​បាន​រាប់លាន​ពី​ការលក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ធ្វើសង្គ្រាម​នៅ​យេ​ម៉ែន​
24, Mar 2017 , 3:03 pm        
រូបភាព
ប្រភព៖ Amnesty International
ប្រភព៖ Amnesty International
​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​បកអាក្រាត អាមេរិក​និង​អង់គ្លេស ដែល​បន្ត​ទាញយក​ប្រយោជន៍​ពី​ការលក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ដឹកនាំ​ទ័ព​បង្កើត​ចលាចល​និង​គ្រោះមហន្តរាយ​មនុស្សជាតិ​នៅក្នុង​ទឹកដី​យេ​ម៉ែន​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ អាមេរិក​និង​អង់គ្លេស​រកចំណូលបាន​យ៉ាងតិច ៥​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ការលក់​អាវុធ​ឲ្យ​រដ្ឋ​អារ៉ាប់​នេះ ហើយ​វា​ជា​រឿង​អាម៉ាស​បំផុត​ដែល​ទាំង​អាមេរិក​និង​អង់គ្លេស​ចំណាយ​ត្រឹម ៤៥០​លាន​ប៉ុណ្ណោះ​ក្នុង​ក្របខណ្ឌ​ជំនួយ​សម្រាប់​យេ​ម៉ែន​ពីរ​ឆ្នាំ​មកនេះ​។​



​អាមេរិក​និង​អង់គ្លេស​រង​ការ​ថ្កោលទោស​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ដោយសារ​មហាអំណាច​ទាំងពីរ​រង​ការចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​យេ​ម៉ែន​ដែល​បង្កដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​រដ្ឋ​អាមេរិក​ផ្សេងទៀត​។ មហាអំណាច​ទាំងពីរ​ជាប់​ឈ្មោះ​ដោយសារតែ​គេ​មិន​អើពើ​រឿង​បំពាន​សិទ្ធិមនុស្ស ហើយ​បន្ត​លក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ទៀត​។ វា​ជា​រឿង​អាម៉ាស​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​សម័យ​ទំនើប​។​



​មកដល់​ថ្មីៗ​នេះ​ទៀត អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​មហាអំណាច​ទាំងពីរ​ថែមទៀត ដោយ​លើកឡើង​ពី​ជំនួញ​អាវុធ​អាមេរិក​និង​អង់គ្លេស​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​បន្ត​តាំង​សង្គ្រាម​យេ​ម៉ែន​ផ្ទុះឡើង​នៅ​ខែមីនា​ឆ្នាំ ២០១៥​មក​នោះ​។​

​គេ​វាយតម្លៃថា អាមេរិក​និង​អង់គ្លេស​បាន​លក់​អាវុធ​ក្នុង​ទំហំ​ទឹកប្រាក់​យ៉ាងតិច ៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​នេះ​ដឹកនាំ​រដ្ឋ​សម្ព័ន្ធ​អារ៉ាប់​ចូល​វាយប្រហារ​ក្រុម​ឧទ្ទាម Houthi ដែលជា​ក្រុម​និយម​និកាយ​ស៊ី​អ៊ី​ត​នោះ​។ បើតាម​ការវាយតម្លៃ​នេះ លុយ​ដែល​មហាអំណាច​ទាំងពីរ​ទទួលបាន​ពី​ការបង្កើត​ឧក្រិដ្ឋកម្ម​នៅ​យេ​ម៉ែន វា​ច្រើនជាង​លុយ​ដែល​អាមេរិក​និង​អង់គ្លេស​ផ្តល់​ឲ្យ​យេ​ម៉ែន​ក្នុង​ជំនួយ​អភិវឌ្ឍ​ចំនួន ១០​ដង​។ លុយ​ជំនួយ​ផ្តល់​ឲ្យ​យេ​ម៉ែន​មាន​ទំហំ​ប្រហែល ៤៥០​លាន​ប៉ុណ្ណោះ​ក្នុងពេល​ពីរ​ឆ្នាំ​មកនេះ​។​

«​ជម្លោះ​កើតឡើង​ពីរ​ឆ្នាំ​មកនេះ​បាន​បង្ខំ​ឲ្យ​មនុស្ស ៣​លាន​នាក់​រត់​ភៀសខ្លួន និង​សម្លាប់​ជន​ស៊ីវិល​រាប់ពាន់នាក់ ដែល​វា​បាន​រុញច្រាន​ឲ្យ​យេ​ម៉ែន​ធ្លាក់​ជ្រៅ​ក្នុង​គ្រោះមហន្តរាយ​មនុស្សជាតិ​។ មនុស្ស ១៨​លាន​នាក់​កំពុង​ត្រូវការ​ជំនួយ​។ ទោះ​ជាមាន​ប្រទេស​ច្រើន​ផ្តល់ជំនួយ​ដល់​យេ​ម៉ែន​ដើម្បី​សង្គ្រោះ​ប្រជាជន​ដែល​កំពុង​រងទុក្ខវេទនា​ក៏ដោយ  ប្រទេស​ជាច្រើន​ផ្សេងទៀត​បន្ត​ផ្ទេរ​អាវុធ​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ឲ្យ​គេ​ធ្វើសង្គ្រាម​»​។ នេះ​ជាការ​បញ្ជាក់​របស់ អគ្គនាយករង​ទទួលបន្ទុក​ស្រាវជ្រាវ​នៃ​អង្គការ​លើកលែងទោស​អន្តរជាតិ​លោក Lynn Maalouf​។​



​ក្រៅពី​ថ្កោលទោស​បណ្តា​ភាគី​ដែល​បង្ក​គ្រោះមហន្តរាយ​មនុស្សជាតិ​នៅ​យេ​ម៉ែន​នេះ មន្ត្រី​អង្គការ​អន្តរជាតិ​រូបនេះ​ក៏បាន​អំពាវនាវ​ឲ្យ​បណ្តា​សហគមន៍​អន្តរជាតិ​ប្រញាប់​ជួយ​ដោះស្រាយ​បញ្ហា​និង​ដាក់​បម្រាម​លក់​អាវុធ​និង​បង្កើត​ការស៊ើបអង្កេត​ត្រឹមត្រូវ​និង​ពេញលេញ​មួយ​លើ​ករណី​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដែល​បង្កដោយ​ភាគី​ទាំងអស់​ដែល​ពាកព័ន្ធ​នោះ​។

​លោក Maalouf បានបញ្ជាក់​ដូច្នេះ​៖ «​បណ្តា​រដ្ឋ​ទាំងអស់​រួមទាំង​អាមេរិក​និង​អង់គ្លេស​ផង​នោះ​ត្រូវ​បញ្ចប់​ការហូរចូល​នៃ​អាវុធ​គ្រប់​ប្រភេទ​ដែល​អាច​ប្រើប្រាស់​ដើម្បី​ប្រព្រឹត្ត​បទឧក្រិដ្ឋ​សង្គ្រាម និង​បំពារបំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ធ្ងន់ធ្ងរ​នៅ​យេ​ម៉ែន​នោះ​»៕


Tag:
 Amnesty International
  អាមេរិក​
 ​អង់គ្លេស​
 ​ យេ​ម៉ែន
© រក្សាសិទ្ធិដោយ thmeythmey.com